ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៩

ពួក​ខាង​គណៈ​ផារីស៊ី ចេញ​ពី​សាលា​ប្រជុំ ហើយ​ពិគ្រោះ​គ្នា​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌អង្គ។ កាល​ព្រះ‌យេស៊ូ​ជ្រាប​ដូច្នោះ ព្រះ‌អង្គ​យាង​ចាក‌ចេញ​ពី​ទី​នោះ ទាំង​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​ព្រះ‌អង្គ​ទៅ​ដែរ។ ព្រះ‌អង្គ​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជំងឺ​ទាំង​អស់​គ្នា តែ​ព្រះ‌អង្គ​គំរាម​គេ​យ៉ាង​ម៉ឺង‌ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ដទៃ​ថា ព្រះ‌អង្គ​ជា​នរណា​ឡើយ ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម‌រយៈ​ព្យាការី*​អេសាយ​ថា៖

18 «លោក​នេះ​ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន 
ជ្រើស‌រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ 
ហើយ​ធ្វើ​ឲ្យ​ចិត្ត​យើង​រីក‌រាយ។ 
យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង 
ឲ្យ​សណ្ឋិត​លើ​លោក 
ហើយ​លោក​នឹង​ប្រាប់​ឲ្យ​ជាតិ​សាសន៍ 
ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។ 
លោក​នឹង​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​នរណា​ឡើយ 
ហើយ​ក៏​មិន​ស្រែក​ដាក់​នរណា​ផង 
គ្មាន​នរណា​ឮ​សំឡេង​របស់​លោក​នៅ 
តាម​ទី‌ផ្សារ​ទេ។ 
លោក​នឹង​មិន​កាច់​ដើម​ត្រែង​ណា​ដែល 
ទក់​ហើយ​នោះ​ឡើយ 
ហើយ​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង​ណា​ដែល​ហៀប​នឹង 
រលត់​នោះ​ដែរ។ 
លោក​ធ្វើ​ដូច្នេះ រហូត​ដល់​លោក​នាំ 
សេចក្ដី​សុចរិត​ឲ្យ​មាន​ជ័យ‌ជម្នះ។ 
ជាតិ​សាសន៍​ទាំង​អស់​នឹង​នាំ​គ្នា 
សង្ឃឹម​លើ​លោក»​។