ព័ត៌មានភូមិភាគភ្នំពេញ

មេកាយឫទ្ធិត្រូវតែមានកម្លាំងដើម្បីបម្រើ

កាល​ពី​ថ្ងៃ​ទី​០៦០៩ ខែ​មេសា ឆ្នាំ​២០១៩ ការិយាល័យ​យុវជនជំទង់និង​កុមារ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញបាន​រៀប​ចំ​កម្មវិធី​បោះ​ជំរំ​ក្រុម​កាយឫទ្ធិ នៅព្រះសហគមន៍​ព្រះ​ត្រៃ​ឯក​គិរីវង់ ខេត្ត​តាកែវ ដែល​ក្នុង​នោះ​មាន​ការ​ចូល​រួម​ពី​លោក​បូជាចារ្យ មេ​ក្រុម​កាយឫទ្ធិ និង​កូនៗ​កាយឫទ្ធិ ​មក​ពី​មណ្ឌល​សកម្មភាព​កំពង់​សោម មណ្ឌល​សកម្មភាព​កំពត និង​មណ្ឌល​សកម្មភាព​តាកែវ ជាង​៤០០​នាក់។

លោក ឡិឈឺផាន អេគូអាម ឆាលេស ជា​បូជាចារ្យ​ទទួល​ខុស​ត្រូវ​កម្មវិធី​កាយឫទ្ធិ​ភូមិភាគ​ភ្នំពេញ បាន​ថ្លែង​ក្នុង​ធម្មទេសនា​បើក​កម្មវិធី​បោះ​ជំរំ​នេះ​ថា មេ​ក្រុម​កាយឫទ្ធិ​គឺ​ជា​ការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់ ហើយ​មេក្រុម​នេះ មាន​កម្លាំង​ដើម្បី​បម្រើ​កូន​ក្រុម និង​ត្រូវ​ចេះ​ថែ​រក្សា​គេ។

លោក​បន្ត​ថា មេ​ក្រុម​កាយ​ឫទ្ធិ​ទទួល​ការអប់រំ​ដើម្បី​ទៅ​បម្រើ ដោយ​មាន​ព្រះពរ​ពី​ព្រះជាម្ចាស់​ដែល​គង់​នៅ ហើយ​នៅ​មុន​ពេល​យើង​ធ្វើ​អ្វី​មួយ​យើង​ត្រូវ​តែ​អធិដ្ឋាន​ដើម្បី​ទូល​អង្វរ​សុំ​កម្លាំង​ពី​ព្រះជាម្ចាស់។ ចុង​ក្រោយ​លោក​ក៏​បាន​អធិដ្ឋាន សូម​ឲ្យ​មេ​កាយឫទ្ធិ​ទាំង​អស់​មាន​កម្លាំង​ដែល​មក​ពី​ព្រះជាម្ចាស់ ដើម្បី​ឲ្យ​គេ​មាន​កម្លាំង​ដើម្បី​បម្រើ។

នៅ​ក្នុងកម្មិវិធី​បោះ​ជំរំ​នេះ​ មេក្រុម​កាយឫទ្ធិ​ទាំង​អស់​រិះ​គិត​រួម​គ្នាអំពី​ប្រធាន​បទ​រួម​គឺ​ខ្ញុំ​អាច​ធ្វើ​បាន ដោយ​មាន​បញ្ចូល​ល្បែង​ប្រជា​ប្រិយ​ខ្មែរ គូរ​រូប ការច្នៃ​ប្រឌិត និង​ការចុះ​សួរ​សុខ​ទុក្ខ​ចាស់ៗ​និង​អ្នកក្រីក្រ​ជាដើម។

លោករដ្ឋ ចន្ថាជា​បុគ្គលិក​ការិយាល័យ​យុវជនជំទង់និង​កុមារភូមិភាគ​ភ្នំពេញ​ដែល​ទទួល​ខុសត្រូវ​លើ​ផ្នែក​កាយឫទ្ធិ បាន​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​កម្មវិធី​បោះ​ជំរំ​នេះធ្វើ​ឲ្យ​កុមារ​មាន​ឱកាស​ជួប​ជុំ​គ្នា ចេះ​រស់​នៅ​ជា​ក្រុម មាន​ភាពក្លាហាន​ក្នុង​ការចូល​រួម​សកម្មភាព​ផ្សេងៗ និង​ដើម្បី​ឲ្យ​ក្រុម​កាយឫទ្ធិ​ទាំងអស់​ចែក​រំលែក​បទពិសោធ​រវាង​គ្នានឹង​គ្នា។

លោក អារ៉ាងហ្គោ សាប៉ាតា ហ្វេរណាន់ដូ ជា​បូជាចារ្យ​ទទួល​ខុសត្រូវ​ព្រះសហគមន៍​មណ្ឌលសកម្មភាពតាកែវ បានថ្លែងថា «កម្មវិធីនេះមានផលប្រយោជន៍សម្រាប់កុមារ គ្រួសារ ព្រះសហគមន៍ និង សង្គម ព្រោះរបៀបទំនាក់ទំនងដែលយើងកំពុងតែមាន កំពុងតែបង្កើតរវាងគ្នានឹងគ្នា រវាងមនុស្សនិងធម្មជាតិ កាន់តែល្អប្រសើរឡើងៗ»។

លោកបន្តថា បន្ទាប់​ពី​បោះ​ជំរំ​នេះ​ហើយ កុមារ​ទាំង​អស់​អាច​យក​ទៅ​អនុវត្ត​ក្នុង​ជីវិត​រស់នៅ​ និង​អាច​រីក​ចម្រើន​និង​ចិញ្ចឹម​ជីវិតខាងផ្លូវកាយនិងផ្លូវវិញ្ញាណ។ លោក​បញ្ជាក់ទៀតថា «ឲ្យគាត់ដឹងថាពិតប្រាកដមែនជីវិតរបស់យើងមានតម្លៃដ៏ថ្លៃថ្នូរ នៅពេលយើងចាប់ផ្តើមស្រឡាញ់ខ្លួនឯង ស្រឡាញ់បងប្អូនឯទៀតៗ ស្រឡាញ់ធម្មជាតិ នោះនាំ​ឲ្យ​យើង​ចេះ​គោរព​បងប្អូន និងធម្មជាតិ ដោយ​ចេះ​ថែរក្សា ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​និង​អាច​កសាងជីវិត និងព្រះរាជ្យរបស់ព្រះជាម្ចាស់កាន់តែខ្លាំងឡើងដែរ»។

យុវជន ឌន ដាវីត ជាមេកាយឫទ្ធិមកពីព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង បាននិយាយថា នេះជាលើកទីបីហើយដែលរូបគាត់បានចូលរួមកម្មវិធីបោះជំរំនេះ។ ដាវីត​បន្ថែម​ថា «ខ្ញុំមានអំណរសប្បាយ និងទទួលបានគំនិតថ្មីៗជាច្រើន ដូចជារបៀបសង្រ្គោះបឋម មានទំនាក់ទំនងល្អរវាងគ្នានឹងគ្នា ចេះរៀនធ្វើការងារជាក្រុម»។

ដាវីត​បន្ត​ថា កម្មវិធីនេះជំរំនេះ វាមានប្រយោជន៍ដល់កុមារដូចជា ធ្វើឲ្យពួកគេមានឱកាសរស់នៅជាមួយគ្នាជាក្រុម មានគំនិតច្នៃប្រឌិត បង្រៀនឲ្យកុមារចេះជួយអ្នកដ និងណែនាំពួកគេឲ្យក្លាយជាពលរដ្ឋល្អនាពេលអនាគត។

កុមារី តុង លីនីតា ជាកូនកាយឫទ្ធិមកពីព្រះសហគមន៍សន្តប៉ូលកោះស្លារ បានប្រាប់ថា កម្មវិធីកាយឫទ្ធិរបស់ព្រះសហគមន៍បានធ្វើឲ្យរូបគេទទួលបាននូវភាពក្លាហាន ចេះគោរពចាស់ទុំ ដឹងគុណឪពុកម្តាយ និងចេះស្រឡាញ់ធម្មជាតិជាដើម។ នីតា បន្តថាដោយសារហេតុនេះហើយទើបធ្វើឲ្យប៉ាម៉ាក់របស់គេសប្បាយចិត្ត ដោយមើលឃើញគេចេះកែខ្លួនល្អជាងមុន។

កម្មវិធីនេះ​បាន​ជួយ​ដល់​នីតា ជួបនិងស្គាល់គ្នាច្រើន ស្គាល់ពីភាពអត់ធ្មត់និងភាពតស៊ូ នៅពេលចុះសួរសុខទុក្ខលោកតាលោកយាយ និងធ្វើឲ្យមានគំនិតចេះជួយអ្នកដទៃ៕