ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩

ពេល​នោះ មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​អ្វី​ខ្លះ ដើម្បី​ឲ្យ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​ព្រះ‌ជា‌ម្ចាស់​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ល្អ​សប្បុរស។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ត្រូវ​ប្រតិ‌បត្តិ​តាម​វិន័យ​ទៅ»។ គាត់​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «វិន័យ​អ្វី​ខ្លះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស  ចូរ​គោរព​មាតា‌បិតាចូរ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»។

យុវ‌បុរស​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​បាន​ប្រតិ‌បត្តិ​តាម​វិន័យ​ទាំង​នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​បាន​ល្អ​ឥត​ខ្ចោះ ចូរ​យក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​លក់ ហើយ​ចែក​ឲ្យ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​បាន​សម្បត្តិ​សួគ៌ រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ!»។ កាល​យុវ‌បុរស​នោះ​ឮ​ដូច្នេះ គាត់​ត្រឡប់​ទៅ​វិញ ទាំង​ព្រួយ​ចិត្ត ដ្បិត​គាត់​មាន​ទ្រព្យ‌សម្បត្តិ​ស្ដុក‌ស្តម្ភ​ណាស់។