Uncategorized

ព្រះបន្ទូលប្រចាំថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៩

ព្រះបន្ទូលដំណឹងល្អ លូកា ១១.១៥-២៦

ប៉ុន្តែ​  មាន​អ្នក​ខ្លះ​និយាយ​ថា៖​ «អ្នក​នេះ​ដេញ​ខ្មោច​បាន​ដូច្នេះ​ ព្រោះ​បេល​សេប៊ូល​ជាស្តេច​ខ្មោច​ បាន​ប្រគល់​អំណាច​ឲ្យ​គាត់»។​ មាន​អ្នក​ខ្លះ​ទៀត​ចង់​ចាប់​កំហុស​ព្រះអង្គ​ ‌ក៏​សូម​ឲ្យ​ព្រះអង្គ​សម្តែង​ទី​សម្គាល់​មួយ​ បញ្ជាក់​ថា​ ព្រះអង្គ​បាន​ទទួល​អំណាច​ មក​ពី​ព្រះជា​ម្ចាស់។​ ១៧ព្រះ​យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​គេ​ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «នគរ​ណា​ក៏​ដូច​ជា​នគរ​ណា​ដែរ​ ប្រសិន​បើ​ពល​រដ្ឋ​បាក់​បែក​ទាស់​ទែង​គ្នា​ឯង​ នគរ​នោះ​មុខជា​ត្រូវ​វិនាស​ ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​មុខជា​រលំ​សង្កត់​លើគ្នា​មិន​ខាន។​

យ៉ាង​ណា​មិញ‌​ ប្រសិន​បើ​មារ​សាតាំង​បាក់​បែក​ទាស់​ទែង​គ្នា​ឯង​ ធ្វើ​ម្តេច​នឹង​ឲ្យ​រាជ្យ​របស់វា​នៅ​ស្ថិតស្ថេរ​បាន!​ ខ្ញុំ​និយាយ​ដូច្នេះ​ ព្រោះ​អ្នក​រាល់​គ្នា​ថា​ ខ្ញុំ​ដេញ​ខ្មោច​ ដោយ​អំណាច​បេល​សេប៊ូល។​ ប្រសិន​បើ​ខ្ញុំ​ដេញ​ខ្មោច​ ដោយ​អំណាច​បេល​សេប៊ូល​មែន​ តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​ខ្មោច​ដោយ​អំណាច​នរណា​វិញ?។​ ដូច្នេះ​កូន​ចៅ​របស់​អ្នក​រាល់គ្នា​ នឹង​ដាក់​ទោស​អ្នក​រាល់គ្នា។​ ផ្ទុយ​ទៅ​វិញ‌‌​ បើ​ខ្ញុំ​ដេញ​ខ្មោច​ ដោយ​ប្ញទ្ធា​នុភាព​របស់​ព្រះជា​ម្ចាស់​ នោះ​បាន​សេចក្តី​ថា​ ព្រះរាជ្យ​របស់​ព្រះអង្គ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។​

បើ​មនុស្ស​ណា​ម្នាក់​ខ្លាំង​ពូកែ​‌‌មាន​អាវុធ​ការពារ​ផ្ទះ​របស់​ខ្លួន​ ទ្រព្យ​សម្បត្តិ​របស់​គេ​នឹង​បាន​គង់​វង្ស។​ ប៉ុន្តែ‌​ បើ​មាន​ម្នាក់​ទៀត​ខ្លាំង​ពូកែ​ជាង​មក​វាយ​យក​ជ័យ​ជំនះ​បាន​ គេ​នឹង​ដក​ហូត​គ្រឿង​អាវុធ​ ព្រមទាំង​រឹបអូស​ទ្រព្យ​សម្បត្តិ​ពីអ្នក​នោះ​ យក​ទៅ​ចែក​ឲ្យ​អ្នក​ផ្សេង​ថែម​ទៀត​ផង។​ អ្នក​ណា​មិន​នៅ​ខាង​ខ្ញុំ​ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ​ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្តុំ​ជាមួយ​ខ្ញុំទេ​ អ្នក​នោះ​ជាអ្នក​កំចាត់​កំចាយ។​ កាល​បើ​ខ្មោច​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ​ វាតែង​ស្វែង​រកទី​ជម្រក​នៅ​វាល​ហួត​ហែង​ តែ​ប្រសិន​បើវា​រក​ពុំ​ឃើញ​ទេ​នោះ វា​មុខ​ជា​និយាយ​ថា​ “អញ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​ ដែល​អញ​ទើប​នឹង​ចេញ​មក”។​ លុះ​ទៅ​ដល់​ឃើញ​ផ្ទះ​នោះ​បោស​ស្អាត​‌ហើយ​តុប​តែង​ល្អ​ វានឹង​ចេញ​ទៅ​បបួល​ខ្មោច​ប្រាំពីរ​ទៀត​ ដែល​សុទ្ធតែ​អាក្រក់​ជាង​វា   មក​ចូល​អ្នក​នោះ​ បណ្តាល​ឲ្យ​គាត់​រឹងរឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត»។