ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូល ថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ (លូកា ១៨,៣៥-៤៣)

ព្រះ‌យេស៊ូប្រោសមនុស្សខ្វាក់ម្នាក់ឲ្យភ្លឺ

35 កាលព្រះ‌យេស៊ូយាងមកជិតដល់ក្រុងយេរីខូ មានមនុស្សខ្វាក់ម្នាក់អង្គុយសុំទាននៅតាមផ្លូវ។
36 ពេលគាត់ឮស្នូរបណ្ដា‌ជនដើរតាមនោះ គាត់សួរគេថាមានរឿងអ្វី
37 គេប្រាប់គាត់ថា ព្រះ‌យេស៊ូជាអ្នកភូមិណាសា‌រ៉ែតយាងមកតាមផ្លូវនោះ។
38 មនុស្សខ្វាក់ក៏ស្រែកឡើងថា៖ «ឱព្រះ‌យេស៊ូជាព្រះ‌រាជ‌វង្សព្រះ‌បាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!»។
39 ពួកអ្នកដែលដើរខាងមុខបានឃាត់គាត់ឲ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះ‌រាជ‌វង្សព្រះ‌បាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង!»។
40 ព្រះ‌យេស៊ូក៏ឈប់ ហើយបញ្ជាគេឲ្យនាំគាត់ចូលមកជិតព្រះ‌អង្គ។ លុះមនុស្សខ្វាក់ដើរចូលមក ព្រះ‌យេស៊ូមានព្រះ‌បន្ទូលសួរគាត់ថា៖
41 «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ គាត់ទូលព្រះ‌អង្គថា៖ «បពិត្រព្រះ‌អម្ចាស់! សូមព្រះ‌អង្គប្រោសឲ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។
42 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគាត់ថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរឲ្យភ្នែកអ្នកបានភ្លឺឡើងវិញចុះ»។
43 រំពេចនោះ គាត់មើលឃើញវិញភ្លាម ហើយគាត់ក៏តាមព្រះ‌យេស៊ូ ទាំងលើកតម្កើង សិរី‌រុងរឿងរបស់ព្រះ‌ជាម្ចាស់។ ប្រជា‌ជនទាំងមូលបានឃើញហេតុ‌ការណ៍នោះ គេសរសើរតម្កើងព្រះ‌ជាម្ចាស់ទាំងអស់គ្នា។