៨ ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​ឲ្យ​ជា

(ម៉ាកុស ១.៤០-៤៥ លូកា ៥.១២-១៤)
        1 កាល​ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​មក​វិញ មាន​មហា‌ជន​ជា​ច្រើន​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ។ 2 ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «លោក​ម្ចាស់​អើយ! ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ*​ផង»។ 3 ព្រះ‌យេស៊ូ​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ»។ រំពេច​នោះ គាត់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ​ពី​រោគ​ឃ្លង់​ភ្លាម។ 4 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន​ឲ្យ​មែន‌ទែន កុំ​និយាយ​ប្រាប់​ឲ្យ​នរណា​ដឹង​រឿង​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា‌ចារ្យ* ហើយ​ថ្វាយ​តង្វាយ​ដូច​លោក​ម៉ូសេ*​បាន​បង្គាប់​មក ដើម្បី​ជា​សក្ខី‌ភាព​បញ្ជាក់​ថា​អ្នក​បាន​ជា​មែន»។

ព្រះ‌យេស៊ូ​ប្រោស​អ្នក​បម្រើ​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ឲ្យ​ជា
(លូកា ៧.១-១០)
        5 នៅ​​ពេល​​ព្រះ‌​យេ​ស៊ូ​​យាង​​ចូល​​ក្រុង​​កា​ផា​នុម មាន​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់ចូល​មក​គាល់​ព្រះ‌អង្គ ទូល‌អង្វរ​ថា៖ 6 «លោក​ម្ចាស់​អើយ! អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​ដេក​ស្ដូក‌ស្ដឹង​នៅ​ឯ​ផ្ទះ ទាំង​ឈឺ​ចុក‌ចាប់​យ៉ាង​ខ្លាំង»។ 7 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​មើល​គាត់​ឲ្យ​បាន​ជា»។ 8 នាយ​ទាហាន​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​លោក​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ សូម​លោក​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។ 9 ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​មាន​កូន​ទាហាន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​នឹង​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។
        10 កាល​ព្រះ‌យេស៊ូ​ទ្រង់​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ព្រះ‌អង្គ​ស្ងើច​សរ‌សើរ​ណាស់ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ 11 ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​ចូល​រួម​ពិធី​ជប់‌លៀង ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ 12 រីឯ​អស់​អ្នក​ដែល​ត្រូវ​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជា‌ម្ចាស់ បែរ​ជា​ដេញ​ឲ្យ​ទៅ​នៅ​ខាង​ក្រៅ​ក្នុង​ទី‌ងងឹត ជា​កន្លែង​ដែល​គេ​យំ​សោក ខឹង​សង្កៀត​ធ្មេញ»។ 13 បន្ទាប់​មក ព្រះ‌​យេស៊ូ​​មាន​​ព្រះ‌​បន្ទូល​ទៅ​នាយ​ទាហាន​រ៉ូម៉ាំង​ថា៖ «អញ្ជើញ​ត្រឡប់​ទៅ​វិញ​ទៅ សុំ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​លោក​ចុះ!»។ អ្នក​បម្រើ​ក៏​បាន​ជា​សះ‌ស្បើយ​នៅ​ពេល​នោះ។

ព្រះ‌យេស៊ូ​ប្រោស​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​ជា
(ម៉ាកុស ១.២៩-៣៤ លូកា ៤.៣៨-៤១)
        14 បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​យាង​ទៅ​ផ្ទះ​លោក​សិលា ទត​ឃើញ​ម្ដាយ​ក្មេក​របស់​គាត់​កំពុង​គ្រុន​សម្រាន្ដ​នៅ​លើ​គ្រែ។ 15 ព្រះ‌អង្គ​ពាល់​ដៃ​គាត់ គាត់​ក៏​បាត់​គ្រុន ហើយ​ក្រោក​ឡើង​បម្រើ​ព្រះ‌អង្គ។ 16 លុះ​ដល់​ល្ងាច គេ​នាំ​មនុស្ស​ខ្មោច​ចូល​ជា​ច្រើន​នាក់​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ដេញ​ខ្មោច​ដោយ​មាន​ព្រះ‌បន្ទូល ហើយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​គ្រប់ៗ​គ្នា 17 ស្រប​នឹង​សេចក្ដី​ដែល មាន​ចែង​ទុក​តាម‌រយៈ​ព្យាការី*​អេសាយ​ថា៖
«ព្រះ‌អង្គ​បាន​ទទួល​យក​ភាព​ពិការ​របស់​យើង
ហើយ​ព្រះ‌អង្គ​ក៏​ទទួល​យក​ជំងឺ​របស់​យើង​ដែរ»​ក។

លក្ខណ‌សម្បត្តិ​របស់​អ្នក​ដែល​ចង់​តាម​ព្រះ‌យេស៊ូ
(លូកា ៩.៥៧-៦២)
        18 កាល​ព្រះ‌យេស៊ូ​ឃើញ​បណ្ដា‌ជន​ចោម‌រោម​ព្រះ‌អង្គ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាង។ 19 ពេល​នោះ មាន​បណ្ឌិត​ខាង​វិន័យ*​ម្នាក់​ចូល​មក​ជិត​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។ 20 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សម្បុក​របស់​វា​ដែរ រីឯ​បុត្រ​មនុស្ស​វិញ គ្មាន​ទី​ជម្រក​សម្រាក​សោះ​ឡើយ»។ 21 មាន​សាវ័ក​មួយ​រូប​ទៀត​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។ 22 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ»។

ព្រះ‌យេស៊ូ​ធ្វើ​ឲ្យ​រលក​ស្ងប់
(ម៉ាកុស ៤.៣៥-៤១ លូកា ៨.២២-២៥)
        23 ព្រះ‌យេស៊ូ​យាង​ចុះ​ទូក ហើយ​ពួក​សាវ័ក*​នាំ​គ្នា​ទៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ។ 24 ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់‌បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​ព្រះ‌យេស៊ូ​វិញ ទ្រង់​ផ្ទំ​លក់។ 25 ពួក​សាវ័ក*​ចូល​ទៅ​ជិត​ដាស់​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​ជួយ​ផង យើង​ស្លាប់​ឥឡូវ​ហើយ»។ 26 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត‌ភ័យ​ដូច្នេះ?»។ ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​សមុទ្រ ពេល​នោះ​សមុទ្រ ក៏​ស្ងប់‌ឈឹង។ 27 ពួក​សាវ័ក​នាំ​គ្នា​ស្ងើច​សរ‌សើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។

ព្រះ‌យេស៊ូ​ប្រោស​បុរស​ខ្មោច​ចូល​ពីរ​នាក់
(ម៉ាកុស ៥.១-២០ លូកា ៨.២៦-៣៩)
        28 កាល​ព្រះ‌យេស៊ូ និង​ពួក​សាវ័ក​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​កាដារ៉ា មាន​បុរស​ខ្មោច​ចូល​ពីរ​នាក់​ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​ព្រះ‌អង្គ។ បុរស​ទាំង​ពីរ​នេះ​កាច​ណាស់ គ្មាន​នរណា​ហ៊ាន​ដើរ​កាត់​តាម​នោះ​ទេ។ 29 អ្នក​ទាំង​ពីរ​ស្រែក​ឡើង​ថា៖ «ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​អើយ! តើ​ព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​យើង​ខ្ញុំ? ព្រះ‌អង្គ​យាង​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ‌ទោស​យើង​ខ្ញុំ មុន​ពេល​កំណត់​ឬ?»។ 30 នៅ​ឆ្ងាយ​ពី​នោះ​បន្ដិច មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី។ 31 ពួក​ខ្មោច​អង្វរ​ព្រះ‌យេស៊ូ​ថា៖ «បើ​ព្រះ‌អង្គ​ចង់​ដេញ​យើង​ខ្ញុំ សូម​បញ្ជូន​យើង​ខ្ញុំ​ឲ្យ​ចូល​ទៅ​ក្នុង​ជ្រូក​មួយ​ហ្វូង​នេះ​ទៅ»។ 32 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ខ្មោច​ថា៖«ទៅ​ចុះ!»។ ពួក​ខ្មោច​ក៏​ចេញ​ពី​បុរស​ទាំង​ពីរ ចូល​ទៅ​ក្នុង​ជ្រូក។ ពេល​នោះ ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់​ទៅ។ 33 អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​នាំ​គ្នា​យក​រឿង​អស់​ទាំង​នេះ​រត់​ទៅ​ប្រាប់​អ្នក​ភូមិ ព្រម​ទាំង​រៀប‌រាប់​ហេតុ‌ការណ៍​អំពី​បុរស​ខ្មោច​ចូល​ទាំង​ពីរ​នាក់​នោះ​ផង។ 34 អ្នក​ភូមិ​ទាំង​អស់​ក៏​នាំ​គ្នា​ចេញ​មក​ជួប​ព្រះ‌យេស៊ូ លុះ​បាន​ឃើញ​ហើយ គេ​អង្វរ​ព្រះ‌អង្គ​ឲ្យ​ចាក‌ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។