ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩

1 នៅ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ពួក​សាវ័ក​បាន​រួម​ប្រជុំ​ទាំង​អស់​គ្នា​ក នៅ​កន្លែង​តែ​មួយ។ 2 រំពេច​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹក​ពី​លើ​មេឃ ដូច​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​នៅ។ 3 ពួក​សាវ័ក​បាន​ឃើញ​ហាក់​ដូច​ជាមាន​អណ្ដាត​ភ្លើង​បែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិត​លើ​ពួក​គេ​ម្នាក់ៗ។ 4 អ្នក​ទាំង​នោះ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា តាម​ព្រះ‌វិញ្ញាណ​ប្រោស​ប្រទាន​ឲ្យ។

5 ពេល​នោះ មាន​ជន​ជាតិ​យូដាជា​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ មក​ពី​ប្រទេស​នានា ក្នុង​ពិភព‌លោក​ទាំង​មូល ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។ 6 ពេល​ស្នូរ​សន្ធឹក​លាន់​ឮ​យ៉ាង​ខ្លាំង​ដូច្នោះ មហា‌ជន​នាំ​គ្នា​រត់​មក​មើល ហើយ​ភ្ញាក់​ផ្អើល​ក្រៃ‌លែង ព្រោះ​ម្នាក់ៗ​បាន​ឮ​ពួក​សាវ័ក​និយាយ​ភាសា​របស់​ខ្លួន។ 7 អ្នក​ទាំង​នោះ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់ គេ​ស្ងើច​សរសើរ ទាំង​ពោល​ថា៖ «អ្នក​ដែល​កំពុង​និយាយ​នេះ សុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ទេ​តើ។ 8 ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​របស់​យើង​រៀងៗ​ខ្លួន​ទៅ​វិញ​ដូច្នេះ? 9 គឺ​ទាំង​អ្នក​ស្រុក​ប៉ារថុស ស្រុក​មេឌី ស្រុក​អេឡាំ ទាំង​អ្នក​ស្រុក​មេសូ‌ប៉ូតាមី ស្រុក​យូដា ស្រុក​កាប៉ា‌ដូស ស្រុក​ប៉ុនតុស ស្រុក​អាស៊ី 10 ស្រុក​ព្រីស៊ី ស្រុក​ប៉ាមភីលី ស្រុក​អេស៊ីប ស្រុក​លីប៊ី​ដែល​នៅ​ក្បែរ​ស្រុក​គីរ៉េន និង​អស់​អ្នក​មក​ពី​ក្រុង​រ៉ូម 11 ទាំង​ជន​ជាតិ​យូដា ទាំង​អ្នក​ចូល​សាសនា​យូដា ទាំង​អ្នក​មក​ពី​កោះ​ក្រែត ទាំង​ជន​ជាតិ​អារ៉ាប់ យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌ជាម្ចាស់ ជា​ភាសា​យើង​ទាំង​អស់​គ្នា​ផ្ទាល់!»។