ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តលូកា ៤.១៤-២២
ព្រះ‌យេស៊ូ​យាង​ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ ព្រះ‌នាម​ព្រះ‌អង្គ​ឮ​ល្បី‌ល្បាញ​ពាស‌ពេញ​តំបន់​នោះ។ ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ គេ​សរសើរ​តម្កើង​សិរី‌រុង​រឿង​ព្រះ‌អង្គ​គ្រប់ៗ​គ្នា។

ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​ណាសា‌រ៉ែត ជា​ភូមិ​ដែល​ព្រះ‌អង្គ​គង់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​សប្ប័ទ ព្រះ‌អង្គ​យាង​ទៅ​សាលា​ប្រជុំ ​តាម​ទម្លាប់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គម្ពីរ។ គេ​បាន​យក​គម្ពីរ​របស់​ព្យាការី ​អេសាយ​មក​ថ្វាយ​ព្រះ‌អង្គ ព្រះ‌អង្គ​បើក​គម្ពីរ​ត្រង់​អត្ថ‌បទ​មួយ ដែល​មាន​ចែង​ថា៖
18 «ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ 
ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ 
ឲ្យ​នាំ​ដំណឹង‌ល្អ ​ទៅ​ប្រាប់​ជន​ក្រីក្រ។ 
ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់ 
ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព 
ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា 
គេ​នឹង​មើល​ឃើញ​វិញ។ 
ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ 
អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន 
19 ព្រម​ទាំង​ប្រកាស​អំពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់ 
សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា»។

លុះ​អាន​ចប់​ហើយ ព្រះ‌យេស៊ូ​បិទ​គម្ពីរប្រគល់​ទៅ​អ្នក​ថែ‌រក្សា រួច​ទ្រង់​គង់​ចុះ​វិញ។ មនុស្ស​គ្រប់ៗ​រូប​នៅ​ក្នុង​សាលា​ប្រជុំ សម្លឹង​មើល​ព្រះ‌អង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដូច​អ្នក​រាល់​គ្នា​ទើប​នឹង​ស្ដាប់​អំបាញ់​មិញ បាន​សម្រេច​ជា​រូប​រាង​នៅ​ថ្ងៃ​នេះ​ហើយ»។ ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ព្រះ‌បន្ទូល ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​ប្រណី‌សន្ដោស ដែល​ហូរ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ។ គេ​ពោល​ថា៖ «អ្នក​នេះ​មិន‌មែន​ជា​កូន​របស់​ជាង​យ៉ូសែប​ទេ​ឬ?»។