ព័ត៌មានភូមិភាគភ្នំពេញ

ព្រះសហគមន៍កាតូលិកប្រារព្ធខួប៦ឆ្នាំនៃការរកឃើញព្រះនាងម៉ារីពីបាតទន្លេមេគង្គ

កណ្តាល៖ ព្រះសហគមន៍កាតូលិកអរិយ្យក្សត្រ បានរៀបចំពិធីបុណ្យ​រំកខួប៦ឆ្នាំ​នៃការរកឃើញរូបសំណាកព្រះនាងម៉ារីទី ពីបាតទន្លេមេគង្គ ក្នុងភូមិអរិយ្យក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដោយប្រារព្ធពិធីបុណ្យអរព្រះគុណព្រះជាម្ចាស់យ៉ាងឱឡារឹក កាលពីថ្ងៃទី២៥ វិច្ឆិកា ២០១៨។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអីស្ល៊ែ និងមានគ្រីស្តបរិស័ទប្រមាណ​ជា៣០០០នាក់។

លោក អាដ្រីយ៉ាន បេនីតេស្ត ហ្គូស្តាវ៉ូ ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍តំបន់អរិយ្យក្សត្រ ពោធិធំ ក្តីកណ្តាល មានប្រសាសន៍ថា ព្រះនាងម៉ារីជាគំរូរបស់គ្រីស្តបរិស័ទ ព្រោះព្រះនាងជឿទុកចិត្ត និងមានចិត្តគំនិតភ្ជាប់ជាមួយ​ព្រះជាម្ចាស់​ជានិច្ច​ដោយមិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន។

ដោយសារជាថ្ងៃបុណ្យគោរពព្រះយេស៊ូជា​ព្រះមហាក្សត្រ ដ៏ខ្ពង់ខ្ពស់បំផុតនៃពិភពលោក នៅពេលធម្មទេសនា លោកអភិបាលបាន​រំឭកដល់គ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ ៖ ១) សូមមើលអំពីជីវិតរបស់ព្រះយេស៊ូដែលមានព្រះហឫទ័យស្រឡាញ់យើង ហើយសេចក្តីស្រឡាញ់របស់ព្រះយេស៊ូ​ចំពោះមនុស្សយើង​មិនមែន​ជាសេចក្តីស្រឡាញ់តែមួយភ្លែតៗទេ ប៉ុន្តែជាសេចក្តីស្រឡាញ់​ដ៏ពេញលក្ខណៈ​ដោយសុខចិត្តបូជាជីវិតលើឈើឆ្កាង។ ២) ព្រះយេស៊ូ បានរំដោះមនុស្សឲ្យរួចពីបាប ដោយសារព្រះលោហិតផ្ទាល់ របស់ព្រះអង្គ។ ព្រះអង្គបានប្រធានជីវិត អស់កល្បជានិច្ចឲ្យយើង។ ៣) ព្រះអង្គបាននាំឲ្យយើងទៅជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់នៅពេលយើងទទួលអគ្គសញ្ញាជ្រមុជទឹក ទទួលជិវិតថ្មី គឺមានន័យថាយើងទៅ​ជាបុត្រធីតារបស់ព្រះជាម្ចាស់ ក្នុងគ្រួសារតែមួយ។ ៤) ព្រះជាម្ចាស់បានធ្វើឲ្យយើងទៅជាក្រុមបូជាចារ្យ

លោកអភិបាលបានបញ្ជាក់ទៀតថា អ្វីៗទាំងអស់ដែលខាងលើ​ជាសិទ្ធ​របស់យើង។ យើង មានសិទ្ធិធ្វើជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ប៉ុន្តែយើងក៏មានតួនាទី​ដើម្បីគោរព​សិទ្ធិរបស់យើងផងដែរ។

លោកនាំគ្រីស្តបរិស័ទរិះ៖ ១) ព្រះជាមច្ចាស់បានស្រឡាញ់ យើង តើធ្វើដូចម្តេចឲ្យទទួលសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់នោះបាន​ ដូនព្រះនាងម៉ារី​? ២) តើធ្វើដូចម្តេចដើម្បីទទួលបានការសង្គ្រោះ​? គឺ កែប្រែចិត្តគំនិត សូមមើលគំរូរបស់ព្រះនាងម៉ារី ពេលយើងសូត្រផ្គាំ តាំងពីព្រះនាងបានទទួលដំណឹងពីទេវទូកាព្រីអែល រហូតដល់ ព្រះជាម្ចាស់លើកព្រះនាងទាំងរូបការឡើងស្ថានបរមសុខ គឺព្រះនាងនៅជាម្ចាស់ព្រះជាម្ចាស់ជានិច្ច។ តើធ្វើដូចម្តេចដើម្បីនៅជាប់ជាមួយព្រះជាម្ចាស់ជានិច្ច?​ ៣) យើងជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ តើយើងត្រូវអនុវត្តន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរបៀបណា ក្នុងការរស់នៅរបស់យើង? ក្នុងជួយអ្នកក្រីក្រ អ្នកទន់ខ្សោយ អ្នកតូច អ្នកគ្មានទីពឹង ។ល។​​ ៤) ព្រះជាម្ចាស់បានធ្វើឲ្យយើងទៅជាក្រុមបូជាចារ្យដើម្បីបម្រើព្រះជាម្ចាស់ និងព្រះមហាក្សត្ររបស់យើង ដែលបានលាងជើងឲ្យក្រុមគ្រីស្តទូត ដូច្នេះតើតើងធ្វើដូចម្តេចដើម្បីបម្រើបងប្អូនឯទៀតៗ?

ចុងក្រោយលោកក៏បានផ្តាំផ្ញើគ្រីស្តបរិស័ទទាំងអស់ពេលត្រលប់ទៅផ្ទះវិញ ឲ្យបើកភ្នែក មើលឃើញនូវទុក្ខលំបាករបស់ បងប្អូនឯទៀត និងយកចិត្តទុកដាក់បម្រើ គេ។ លោកថា យើងជាព្រះសហគមន៍តូច ថ្វើយ៉ាងណាឲ្យព្រះសហគមន៍ដ៏តូចរបស់យើងជាព្រះសហគមន៍ដែលចេះស្រឡាញ់ អធិដ្ឋាន និងបម្រើជានិច្ច។

រូបសំណាកព្រះនាងម៉ារីដែលព្រះសហគមន៍ប្រារព្វខួប៦ឆ្នាំនេះ គឺជារូបសំណាកទីពីរដែលព្រះសហគមន៍អរិយក្សត្រទទួលបានពី លោក សុខ ហ៊ូ កាលពីថ្ងៃទី១៩ វិច្ឆិកា ២០១២។ លោក ហ៊ូជាពុទ្ធបរិស័ទ។ លោកទៅស្រង់រូបសំណាកនេះ តាមការយល់សប្តិ របស់គាត់ ព្រះយេស៊ូឲ្យជួយស្រង់ព្រះអង្គឡើងពីទឹក។ លុះឡើងលោករៀបរាប់រឿងនេះប្រាប់គ្រីស្តបរិស័ទគ្មាននរណាជឿឡើយ។ លោកបានទៅកន្លែងដែលព្រះយេស៊ូប្រាប់ ហើយឃើញរូបសំណាក់ក៏ស្រង់ឡើង គោកប្រគល់ឲ្យគណៈកម្មការព្រះសហគមន៍ ដោយគ្រាន់ទេបួងសួង សូមព្រះនាងជួយ ប្រពន្ធរបស់គាត់ដែលមានជំងឺធ្ងន់អាចរស់​នៅជាមួយគាត់ប៉ុន្មានឆ្នាំទៀតប៉ុនណោះ។ តែការអស្ចារ្យបានកើតឡើងគឺប្រពន្ធគាត់ បានធូរស្បើយ និងរស់នៅរបស់ដល់សព្វថ្ងៃ។ នាំឲ្យគាត់ទាំងពីរកែ​ប្រែចិត្តគំនិត និងទទួលអគ្គសញ្ញាជ្រមុជទឹក​កាលពីឆ្នាំ២០១៥កន្លង​មកនេះ។

អត្ថបទដោយ ដាលីស