ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ៥​ ខែកញ្ញា ឆ្នាំ២០១៩

 ក្រោយ​មក ព្រះយេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​សាវ័ក​ឃើញ​ម្ដង​ទៀត នៅ​មាត់​សមុទ្រ​ទីបេរីយ៉ាដ គឺ​ព្រះអង្គ​បង្ហាញ​ឲ្យ​គេ​ឃើញ​ដូច​ត​ទៅ៖ លោក​ស៊ីម៉ូន​សិលា លោក​ថូម៉ាស​ហៅ​ឌីឌីម លោក​ណាថាណាអែល ពី​ភូមិ​កាណា​ក្នុង​ស្រុក​កាលីឡេ កូន​ទាំង​ពីរ​របស់​លោក​សេបេដេ និង​សាវ័ក​របស់​ព្រះយេស៊ូ​ពីរ​នាក់​ទៀត​នៅ​ជុំ​គ្នា។  លោក​ស៊ីម៉ូន​សិលា​ និយាយ​ទៅ​កាន់​សាវ័ក​ឯ​ទៀតៗ​ថា៖ «ខ្ញុំ​ទៅ​រក​ត្រី»។ គេ​ពោល​តប​មក​គាត់​វិញ​ថា៖ «យើង​ទៅ​ជា​មួយ​ដែរ»។ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ចុះ​ទូក​ទាំង​អស់​គ្នា ប៉ុន្តែ នៅ​យប់​នោះ គេ​ឥត​បាន​ត្រី​សោះ។

 ព្រលឹម​ឡើង ព្រះយេស៊ូ​ឈរ​នៅ​មាត់​ច្រាំង ប៉ុន្តែ ក្រុម​សាវ័ក​មិន​ដឹង​ថា​ជា​ព្រះអង្គ​ទេ។ ៥ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «កូន​ចៅ​អើយ ! មាន​អ្វី​បរិភោគ​ឬ​ទេ ? »។ គេ​ទូល​ព្រះអង្គ​ថា៖ «គ្មាន​ទេ»។  ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទម្លាក់​អួន​ខាង​ស្ដាំ​ទូក​ទៅ មុខ​ជា​បាន​ត្រី​មិន​ខាន»។ គេ​ក៏​ទម្លាក់​អួន ហើយ​ពុំ​អាច​លើក​អួន​ឡើង​វិញ​បាន​ឡើយ ព្រោះ​មាន​ត្រី​ច្រើន​ពេក។  ពេល​នោះ សាវ័ក​ដែល​ព្រះយេស៊ូ​ស្រឡាញ់ និយាយ​ទៅ​លោក​សិលា​ថា៖ «ព្រះអម្ចាស់​ទេ​តើ ! »។ កាល​លោក​ស៊ីម៉ូនសិលា​ឮ​ថា ព្រះអម្ចាស់​ដូច្នេះ គាត់​ក៏​ស្លៀកពាក់ ដ្បិត​គាត់​នៅ​ខ្លួន​ទទេ រួច​លោត​ទៅ​ក្នុង​ទឹក។

 សាវ័ក​ឯ​ទៀតៗ​នាំ​គ្នា​ ចូល​ទូក​ទៅ​មាត់​ច្រាំង ទាំង​ទាញ​អួន​ ដែល​មាន​ត្រី​ពេញ​ទៅ​ជា​មួយ​ផង ព្រោះ​គេ​មិន​នៅ​ឆ្ងាយ​ពី​ច្រាំង​ប៉ុន្មាន​ទេ គឺ​ប្រមាណ​ជា​ពីរ​រយ​ហត្ថ​ប៉ុណ្ណោះ។ ​គេ​ឡើង​ទៅ​លើ​គោក​ឃើញ​រងើក​ភ្លើង មាន​ដាក់​ត្រី និង​នំបុ័ង​អាំង​ពី​លើ​ផង។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «សុំ​យក​ត្រី​ ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​ចាប់​បាន​មក​ណេះ ! »។ ​លោក​​​ស៊ីម៉ូន​សិលា​ ចុះ​ទៅ​ក្នុង​ទូក ទាញ​អួន​ ដែល​មាន​ត្រី​ពេញ​មក​ដាក់​លើ​គោក គឺ​មាន​ត្រី​ធំៗ​ចំនួន​មួយ​រយ​ហាសិប​បី។ ទោះ​បី​មាន​ត្រី​ច្រើន​យ៉ាង​នេះ​ក៏​ដោយ ក៏​អួន​មិន​ធ្លាយ​ដែរ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «នាំ​គ្នា​មក​បរិភោគ​ទៅ»។ គ្មាន​សាវ័ក​ណា​ម្នាក់​ហ៊ាន​សួរ​ព្រះអង្គ​ថា “លោក​ជា​នរណា”ឡើយ ដ្បិត​គេ​ដឹង​ថា​ជា​ព្រះអម្ចាស់​ទាំង​អស់​គ្នា។ ​ព្រះយេស៊ូ​យាង​ទៅ​ជិត​ពួក​គេ ទ្រង់​យក​នំបុ័ង​មក​ប្រទាន​ឲ្យ​គេ ហើយ​យក​ត្រី​មក​ប្រទាន​ឲ្យ​គេ​ដែរ។

តាំង​ពី​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មក នេះ​ជា​លើក​ទី​បី​ហើយ ដែល​ព្រះយេស៊ូ​សំដែង​ព្រះអង្គ​ឲ្យ​ក្រុម​សាវ័ក​ឃើញ។

លុះ​គេ​បាន​បរិភោគ​រួច​រាល់​ហើយ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​លោក​ស៊ីម៉ូនសិលា​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូហាន​អើយ ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ ជាង​អ្នក​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ឬ ? »។ គាត់​ទូល​ព្រះអង្គ​ថា៖ «ក្រាប​ទូល​ព្រះអម្ចាស់ ! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែរក្សា​កូន​ចៀម​របស់​ខ្ញុំ​ផង ! »។ព្រះអង្គ​មាន​ព្រះបន្ទូល​សួរ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូហាន​អើយ ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ ? »។ លោក​សិលា​ទូល​ថា៖ «ក្រាប​ទូល​ព្រះអម្ចាស់ ! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា​ទូលបង្គំ​ស្រ​ឡាញ់​ព្រះអង្គ»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «សុំ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង ! »។