ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៩

ព្រះគម្ពីរដំណងល្អ ម៉ាកុស ២,១៣-១៧
ព្រះ‌យេស៊ូត្រាស់ហៅលោកលេវី

13 ព្រះ‌យេស៊ូយាងតាមឆ្នេរសមុទ្រកាលី‌ឡេម្ដងទៀត។ បណ្ដា‌ជនទាំងមូលនាំគ្នាមករកព្រះ‌អង្គ ព្រះ‌អង្គក៏បង្រៀនពួកគេ។ 14 កាលព្រះ‌អង្គយាងកាត់តាមនោះ ទ្រង់ទតឃើញលោកលេវី ជាកូនរបស់លោកអាល់‌ផាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើង ដើរតាមព្រះ‌អង្គទៅ។
15 បន្ទាប់មក ព្រះ‌យេស៊ូសោយព្រះ‌ស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ* ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយព្រះ‌អង្គ និងពួកសិស្ស*។ មានមនុស្សប្រភេទនោះច្រើននាក់បានមកតាមព្រះ‌អង្គ។ 16 ពួកអាចារ្យពីគណៈផារី‌ស៊ី*ឃើញព្រះ‌យេស៊ូសោយព្រះ‌ស្ងោយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ពួកសិស្សថា៖ «ហេតុអ្វីបានជាលោកបរិ‌ភោគជាមួយអ្នកទារពន្ធ និងជាមួយមនុស្សបាប?»។
17 ព្រះ‌យេស៊ូបានឮគេនិយាយដូច្នេះ ក៏មានព្រះ‌បន្ទូលថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។