ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩

ព្រះបន្ទូលដំណឹងល្អ លូកា ១១.៤៧-៥៤

អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​ឲ្យ​ព្យាការី ដែល​បុព្វ‌បុរស របស់​អ្នក​រាល់​គ្នា​បាន​សម្លាប់។ អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ​បញ្ជាក់​ថា អ្នក​រាល់​គ្នា​សម​គំនិត​នឹង​អំពើ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​គេ​បាន​សម្លាប់​ពួក​ព្យាការី ហើយ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌ម្ចាស់ ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ចាត់​ព្យាការី ព្រម​ទាំង​ទូត​របស់​យើង​ជា​ច្រើន​ឲ្យ​ទៅ​រក​គេ តែ​គេ​នឹង​សម្លាប់​ខ្លះ ព្រម​ទាំង​បៀត‌បៀន​ខ្លះ​ទៀត​ផង”។ ដូច្នេះ មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ពី‌ព្រោះ​បុព្វ‌បុរស​របស់​គេ​បាន​សម្លាប់​ព្យាការី​តាំង​តែ​ពី​កំណើត​ពិភព‌លោក​មក គឺ​ចាប់​តាំង​ពី​លោក​អេបិល រហូត​ដល់​លោក​សាការី ដែល​ត្រូវ​គេ​សម្លាប់​នៅ​ត្រង់​ចន្លោះ​ទី​អាសនៈ និង​ទី‌សក្ការៈ។ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ឃាត‌កម្ម​ទាំង​នោះ​ជា​មិន​ខាន។

52 ពួក​បណ្ឌិត​ខាង​វិន័យ*​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​បិទ​ទ្វារ​មាគ៌ា មិន​ឲ្យ​គេ​ចូល​ទៅ​ស្គាល់​ព្រះ‌ជា‌ម្ចាស់។ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឃាត់​អស់​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង»។

53 ពេល​ព្រះ‌យេស៊ូ​យាង​ចាក‌ចេញ​ពី​ទី​នោះ​ទៅ ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ខាង​គណៈ‌ផារីស៊ី​នាំ​គ្នា​ប្រឆាំង​នឹង​ព្រះ‌អង្គ​យ៉ាង​ខ្លាំង ហើយ​ដេញ‌ដោល​សួរ​ព្រះ‌អង្គ​អំពី​រឿង​ផ្សេងៗ​ជា​ច្រើន 54 ដែល​សុទ្ធ‌សឹង​តែ​ជា​កល‌ល្បិច​រក​ចាប់​កំហុស​ព្រះ‌អង្គ។