កណ្តាលៈ ព្រះវិហារព្រះបេះដូងព្រះយេស៊ូ នៅផ្លូវត្រីនៃមណ្ឌលសកម្មភាពទម្លេមេគង្គ បានរៀបចំកម្មវិធី សម្ពោធជួងព្រះវិហារ ក្នុងឱកាសបុណ្យរំឭកដល់លោកបូជាចារ្យហ្រ្វង់ស្វ័រ ត្រឿង ប៊ូយៀប នាព្រឹកថ្ងៃទី១២ មីនា ២០១៩ ក្នុងភូមិថ្មគោ ស្រុកល្វាឯម ខេត្តកណ្ដាល ក្រោមអធិបតីភាពលោក អូលីវីយេ ជ្មីតអីស្ល៊ែរ ដោយមានលោកបូជាចារ្យ និងគ្រីស្តបរិស័ទជិតឆ្ងាយចូលរួមរាប់ពាន់នាក់។
ជួងថ្មីនេះមានឈ្មោះថា “ព្រះបេះដូងព្រះយេស៊ូ”។ លោក ស្រ៊ីប្រាម៉ុង វីរៈជ័យ បូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពទម្លេមេគង្គ មានប្រសាសន៍ថា ជួងនេះជាសញ្ញាមួយដើម្បីបន្លឺឡើងហៅគ្រីស្តបរិស័ទឲ្យមកជួបជុំគ្នាអធិដ្ឋានក្នុងវិហារ។ លោកបូជាចារ្យបន្តថា កាលពីមុនព្រះសហគមន៍នៅទីនេះ មានពេលខ្លះពិបាកក្នុងការជួបជុំគ្នា្ដោយអត់មានសំឡេងដើម្បីប្រកាសហៅ និងពេលខ្លះមេក្រូរបស់វិហារមិនឮជាដើម ដែលធ្វើឲ្យការជួបជុំត្រូវបានកាត់ផ្តាច់។
លោកបូជាចារ្យបន្ថែមទៀតថា ជួងនេះ នឹងវាយចំនួន៣ដងដើម្បីផ្តល់ដំណឹងដល់គ្រីស្តបរិស័ទ។ «ទីមួយ ដើម្បីរៀបចំខ្លួន ទីពីរ រៀបចំសូត្រធម៌ និងទីបីចាប់ផ្តើមថ្វាយអភិបូជា»។
លោកអភិបាល អូលីវីយេ បានទូលអង្វរព្រះជាម្ចាស់ ដើម្បីប្រទានពរដល់ជួងថ្មីនេះ និងសូមឲ្យអស់អ្នកដែលបានឮសំឡេងជួងនេះមកជួបជុំគ្នាដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងប្រារព្ធពិធីកាច់នំប៉័ងដើម្បីនឹករឭកដល់ព្រះយេស៊ូ។
តាមប្រពៃណី និងអត្ថន័យនៃជួងសម្រាប់ព្រះសហគមន៍កាតូលិក លោកបូជាចារ្យ វិរៈជ័យ បញ្ជាក់ថា ជួងជាសំឡេងរបស់ព្រះជាម្ចាស់ដែលហៅបងប្អូនទាងអស់មកព្រះវិហារ គឺដូចជាលោកម៉ូសេដែលបានផ្លុំត្រែដើម្បីហៅប្រជាជនទាំងអស់ឲ្យមករួបរួមគ្នាជាមួយព្រះជាម្ចាស់ផងដែរ។
ដាលីស