ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តលូកា ៥.១២-១៦
ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​ក្រុង​មួយ មាន​មនុស្ស​ឃ្លង់​ម្នាក់​ឃើញ​ព្រះ‌អង្គ គាត់​ចូល​មក​រក ហើយ​ក្រាប​ថ្វាយ‌បង្គំ អោន​មុខ​ដល់​ដី ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​ឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ផង»។ ព្រះ‌យេស៊ូ​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ»។ រំពេច​នោះ មនុស្ស​ឃ្លង់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ​ភ្លាម។

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ហាម​គាត់​ថា៖ «កុំ​និយាយ​ប្រាប់​នរណា​ឲ្យ​ដឹង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា‌ចារ្យ ហើយ​ថ្វាយ​តង្វាយ​ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ទុក ដើម្បី​ជា​សក្ខី‌ភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​បរិសុទ្ធ​មែន»។

ព្រះ‌កិត្តិ‌នាម​របស់​ព្រះ‌យេស៊ូ ល្បី​សុស‌សាយ​កាន់​តែ​ខ្លាំង​ឡើងៗ។ មហា‌ជន​ជា​ច្រើន​មក​ជុំ​គ្នា​ស្ដាប់​ព្រះ‌អង្គ ព្រម​ទាំង​សូម​ព្រះ‌អង្គ​ប្រោស​ឲ្យ​ខ្លួន​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​ផង។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះ‌អង្គ​យាង​ទៅ​ទី​ស្ងាត់ ដើម្បី​អធិ‌ស្ឋាន។