ព័ត៌មាន

ព្រះវិហារមួយខ្នងរួមទាំងសាលាមត្តេយ្យមួយខ្នង ដែលបានសាងនៅលើខ្នងភ្នំ

[:kh]

ព្រះសុីហនុ៖ ព្រះវិហារមួយខ្នងរួមទាំងសាលាមត្តេយ្យមួយខ្នង ដែលបានសាងនៅលើខ្នងភ្នំ ដែលមានទំហំដីប្រមាណជាមួយហិតា ស្ថិតក្នុងភូមិខ្លុង ទីរួមស្រុកស្រែអំបិល ខេត្តកោះកុង បានប្រារព្ធពិធីបុណ្យឆ្លង យ៉ាងឱឡារិក នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៨ កន្លងទៅ។

ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដោយមានបងប្អូនគ្រីស្តបរិស័ទ និងបព្វជិតចូលរួមជាច្រើនកុះករ។

ពេលចាប់ផ្តើមពិធីបុណ្យ លោកអ៊ុន សុន ជាបូជាចារ្យ ទទួលខុសត្រូវ នៃមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកកំពង់សោម បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកអភិបាល និងបងប្អូនទាំងអស់ដែលចូលរួមក្នុងពិធីបុណ្យនេះ។
ហើយលោកក៏បានរំលឹកអំពីការរៀបចំ ប្រមូលថវិកាសាងសង់ព្រះវិហារ ដោយនឹករំលឹកដល់ លោកបូជាចារ្យដេនីស ដែលបានរកប្រពភថវិកាកសាងព្រះវិហារ នៅពេលលោកនៅមានជីវិត។

ព្រះសហគមន៍ស្រែអំបិលនេះបានកើតឡើងតាំងពីឆ្នាំ១៩៩៦ ដោយគ្រីស្តបរិស័ទមួយចំនួនមកប្រកបរបរចិញ្ចឹមជីវិតនៅក្នុងតំបន់នេះ។ ពួកគេតែងជួបជុំគ្នាអធិដ្ឋាន ជារៀងរាល់ថ្ងៃអាទិត្យ តាមលទ្ធភាពរបស់គេនៅតាមផ្ទះរបស់គ្រីស្តបរិ័ទ។
ពេលអភិបាលអ៊ីវ រ៉ាមូស ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភ្នំពេញនាពេលនោះ បានទទួលដំណឹងអំពីវត្តមានរបស់គ្រីស្តបរិស័ទនៅស្រែអំបិល ក៏បានអញ្ជើញទៅសួរសុខទុក្ខ និងបានចាត់លោកបូជាចារ្យវិនណេ ទៅជួយណែនាំបងប្អូននៅទីនោះនាឆ្នាំ២០០០។ ចាប់ពីពេលនោះមកព្រះសហគមន៍មានជីវិតរស់រវើក និងបានបន្តដំណើររួមគ្នាជាមួយបូជាចារ្យជាច្រើនតំណ តែមិនទាន់មានព្រះវិហារច្បាស់លាស់នោះទេ។ ក្រោយមកព្រះសហគមន៍ បានទិញដី និងបានចាប់ផ្តើមកសាងព្រះវិហារ នៅឆ្នាំ២០១៣ ដោយលោកបូជាចារ្យ ដេនីសជាបូជាចារ្យនៃក្រុមសាសនទូត កេប៊ិច បានប្រមូលថវិការពីក្រុមរបស់លោកផ្ទាល់ មកកសាងព្រះវិហារ និងសាលាមត្តេយ្យ ដែលយើងធ្វើបុណ្យឆ្លងរួមគ្នានៅថ្ងៃនេះ មានឈ្មោះថា “ព្រះវិហារសន្តីតេរេសានៃព្រះកុមារយេស៊ូ”។

ក្នុងធម្មទេសនា លោកអភិបាលអូលីវីយេ បានមានប្រសាសន៍រំលឹកដល់គ្រីស្តបរិស័ទទាំងអស់អំពីរបៀបព្រះយេស៊ូ ដែលព្រឹកល្ងាច តែងអធិដ្ឋាននៅលើភ្នំ។ លោកថា នៅទីនេះមានព្រះវិហារនៅលើភ្នំ សូមគ្រីស្តបរិស័ទទាំងអស់ មកព្រះវិហារដើម្បីអធិដ្ឋានរាល់ថ្ងៃ កុំចាំមកតែថ្ងៃអាទិត្យ ដែលមានលោកបូជាចារ្យមកថ្វាយអភិបូជា។ លោកបន្តថា៖ ការអធិដ្ឋានជាកម្លាំងរបស់យើង ពេលយើងអធិដ្ឋាន យើងនៅជាប់ជាមួយព្រះយេស៊ូ។
ពេលយើងជាប់ជាមួយព្រះយេស៊ូ យើងបានពោរពេញដោយសេចក្តីស្រឡាញ់ ចំពោះអ្នកដទៃ ពោរពេញដោយ សេចក្តីសង្ឃឹម និងជំនឿរឹងមាំ ដើម្បីណែនាំឲ្យបងប្អូនស្គាល់ព្រះជាម្ចាស់។ លោកអភិបាលបន្តទៀតថា ព្រះយេស៊ូប្រកាសដំណឹងល្អដំបូងនៅលើភ្នំ។ សូមឲ្យបងប្អូនមកទីនេះដើម្បីប្រកាសដំណឹងល្អឲ្យបងប្អូនឯទៀតៗបានដឹង តាមរយៈក្រុមកាយឫទ្ធិ តាមរយៈសាលាមត្តេយ្យ ដោយចិត្តមេត្តាករុណា។ លោកបន្ថែមថា ត្រូវកសាងភាពសុខដុមរមនា និងនាំមនុស្សឲ្យមានសេចក្តីស្ឃឹម ដោយទៅសួរសុខទុក្ខ អ្នកជំងឺ អ្នកក្រីក្រ ចែករំលែក សេចក្តីស្រឡាញ់ពិតៗតាមរយៈសកម្មភាពជាក់ស្តែង ដែលនាំកន្លែងនេះជាភ្នំដែលមានពន្លឺ និងមានជីវិតដោយសារបងប្អូន។

ព្រះសហគមន៍នៅស្រែអំបិលមានគ្រីស្តបរិស័ទប្រមាជា ១០គ្រួសារ តែព្រះសហគមន៍នេះមានជីវិតយ៉ាងរស់រវើក និងសកម្មក្នុងការបម្រើបងប្អូនដូចជា ការសួរសុខទុក្ខអ្នកជំងឺ និងអ្នកក្រីក្រ ហើយមានសាលាមត្តេយ្យ ដែលទទួលកុមារក្នុងភូមិឲ្យមានចំណេះដឹងពិតប្រាកដ ព្រមទាំងមានសកម្មភាពជាមួយក្រុមស្ត្រីជាដើម។

ពេលចប់អភិបូជាចារ្យ មានពិធីផ្លូវការជាមួយរដ្ឋអំណាចឃុំ ដើម្បីកាត់ខ្សែបូសម្ពោធអាគារសាលាមត្តេយ្យ ។ ក្នុងពិធីនេះ លោកបូជាចារ្យ អ៊ុន សុន បានមានប្រសាសន៍ថា ពិតជាមានអំណរសប្បាយ ដែលយើងមានសាលាមត្តេយ្យសម្រាប់អប់រំកូនតូចៗឲ្យមានចំណេះដឹងជាមូលដ្ឋានគ្រឹះ ឲ្យកូនៗមានឱកាសបានចូលសាលារៀន ហើយសាលាមត្តេយ្យជាប្រយោជន៍ដល់សហគមន៍ក្នុងតំបន់នេះទាំងមូល។

លោក សៀង សុខមង្គល មេឃុំស្រែអំបិល ក្នុងនាមអជ្ញាធរ មានចិត្តត្រេកអរណាស់ និងអរគុណដល់ព្រះសហគមន៍កាតូលិក ដែលបានកសាងសាលារៀននៅក្នុងតំបន់ដើម្បីរួមចំណែកកសាងធនធានមនុស្សនៅក្នុងឃុំ និងសម្រាប់ប្រទេសកម្ពុជាផងដែរ។[:]

Leave a Reply

Your email address will not be published.