ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ២៨ ខែវិច្ឆកា ឆ្នាំ២០១៩

ព្រះបន្ទូលដំណឹងល្អ លូកា ២១.២០-២៨

«កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សា‌ឡឹម ចូរ​ដឹង​ថា ក្រុង​នេះ​ជិត​វិនាស​ហើយ។  ពេល​នោះ អស់​អ្នក​នៅ​ស្រុក​យូដា​ត្រូវ​តែ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ រីឯ​អស់​អ្នក​នៅ​ក្រុង​យេរូ‌សា‌ឡឹម ត្រូវ​រត់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ក្រុង ហើយ​អស់​អ្នក​ដែល​នៅ​ស្រុក​ស្រែ មិន​ត្រូវ​ចូល​ទៅ​ក្រុង​ឡើយ។  គ្រា​នោះ ជា​គ្រា​ដែល​ព្រះ‌ជា‌ម្ចាស់​ធ្វើ​ទោស​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។  គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ កូន​មុខ​ជា​វេទនា​ពុំ‌ខាន ដ្បិត​នឹង​កើត​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​ព្រះ‌ជា‌ម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​នេះ។  គេ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ខ្មាំង​សត្រូវ​នឹង​កៀរ​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សង្គ្រាម ឲ្យ​រស់​នៅ​កណ្ដាល​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ សាសន៍​ដទៃ​នឹង​ជាន់​ឈ្លី​ក្រុង​យេរូ‌សា‌ឡឹម រហូត​ដល់​ពេល​កំណត់​របស់​គេ»។

«គ្រា​នោះនឹង​មាន​ទី​សម្គាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ​ក្នុង​ព្រះ‌ច័ន្ទ និង​ក្នុង​ផ្កាយ​ទាំង​ប៉ុន្មាន។ ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែន‌ដី​នឹង​តឹង​ទ្រូង ព្រួយ​បារម្ភ ពេល​ឮ​សូរ​សន្ធឹក​រលក​សមុទ្រ​បក់‌បោក មនុស្ស‌ម្នា​ភ័យ​ស្លុត​បាត់​ស្មារតី នៅ​ពេល​គិត​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​លើ​ផែន‌ដី ដ្បិត​ឫទ្ធិ‌បារមី​នានា​នៅ​លើ​មេឃ​នឹង​កក្រើក​រំពើក។  ពេល​នោះ គេ​នឹង​ឃើញ​បុត្រ​មនុស្ស​យាង​មក​ក្នុង​ពពក ប្រកប​ដោយ​ឫទ្ធា‌នុភាព និង​សិរី‌រុង​រឿង​ពន់‌ពេក​ក្រៃ។ កាល​ណា​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់‌ផ្ដើម​កើត​មាន ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី‌ព្រោះ​ព្រះ‌ជា‌ម្ចាស់​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ»។