២៤ ព្រះ‌យេស៊ូ​ប្រកាស​អំពី​ការ​បំផ្លាញ​ព្រះ‌វិហារ*

(ម៉ាកុស ១៣.១-២ លូកា ២១.៥-៦)
      1 ពេល​នោះ ព្រះ‌យេស៊ូ​កំពុង​យាង​ចេញ​ពី​ព្រះ‌វិហារ ពួក​សាវ័ក​ចូល​មក​ជិត ចង្អុល​បង្ហាញ​វិមាន​ផ្សេងៗ​ក្នុង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌អង្គ​ទត។ 2 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់‌បែក​អស់​លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ!»។

ហេតុ‌ការណ៍​នៅ​គ្រា​ចុង​ក្រោយ
(ម៉ាកុស ១៣.៣-១៣ លូកា ២១.៧-១៩)
      3 កាល​ព្រះ‌យេស៊ូ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សាវ័ក*​នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះ‌អង្គ​ដាច់​ឡែក​ពី​គេ ហើយ​ទូល​ថា៖ «សូម​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ដល់​ពេល​ព្រះ‌អង្គ​យាង​មក និង​ដល់​អវសាន​កាល​នៃ​ពិភព‌លោក?»។ 4 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​ប្រុង‌ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ 5 ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រើ ដោយ​ពោល​ថាៈ “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រិស្ដ*”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ 6 អ្នក​រាល់​គ្នា​នឹង​ឮ​គេ​និយាយ​អំពី​សង្គ្រាម និង​ឮ​ដំណឹង​ថា មាន​សង្គ្រាម​ផ្ទុះ​ឡើង​ហើយ។ កុំ​ជ្រួល‌ច្របល់​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង តែ​មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព‌លោក​នៅ​ឡើយ​ទេ។ 7 ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​ត‌ទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​ត‌ទល់​នឹង​ប្រទេស​មួយ​ទៀត​ក។ នៅ​តាម​តំបន់​ផ្សេងៗ​នឹង​មាន​កើត​ទុរ្ភិក្ស និង​រញ្ជួយ​ផែន‌ដី។ 8 ប៉ុន្តែ ហេតុ‌ការណ៍​ទាំង​នេះ​ប្រៀប​បាន​ទៅ​នឹង​ការ​ឈឺ​ចាប់ដើម​ដំបូង​របស់​ស្ត្រី ដែល​ហៀប​នឹង​សម្រាល​កូន។
      9 គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ទុក្ខ‌ទោស ព្រម​ទាំង​ឲ្យ​គេ​សម្លាប់​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ ជាតិ​សាសន៍​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ 10 នៅ​ពេល​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​បែក​ចិត្ត​ឃ្លាត​ចេញ​ពី​ជំនឿ ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្អប់​គ្នា​ផង។ 11 ព្យាការី*​ក្លែង‌ក្លាយ​ជា​ច្រើន​នឹង​មក​ដល់ ហើយ​បញ្ឆោត​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ 12 អំពើ​ទុច្ចរិត​នឹង​រីក​ចម្រើន​ឡើង​ជា​ខ្លាំង បណ្ដាល​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​មួយ​ចំនួន​ធំ ត្រូវ​ធ្លាក់​ចុះ​អន់‌ថយ។ 13 ប៉ុន្តែ អ្នក​ណា​ស៊ូ‌ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ ព្រះ‌ជា‌ម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។ 14 គេ​នឹង​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​នេះ ពាស‌ពេញ​សកល​លោក​ទាំង​មូល ទុក​ជា​សក្ខី‌ភាព​ដល់​ជាតិ​សាសន៍​ទាំង​អស់។ ពេល​នោះ ទើប​ដល់​អវសាន​កាល​នៃ​ពិភព‌លោក»។

គ្រា​មាន​ទុក្ខ​លំបាក
(ម៉ាកុស ១៣.១៤-២៣ លូកា ២១.២០-២៤) 
      15 «ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម​ខ តាំង​នៅ​ក្នុង​ទី‌សក្ការៈ ដូច​ព្យាការី​ដានីអែល​បាន​ថ្លែង​ទុក (សូម​ឲ្យ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ!) 16 ពេល​នោះ អ្នក​ដែល​រស់​ក្នុង​ស្រុក​យូដា ត្រូវ​នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ។ 17 រីឯ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ឡើយ 18 ហើយ​អ្នក​ដែល​នៅ​ឯ​ចម្ការ ក៏​មិន​ត្រូវ​វិល​ទៅ​ផ្ទះ​យក​អាវ​ធំ​របស់​ខ្លួន​ដែរ។ 19 គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។ 20 ចូរ​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់ សូម​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​រត់​ភៀស​ខ្លួន​នៅ​រដូវ​ត្រជាក់ ឬ​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ 21 ដ្បិត​ពេល​នោះ ជា​ពេល​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព‌លោក មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ។ 22 ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណា​បាន​រួច​ជីវិត​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ ដោយ​យោគ‌យល់​ដល់​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស។
      23 ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌គ្រិស្ដ*​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​ជឿ​គេ​ឡើយ 24 ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​ព្រះ‌គ្រិស្ដ ព្រម​ទាំង​មាន​ព្យាការី*​ក្លែង‌ក្លាយ នាំ​គ្នា​សម្ដែង​ទី​សម្គាល់​ធំ​អស្ចារ្យ និង​ឫទ្ធិ​បាដិ‌ហារិយ៍​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស​រហូត​ដល់​ទៅ​នាំ​ពួក​អ្នក ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស‌រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។ 25 ខ្ញុំ​និយាយ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន​ឲ្យ​ហើយ។
26 បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អង្គ​នៅ​វាល​រហោ‌ស្ថាន​ឯ‌ណោះ!” កុំ​ចេញ​ទៅ​តាម​គេ​ឡើយ ឬ​មួយ​បើ​គេ​ថា “ព្រះ‌អង្គ​នៅ​ក្នុង​បន្ទប់​ឯ‌ណេះ!” ក៏​កុំ​ជឿ​ពាក្យ​គេ​ដែរ 27 ដ្បិត​បុត្រ​មនុស្ស*​នឹង​យាង​មកប្រៀប​បី​ដូច​ជា​ផ្លេក‌បន្ទោរ​ភ្លឺ‌ឆ្វាច ឆូត​កាត់​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច។ 28 សាក‌សព​នៅ​ទី​ណា ត្មាត​ក៏​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ដែរ​គ»។

បុត្រ​មនុស្ស​នឹង​យាង​មក
(ម៉ាកុស ១៣.២៤-២៧ លូកា ២១.២៥-២៨) 
      29 «លុះ​គ្រា​មាន​ទុក្ខ​វេទនា​នេះ​កន្លង​ផុត​ទៅ ភ្លាម​នោះ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ។ រីឯ​ផ្កាយ​ទាំង‌ឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ​ឃ អំណាច​នានា​នៅ​លើ​មេឃនឹង​ត្រូវ​កក្រើក​រំពើក។ 30 ពេល​នោះ ទី​សម្គាល់​របស់​បុត្រ​មនុស្ស*​នឹង​លេច​ចេញ​ពី​ផ្ទៃ​មេឃ​មក។ កុល‌សម្ព័ន្ធ*​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដីនឹង​នាំ​គ្នា​យំ​គក់​ទ្រូង គេ​នឹង​ឃើញបុត្រ​មនុស្ស​យាង​មក​លើ​ពពក*​ក្នុង​ផ្ទៃ​មេឃ​ង ប្រកប​ដោយ​ឫទ្ធា‌នុភាព និង​សិរី‌រុង​រឿង​ដ៏​អស្ចារ្យ។ 31 ពេល​នោះ មាន​សំឡេង​ត្រែ​លាន់​ឮ​រំពង​ឡើង លោក​ក៏​ចាត់​ពួក​ទេវទូត*​របស់​លោក​ឲ្យ​ទៅ​ទិស​ទាំង​បួន ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស‌រើស ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង»។

ព្រះ‌បន្ទូល​អំពី​ដើម​ឧទុម្ពរ
(ម៉ាកុស ១៣.២៨-៣១ លូកា ២១.២៩-៣៣) 
      32 «ចូរ​អ្នក​រាល់​គ្នា​យក​ប្រស្នា*​ស្ដី​អំពី​ដើម​ឧទុម្ពរ*​ទៅ​រិះ‌គិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំង​ចជិត​មក​ដល់​ហើយ។ 33 ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិ‌ការណ៍​ទាំង​អស់​នោះ​កើត​ឡើង ត្រូវ​ដឹង​ថា បុត្រ​មនុស្ស​ក៏​ជិត​មក​ដល់​ហើយ​ដែរ គឺ​លោក​មក​ជិត​បង្កើយ​ហើយ។ 34 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​ឡើង ក្នុង​ពេល​ដែល​មនុស្ស​ជំនាន់​នេះ មាន​ជីវិត​នៅ​ឡើយ។ 35 ផ្ទៃ​មេឃ និង​ផែន‌ដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ»។

ការ​ត្រៀម​ខ្លួន​រង់‌ចាំ​ទទួល​ព្រះ‌គ្រិស្ដ
(ម៉ាកុស ១៣.៣២-៣៧ លូកា ១៧.២៦-៣០, ៣៤-៣៦)
      36 «រីឯ​ថ្ងៃ​កំណត់ និង​ពេល​វេលា គ្មាន​នរណា​ដឹង​ឡើយ ទោះ​បី​ទេវទូត*​នៅ​ស្ថាន​បរម‌សុខ* ឬ​ព្រះ‌បុត្រា​ក៏​ពុំ​ជ្រាប​ដែរ មាន​តែ​ព្រះ‌បិតា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជ្រាប។ 37 នៅ​គ្រា​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​កាល​នៅ​សម័យ​លោក​ណូអេ​ដែរ 38 គឺ​មុន​ពេល​ទឹក​ជំនន់​ធំ មនុស្ស‌ម្នា​តែង‌តែ​នាំ​គ្នា​ស៊ី​ផឹក រៀប‌ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ។ 39 គេ​មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ ទាល់​តែ​ទឹក​ជំនន់​ឡើង​មក​ដល់​បំផ្លាញ​គេ​អស់​ទៅ។ នៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​កើត​មាន​ដូច្នោះ​ដែរ។ 40 បើ​មាន​មនុស្ស​ពីរ​នាក់​ធ្វើ​ការ​ក្នុង​ចម្ការ​ជា​មួយ​គ្នា ព្រះ‌ជា‌ម្ចាស់​នឹង​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ 41 បើ​មាន​ស្ត្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា ព្រះ‌ជា‌ម្ចាស់​នឹង​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ 42 ដូច្នេះ ចូរ​ប្រុង​ស្មារតី​ឲ្យ​មែន‌ទែន ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ព្រះ‌អម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​មក​ដល់​នៅ​ពេល​ណា​ឡើយ។ 43 អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​មុខ​ជា​ប្រុង​ស្មារតី​ពុំ‌ខាន មិន​បណ្ដោយ​ឲ្យ​ចោរ​ចូល​មក​ប្លន់​ផ្ទះ​គាត់​បាន​ឡើយ។ 44 ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជា‌និច្ច ដ្បិត​បុត្រ​មនុស្ស​នឹង​មក​ដល់ នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។

ប្រស្នា​អំពី​អ្នក​បម្រើ​ស្មោះ‌ត្រង់ និង​អ្នក​បម្រើ​មិន​ស្មោះ‌ត្រង់
(លូកា ១២.៤១-៤៨)
      45 «បើ​អ្នក​បម្រើ​ណា​មាន​ចិត្ត​ស្មោះ‌ត្រង់ ហើយ​ឈ្លាស​វៃ ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​អ្នក​បម្រើ​នោះ​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ពុំ‌ខាន។ 46 ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើ​កំពុង​បំពេញ​កិច្ច‌ការ​របស់​ខ្លួន​ដូច្នេះ អ្នក​បម្រើ​នោះ​ប្រាកដ​ជា​មាន​សុភមង្គល​ហើយ។ 47 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវលើ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។ 48 ផ្ទុយ​ទៅ​វិញ បើ​អ្នក​បម្រើ​នោះ​មាន​ចិត្ត​អាក្រក់ ហើយ​គិត​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់” 49 គាត់​វាយ​អ្នក​បម្រើ​ឯ​ទៀតៗ ព្រម​ទាំង​ទៅ​ស៊ី​ផឹក​ជា​មួយ​អ្នក​ប្រមឹក។ 50 ពេល​ម្ចាស់​វិល​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បម្រើ​នោះ​មិន​បាន​រង់‌ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង 51 លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​ឲ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​មាន​ពុត‌ត្បុត​ដែរ គឺ​ឲ្យ​ទៅ​នៅ​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ»។
សន្ត ម៉ាថាយ ទំព័រមុខ