ព័ត៌មានភូមិភាគភ្នំពេញ

មេក្រុមកាយឫទ្ធិ ត្រូវធ្វើជាបងដែលចេះស្រឡាញ់ គោរព និងបម្រើ

តាកែវ៖ ការិយាល័យយុវជន ជំទង់និងកុមារ ភូមិភាគភ្នំពេញ បានរៀបចំសិក្ខាសាលា​សម្រាប់​មេ​ក្រុមកាយឫទ្ធិក្រោមប្រធានបទ “ខ្ញុំអាចធ្វើបាន” ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅ​ព្រះសហគមន៍សន្តីតេរេសានៃព្រះកុមារយេស៊ូព្រៃកប្បាស់។ កម្មវិធីនេះមានការចូលរួម​ពី​មេក្រុមកាយឫទ្ធិទូទាំងភូមិភាគភ្នំពេញ ចំនួន១៥០នាក់ និងមាន៧នាក់មកពីខេត្តបន្ទាយ​មាន​ជ័យ។

ក្នុងធម្មទេសនាបិទសិក្ខាសាលានេះ លោកអភិបាលអូលីវីយេ បានផ្តាំផ្ញើដល់មេក្រុម​កាយ​ឫទ្ធិទាំងអស់ដោយបញ្ជាកថា មេក្រុមមិនមែនជាក្រុមដែលស្តីឲ្យ ដែលបញ្ជា ដល់កុមារដែល​មក​ទទួលការអប់រំពីខ្លួនឡើយ ប៉ុន្តែមេក្រុមជាបងដែលចេះស្រឡាញ់ ដែលចេះគោរព និង​ដែល​ចេះបម្រើ។ លោកបន្តថា មេក្រុមជាអ្នកដែលណែនាំឲ្យកុមារម្នាក់ៗរីកចម្រើន ដើម្បីឲ្យចុងឆ្នាំកុមារ​ទាំង​អស់អាចនិយាយបានថា “ខ្ញុំអាចធ្វើបាន” តាមរយៈគំរូការគោរព ឥរិយាបទ និងចរិត របស់មេក្រុមជា​អ្នក​បម្រើ ដែលជាអ្នកជួយ​ឲ្យកុមារ​អាចធ្វើបាន។

លោកអភិបាលក៏បានជំរុញមេកាយក្រុមកាយឫទ្ធិទាំងអស់ យកចិត្ត​ទុក​ដាក់បង្កើត​បរិយាកាស ពោរពេញដោយអំណរសប្បាយ ពោរពេញដោយ​ភាពកក់ក្តៅ ដើម្បី​ឲ្យកូនក្មេងទាំងអស់ពេញមួយឆ្នាំខាងមុខនេះ អាចរីកចម្រើននៅក្នុងជីវិតគេ និងអាចរក​ឃើញ​ចម្លើយសម្រាប់ជីវិតរបស់គេ ដោយរកឃើញកិត្តិយស​និងមោទនភាពសម្រាប់​ជីវិតរបស់​គេ។

លោក ស៊ាន់ សារឿន ជាប្រធានការិយាល័យយុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ បានប្រាប់ថា ការិយាល័យបានរៀបចំសិក្ខាសាលាបើកឆ្នាំកាយឫទ្ធិ ដើម្បីឲ្យមេក្រុមកាយ​ឫទ្ធិ​បាន​ទទួលមេរៀនថ្មីក៏ដូចជាប្រធានបទថ្មី គឺ​ “​ខ្ញុំអាចធ្វើបាន” ជាប្រធានបទមួយ ដែលប្លែក ដើម្បី​ឲ្យមេក្រុមកាយឫទ្ធិ អាចយកទៅបង្រៀនកុមារកាយឫទ្ធិ​តាមព្រះសហគមន៍នីមួយៗ​ក្នុង​ភូមិភាគ​ភ្នំពេញ។ ម្យ៉ាងវិញទៀត “ខ្ញុំអាចធ្វើបាន” ក៏ជាប្រធានបទមួយដែលទាក់ទង​នឹងចំណេះ​សង្គម ដែលកុមារបានជួបប្រទះជារៀងរាល់ថ្ងៃ។

លោកក៏សង្ឃឹមថា តាមរយៈសិក្ខាសាលា នេះ មេ ក្រុមកាយឫទ្ធិទាំងអស់ ទទួលបានចំណេះដឹងក៏ដូចជាមេរៀន​ដ៏ល្អប្រសើរពី​ការិយាល័យ ដើម្បី​យកទៅអាចអភិវឌ្ឍន៍កុមារកាយឫទ្ធិបាន។

លោកសារឿន បានបញ្ជាក់ថា នៅក្នុងឆ្នាំនេះ​ក្រៅពីមេក្រុមកាយឫទ្ធិក្នុងភូមិភាគភ្នំពេញ ក៏មានមេក្រុមកាយឫទ្ធិមក​ពីសាលា​សាវីយេជេស្វីត​ខេត្តបន្ទាយមានជ័យ បានសុំចូលរួមជាមួយយើង។

ជាមួយគ្នានេះលោក ប្រធានការិយាល័យយុវជន ក៏អរគុណ​ដល់មេក្រុមកាយ​ឫទ្ធិ​ទាំង​អស់ ដែលបានចំណាយពេល ដើម្បីបម្រើដល់ព្រះសហគមន៍កាតូលិកនិងសង្គម តាមរយៈ​កម្ម​វិធី​កាយ​ឫទ្ធិ ដើម្បីឲ្យកុមារបានទទួលការអប់រំដ៏ពិតប្រាកដ ដោយធ្វើឲ្យ​កុមារ​បាន​ទទួល​អំណរ​សប្បាយ និងមានការផ្លាស់ប្តូរ ជាពិសេស ដើម្បីឲ្យកុមារមានសុជីវធម៌ល្អ សីលធម៌ល្អ។ លោកសូមអរគុណដល់លោកអភិបាល ដែលតែងតែជំរុញ គាំទ្រ លើកទឹកចិត្ត ផ្តល់​ជា​គំនិត​ទស្សនៈ ធ្វើដូចម្តេចដើម្បីឲ្យកម្មវិធីកាយឫទ្ធិ​ក្នុងភូមិភាគភ្នំពេញមានការរីកចម្រើន។

អ្នកគ្រូ សុខ ដានេ ជាអ្នកជួយផ្នែកមណ្ឌលសិក្សាសហគម និងផ្នែកកាយឫទ្ធិនៃ​សាលា​សាវីយេ ជេស្វីត ខេត្តបន្ទាយមានជ័យ បានថ្លែងថា ខ្ញុំទទួល​​បានបទពិសោធច្រើន ជា​ពិសេស​សកម្មភាពដែលត្រូវយកទៅអនុវត្តក្មេង ដូចជាការបង្កើតស្នារដៃ ឲ្យកុមារ​ចេះស្រឡាញ់​បរិស្ថាន ចេះជួយអ្នកដទៃនៅជុំវិញខ្លួនគេ។

អ្នកគ្រូតាំងចិត្តថា នឹងយកអ្វីដែលបានរៀននៅទីនេះ ទៅអនុវត្ត​ជា​មួយកុមារកាយឫទ្ធិនៅសហគមរបស់អ្នកគ្រូ ដោយច្នៃប្រឌិតនូវសកម្មភាពថ្មីៗ ជាមួយមេរៀនដែល​យើង​បានទទួលពីការិយាល័យយុវជន។

ជាពិសេសអ្នកគ្រូ ចង់បណ្តុះស្មារតី​កុមារឫទ្ធិ​ឲ្យគាត់​ចេះ​ស្រឡាញ់ និងចូលរួមគ្រប់សកម្មភាពរបស់សហគម បង្កើនភាពក្លាហានរបស់​ពួក​គេ។

យុវជន ឃាក់ សុឃា ជាយុវជនមកពីព្រះសហគមន៍ស្វាយស៊ីសុផុន បានបង្ហាញ​ចំណាប់​អារម្មណ៍ថា ពិត​មែន​ខ្ញុំ​បាន​ទទួលនូវបទពិសោធន៍និងចំណេះដឹងថ្មីៗជាច្រើន ដូចជា​របៀប​សង្រ្គោះបឋម ការចេះច្នៃ​ប្រឌិត​ស្នារដៃ ការស្វែងយល់ពីសុខភាព…។ ហើយខ្ញុំ​នឹង​យក​អ្វី​ដែលខ្ញុំបានទទួលនៅទីនេះ ទៅ​ចែក​រំលែកជាមួយកុមារកាយឫទ្ធិនៅខេត្តបន្ទាយមានជ័យ ដោយ​បំពេញចំណុចខ្វះខាតដែល​ពួកខ្ញុំ​មិនទាន់មាន។ ក្នុងនាមខ្ញុំ​ជាមេក្រុមកាយឫទ្ធិ​កាតូលិក​មកពីខេត្តបន្ទាយមានជ័យ ខ្ញុំនឹងខិតខំ​កសាង​កេរ្តិ៍ឈ្មោះឲ្យកាន់តែរីកចម្រើន ហើយនឹង​ប្រមូលកុមារឲ្យបានច្រើន ដើម្បីចូលរួមជាមួយ​កម្ម​វិធី​កាយឫទ្ធិរបស់ព្រះសហគមន៍ផង។

យុវជន សុខ គឹមហេង ជាមេក្រុមកាយឫទ្ធិមក​ពីព្រះសហគមន៍សន្តសិលា និងសន្ត​ប៉ូល ភ្នំពេញថ្មី បាននិយាយថា អ្វីដែលខ្ញុំចាប់អារម្មណ៍ប្រធានបទលើប្រធានបទ ខ្ញុំអាច​ធ្វើបាន មាន​ពីរ​ចំណុចសំខាន់គឺ ​របៀប​សង្រ្គោះបឋម និងការណែនាំឲ្យស្គាល់ប្រភេទឈាម។ ដោយសារ​តែ​ការ​សង្រ្គោះបឋម យើង​អាចធ្វើបានគ្រប់ពេល គ្រប់វ័យ និងគ្រប់មនុស្សទាំងអស់ ជាពិសេស​កុមារ​ដែល​ងាយនឹងជួបបញ្ហា ដោយណែនាំឲ្យគេចេះរបៀបសង្រ្គោះបឋម ឲ្យគេ​អាច​​ជួយ​ខ្លួន​ឯង​នឹង​អ្នក​ដទៃបាននៅពេលគេជួបផ្ទាល់។ យុវជនរូបនេះបន្តថា ខ្ញុំនឹង​ខិត​ខំ​ចែក​រំលែក​​បទ​ពិសោធន៍​ល្អៗ និងអនុវត្តន៍ជាមួយកុមារកាយឫទ្ធិនៅព្រះសហគមន៍របស់ខ្ញុំ តាម​រយៈ​សៀវភៅមេរៀន​ទាក់​ទ​ង​​នឹង​ប្រធាន​បទនេះ ដែលការិយាល័យបានរៀបចំ ដើម្បី​ឲ្យ​ក្មេងៗចេះ​ជួយ​អ្នកដទៃ ចេះយោគយល់អធ្យាស្រ័យឲ្យគ្នា​ទៅវិញទៅមក ជាពិសេស​ឲ្យពួកគេ​មាន​ស្រឡាញ់ដែលព្រះជាម្ចាស់បានប្រទានឲ្យ។

គួរបញ្ជាក់ផងដែរថា កម្មវិធីកាយឫទ្ធិ កាតូលិកនៅកម្ពជា​បានចាប់ផ្តើមមុនគេ នៅព្រះសហគមន៍សន្តី​​ម៉ារី​ញញឹម​ចំការទៀងក្នុងឆ្នាំ២០០៣ និងមានការិយាល័យយុវជន ជំទង់ និងកុមារ នៅឆ្នាំ២០១០។ នេះជាលើកទី៩ហើយ ដែលការិយាល័យនេះបានធ្វើសិក្ខា​សាលាសម្រាប់​មេក្រុមកាយឫទ្ធិ តាំងពីឆ្នាំ២០១០មក។