ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ២៦ ខែវិច្ឆកា ឆ្នាំ២០១៩

ព្រះបន្ទូលដំណឹងល្អ លូកា ២១.៥-១១
អ្នក​ខ្លះ​កំពុង​និយាយ​សរសើរ​លម្អ​របស់​ព្រះ‌វិហារ ដែល​តាក់​តែង​ឡើង​ដោយ​ថ្ម​យ៉ាង​ល្អ​ប្រណីត និង​មាន​តាំង​វត្ថុ​ផ្សេងៗ​ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ជា‌ម្ចាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖  «នៅ​ពេល​ខាង​មុខ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់‌បែក​អស់​ជា​មិន​ខាន លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។

គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ​អើយ! ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​មាន​នៅ​ពេល​ណា? តើ​មាន​ទី​សម្គាល់​អ្វី​ឲ្យ​យើង​ដឹង​ថា ព្រឹត្តិ‌ការណ៍​ទាំង​នោះ​ជិត​មក​ដល់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ថា៖ «ចូរ​ប្រុង‌ប្រយ័ត្ន កុំ​បណ្ដោយ នរណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​បាន​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រិស្ដ” ឬ​ថា “ពេល​កំណត់​មក​ដល់​ហើយ” កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យ​សោះ។  កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម ឬ​អំពី​ការ​បះ‌បោរ មិន​ត្រូវ​ភ័យ​តក់‌ស្លុត​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន ប៉ុន្តែ មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព‌លោក​ភ្លាមៗ​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​ត‌ទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​ត‌ទល់​នឹង​ប្រទេស​មួយ​ទៀត​ក នឹង​មាន​រញ្ជួយ​ផែន‌ដី​ជា​ខ្លាំង​នៅ​តាម​តំបន់​ផ្សេងៗ ហើយ​នឹង​មាន​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត ព្រម​ទាំង​មាន​អព្ភូត‌ហេតុ​ផ្សេងៗបណ្ដាល​ឲ្យ​ភ័យ​តក់‌ស្លុត និង​មាន​ទី​សម្គាល់​យ៉ាង​ធំ​នៅ​លើ​មេឃ​ផង។