ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩

ពេល​នោះ​ មាន​ធម្មា​ចារ្យ​ម្នាក់​ក្រោក​ឈរ​ទូល​សួរ​ព្រះ​យេស៊ូ​ ក្នុង​គោល​បំណង​ចង់​ចាប់​កំហុស​ព្រះអង្គ​ថា៖​ «លោក​គ្រូ!‌​ តើខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច?»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​ក្នុង​ធម្ម​វិន័យ​មាន​ចែង​ទុក​មក​ដូច​ម្តេច​ខ្លះ?​ ពេល​លោក​អាន​ តើ​លោក​យល់​យ៉ាង​ណា?»។​ គាត់​ទូល​ឆ្លើយ​ទៅ​ព្រះ​យេស៊ូ​ថា៖​ «ត្រូវ​ស្រឡាញ់​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត​គំនិត​‌អស់​ពី​ស្មារតី​ អស់ពី​កម្លាំង​‌និង​អស់ពី​ប្រាជ្ញា​ ហើយ​ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ​ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»។​ ២៨ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​ឆ្លើយ​ត្រឹម​ត្រូវ​ល្អ​ណាស់​ សុំធ្វើ​ដូច្នេះ​ទៅ​ នោះ​លោក​នឹង​មាន​ជីវិត​អស់​កល្ប​ជាមិន​ខាន»។​

ប៉ុន្តែ​ធម្មា​ចារ្យ​នោះ​ចង់​បង្ហាញ​ថា​ សំណួរ​របស់​គាត់​ជា​សំណួរ​ត្រឹម​ត្រូវ​ គាត់​ក៏សួរ​ព្រះ​យេស៊ូ​ទៀត​ថា៖​ «តើ​នរណា​ជា​បង​ប្អូន​របស់​ខ្ញុំ?»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ថា៖​ «មាន​បុរស​ម្នាក់​ធ្វើ​ដំណើរ​ចុះពី​ក្រុង​យេរូ​សាឡឹម​‌ឆ្ពោះ​ទៅ​ក្រុង​យេរីខូ។​ គាត់​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ចោរ​‌វាប្លន់​គាត់​ថែម​ទាំង​វាយ​ដំ​គាត់​ឲ្យ​របួស​ជា​ទម្ងន់​‌រួច​នាំគ្នា​រត់​បាត់​អស់​ទៅ​ ទុក​គាត់​ចោល​នៅ​ស្តូក​ស្តឹង‌​បាត់​ស្មារតី​ មិន​ដឹង​ខ្លួន។​ ពេល​នោះ​មាន​បូជា​ចារ្យ​មួយ​រូប​ ធ្វើ​ដំណើរ​ចុះ​តាម​ផ្លូវ​នោះ។​ គាត់​ឃើញ​បុរស​នោះ​ ក៏ដើរ​វាង​ហួស​ទៅ។​ មាន​ម្នាក់​ពីក្រុម​លេវី​ ដើរ​មក​ដល់​កន្លែង​នោះ​ដែរ។​ គាត់​ឃើញ​បុរស​នោះ​ ‌ក៏ដើរ​វាង​ហួស​ទៅ។​

គាប់​ជួន​ជា​មាន​អ្នក​ស្រុក​សាម៉ារី​ម្នាក់​ ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​នោះ​ដែរ​ គាត់​ឃើញ​បុរស​នោះ​ គាត់​មាន​ចិត្ត​អាណិត​អាសូរ​ពន់​ពេក​ណាស់។​ គាត់​ចូល​ទៅ​ជិត​អ្នក​របួស​ យក​ប្រេង​និង‌​ស្រា​ចាក់​ពីលើ​មុខ​របួស  ​ រុំរបួស​ឲ្យ​ រួច​គាត់​លើក​អ្នក​របួស​ដាក់​លើ​ជំនិះ​របស់​គាត់​ នាំ​ទៅ​ផ្ទះ​សំណាក់​ ហើយ​ថែទាំ​អ្នក​របួស​នោះ។​ ៣៥ស្អែក​ឡើង​ គាត់​យក​ប្រាក់​ប្រគល់​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់​ ទាំង​ផ្តាំ​ថា​ “សូម​ថែទាំ​បុរស​នេះ​ផង​ ប្រសិន​បើ​អ្នក​ចំណាយ​លើស​ពី​ប្រាក់​នេះ​ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ​ ខ្ញុំនឹង​ជូន​បង្គ្រប់”។​ ក្នុង​ចំណោម​មនុស្ស​ទាំង​បីនាក់​ តើ​លោក​យល់​ថា​ អ្នក​ណា​ចាត់​ទុក​ខ្លួន​ជា ​ បង​ប្អូន​នឹង​បុរស​ ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ចោរ​ប្លន់​នោះ?»។​ ធម្មា​ចារ្យ*​ឆ្លើយ​ថា៖​ «គឺ​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ករុណា​ចំពោះ​គាត់»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖​ ‌‌«សុំ​លោក​អញ្ជើញ​ទៅ​ចុះ​‌ហើយ​ប្រព្រឹត្ត​ឲ្យ​បាន​ដូច​អ្នក​នោះ​ទៅ»។