ព័ត៌មានភូមិភាគបាត់ដំបង

ព្រះសហគមន៍ផ្តល់អាហារូបត្ថម្ភដល់កុមារក្រីក្រនៅព្រែកទាល់

ព្រះសហគមន៍ព្រែកទាល់បានផ្តល់អាហារបំប៉នដល់កុមារក្រីក្រប្រហែល១០០នាក់ រៀងរាល់ថ្ងៃអាទិត្យ ដើម្បីបំប៉នសុខភាពកុមារបន្ថែម ដោយសារគ្រួសារកុមារមួយចំនួនធំ គ្មានអាហារគ្រប់គ្រាន់សម្រាប់កូនៗរបស់ពួកគាត់។

លោក ឈិត ប៊ុនលឹម ជាជំនួយការព្រះសហគមន៍បានមានប្រសាសន៍ថា ដោយសារភាពក្រីក្រ ការទទួលទានអាហាររបស់កុមារមិនគ្រប់ជីវជាតិឡើយ ដូច្នេះហើយទើបព្រះសហគមន៍បានរៀបចំអាហារជារៀងរាល់ថ្ងៃអាទិត្យដល់កុមារក្រីក្រទាំងនោះ សរុបជិត១០០នាក់។ លោកបន្តទៀតថា កម្មវិធីនេះបានចាប់ផ្តើមជាង១០ឆ្នាំមកហើយ។

លោក ប៊ុនលឹម បន្តថា ព្រះសហគមន៍មិនត្រឹមតែផ្តល់អាហារបំប៉នតែមួយមុខដល់កុមារទំាងអស់នោះប៉ុណ្ណោះទេ ព្រះសហគមន៍ថែមទំាងបើកសាលាមត្តេយ្យជួយដល់កុមារទំាងនោះដោយមិនគិតថ្លៃ និងមានវគ្គបំប៉នភាសាអង់គ្លេសក្នុង១ថ្ងៃបីពេលសម្រាប់សិស្សបឋមសិក្សានិងអនុវទ្យាល័យ។

សាលាបំប៉នសន្តីម៉ារី របស់ព្រះសហមន៍សន្តយ៉ូសែបព្រែកទាល់ ស្ថិតនៅភូមិព្រែក ឃុំកោះជីវំាង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានសាងសង់នៅលើទឹក បានចាប់ផ្តើមក្នុងឆ្នាំ២០១៦ ដែលមានសិស្សមត្តេយ្យសរុបចំនួន២២នាក់និងមានគ្រូបង្រៀនម្នាក់។  ហើយសិស្សដែរមករៀនវគ្គបំប៉នភាសាអង់គ្លេសមានចំនួនជាង៧០នាក់ មានគ្រូបង្រៀនម្នាក់ ដែលសិស្សទាំងអស់នោះ ៩៩%ជាកូនពុទ្ធបរិស័ទ។ សព្វថ្ងៃសាលានេះ ទទួលខុសត្រូវដោយលោក បូជាចារ្យ បាណេណាល់ តូតែត៕

រូបថតដោយ លោក ឈិត ប៊ុនលឹម