ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃអាទិត្យទី១០ ខែកុម្ភៈ ឆ្នាំ២០១៩

ព្រះគម្ពីរដំណឹងល្អ លូកា ៥,១-១១
ព្រះ‌យេស៊ូត្រាស់ហៅសិស្សបីរូប

1 ថ្ងៃមួយ ព្រះ‌យេស៊ូគង់នៅមាត់បឹងគេនេ‌សារ៉ែត មានបណ្ដា‌ជនជាច្រើនប្រជ្រៀតគ្នានៅជុំ‌វិញព្រះ‌អង្គ ដើម្បីស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់។
2 ព្រះ‌អង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។
3 ព្រះ‌យេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចទ្រង់សុំឲ្យគាត់ចេញទូក ទៅឆ្ងាយពីច្រាំងបន្តិច។ ព្រះ‌អង្គគង់បង្រៀនបណ្ដា‌ជនពីក្នុងទូកនោះ។ 4 លុះព្រះ‌អង្គបង្រៀនគេចប់ហើយ ទ្រង់មានព្រះ‌បន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។
5 លោកស៊ីម៉ូនតបទៅព្រះ‌យេស៊ូវិញថា៖ «លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្តែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ 6 គេក៏ទម្លាក់អួនទៅក្នុងទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។
7 គេបក់ដៃហៅមិត្ត‌ភក្ដិដែលនៅក្នុងទូកមួយទៀតឲ្យមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ ស្ទើរតែនឹងលិច។ 8 ពេលលោកស៊ីម៉ូន-‌ពេត្រុសឃើញដូច្នោះ គាត់ក្រាបទៀបព្រះ‌បាទាព្រះ‌យេស៊ូ ទូលព្រះ‌អង្គថា៖ «ព្រះ‌អម្ចាស់អើយ សូមយាងឲ្យឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សបាប»។
9 លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នកដែលនៅជាមួយ ភ័យស្ញប់‌ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។ 10 រីឯលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេ‌ដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្តដូច្នោះដែរ។ ប៉ុន្តែ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។ 11 ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់របស់របរទាំងអស់ចោល រួចនាំគ្នាដើរតាមព្រះ‌យេស៊ូទៅ។