ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ២៩ ខែសីហា ឆ្នា២០១៩

ព្រះ​បាទ​ហេរ៉ូដ​បាន​បញ្ជា​ឲ្យ​គេ​ចាប់​លោក​យ៉ូហាន​ដាក់​ច្រវាក់​យក​ទៅ​ឃុំឃាំង​ ដោយ​ទ្រង់​ជឿ​តាម​ព្រះ​នាង​ហេរ៉ូឌីយ៉ាដា​ ដែល​ត្រូវ​ជា​មហេសី​របស់​ស្តេច​ភីលីព​ ជា​អនុជ​ ហើយ​ព្រះអង្គ​យក​មក​ធ្វើជា​មហេសី។​ លោក​យ៉ូហាន​បាន​បន្ទោស​ស្តេច​ហេរ៉ូដ​ថា៖​ «ព្រះ​ករុណា​គ្មាន​សិទ្ធិ​នឹង​យក​មហេសី​របស់​អនុជ​មក​ធ្វើ​ជា​មហេសី​ទេ»។​ ១៩ព្រះនាង​ហេរ៉ូឌី​យ៉ាដា​ចង​គំនុំ​ ប៉ង​សម្លាប់​លោក​យ៉ូហាន​ តែរក​សម្លាប់​ពុំកើត‌ ដ្បិត​ព្រះ​បាទ​ហេរ៉ូដ​ខ្លាច​លោក​យ៉ូហាន​ ព្រោះ​ទ្រង់​ជ្រាប​ថា​ លោក​ជា​មនុស្ស​សុចរិត‌​និង​ជាអ្នក​ដ៏វិសុទ្ធ។​ ដូច្នេះ​ទ្រង់​ការពារ​លោក។‌​ កាល​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​លោក​យ៉ូហាន‌​ ​ទ្រង់​សព្វ​ព្រះហប្ញ​ទ័យ​ជាខ្លាំង​ តែទ្រង់​រារែក​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា។‌

មាន​ថ្ងៃ​មួយ​ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះបាទ​ហេរ៉ូដ​‌ព្រះអង្គ​បាន​រៀប​ចំ​ពិធី​ជប់​លៀង​ ‌ដោយ​អញ្ជើញ​អស់​លោក​មន្ត្រី​មេទ័ព​ និង​នាម៉ឺន​ធំៗ​ ​ក្នុង​ស្រុក​កាលីឡេ​មក​ចូល​រួម។​ ពេល​នោះ​ជា​ឱកាស​ល្អ​ ដល់​ព្រះនាង​ហេរ៉ូឌី​យ៉ាដា។​ បុត្រី​របស់​ព្រះនាង​ក៏ចូល​មក​រាំ​ ធ្វើឲ្យ​ស្តេច​ហេរ៉ូដ​និង​ភ្ញៀវ​ទាំង​អស់​ពេញ​ចិត្ត​ណាស់។​ ស្តេច​ក៏មាន​រាជ​ឱង្ការ​ទៅ​កាន់​នាង​ថា៖​ «បើ​នាង​ចង់​បាន​អ្វី‌​ ចូរ​សុំពី​យើង​ចុះ‌​ យើង​នឹង​ឲ្យ​នាង»។​ រួច​ស្តេច​ស្បថ​នឹង​នាង​ថា៖​ «អ្វីៗ​ដែល​នាង​សុំ​ពី​យើង​ យើង​នឹង​ឲ្យ​នាង​ទោះបី​នគរ​មួយ​ចំហៀង​ក៏ដោយ»។​ នាង​ក៏ចេញ​ទៅ​សួរ​មាតា​ថា៖​ «តើខ្ញុំ​ម្ចាស់​ត្រូវ​សុំអ្វី ? »។‌​ មាតា​ឆ្លើយ​ថា៖​ «ត្រូវ​សុំ​ក្បាល​របស់​យ៉ូហាន​បាទីស្ត ! »។​ នាង​ក៏​ប្រញាប់​ត្រឡប់​ទៅ​គាល់​ស្តេច​វិញ​ភ្លាម‌​ រួច​ទូល​ថា៖​ «ខ្ញុំម្ចាស់​ចង់បាន​ក្បាល​របស់​យ៉ូហាន​បាទីស្ត​ ដាក់​លើ​ថាស​ឥឡូវ​នេះ!»។​ ២៦ស្តេច​ព្រួយ​ព្រះ​ហប្ញ​ទ័យ​ក្រៃ​លែង​ តែ​មិន​ហ៊ាន​បដិ​សេធ​ឡើយ‌​ ព្រោះ​ទ្រង់​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​គ្នា។​ ២៧ទ្រង់​បញ្ជា​ទាហាន​ម្នាក់​ ឲ្យ​ទៅ​យក​ក្បាល​លោក​​យ៉ូហាន​មក​ភ្លាម។​ ទាហាន​ទៅ​គុក‌​ កាត់​ ក​ លោក​យ៉ូហាន​ យក​ក្បាល​ដាក់​លើ​ថាស​មួយ​ មក​ប្រគល់​ឲ្យ​នាង​ ហើយ​នាង​យក​ទៅ​ថ្វាយ​មាតា។​ កាល​ពួក​សិស្ស​របស់​លោក​យ៉ូហានបាន​ឮ​ដំណឹង​នេះ‌​ គេនាំ​គ្នា​មក​យក​សព​របស់​លោក ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។