ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩

ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ៧,១-១៣
ពួកខាងគណៈផារី‌ស៊ី និងទំនៀម‌ទម្លាប់

1 មានពួកខាងគណៈផារី‌ស៊ី* និងអាចារ្យ*ខ្លះ នាំគ្នាមកពីក្រុងយេរូ‌សាឡឹមទៅជួបព្រះ‌យេស៊ូ។2 គេឃើញសិស្ស*របស់ព្រះ‌អង្គខ្លះបរិ‌ភោគអាហារ ដោយដៃមិនបរិសុទ្ធ* គឺគេពុំបានលាងដៃជាមុន។
3 ធម្មតា ពួកផារី‌ស៊ី និងជន‌ជាតិយូដាទាំងអស់ តែងតែធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់‌ចត់មុននឹងបរិ‌ភោគ តាមទំនៀម‌ទម្លាប់របស់ចាស់បុរាណ។ 4 នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសម្អាតខ្លួនជាមុនទេ គេមិនបរិ‌ភោគឡើយ។ គេកាន់ទំនៀម‌ទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នាំង លាងតុជាដើម។
5 ពួកខាងគណៈផារី‌ស៊ី និងពួកអាចារ្យទូលសួរព្រះ‌យេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់តាមទំនៀម‌ទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិ‌ភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។ 6 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «ព្យាការី*អេសាយបានថ្លែងទុកថា “អ្នករាល់គ្នាជាមនុស្សមានពុត”ត្រូវណាស់ ដូចមានចែងថា:
ប្រជា‌រាស្ត្រនេះគោរពយើងតែបបូរមាត់
ឯចិត្តគេនៅឆ្ងាយពីយើង។
7 គេថ្វាយ‌បង្គំយើង តែឥតបានការអ្វីសោះ
ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្ស
ប៉ុណ្ណោះ។
8 អ្នករាល់គ្នាបោះបង់ចោលបទ‌បញ្ជារបស់ព្រះ‌ជាម្ចាស់ បែរទៅកាន់តាមទំនៀម‌ទម្លាប់របស់មនុស្សវិញ»។

9 ព្រះ‌អង្គមានព្រះ‌បន្ទូលទៀតថា៖ «អ្នករាល់គ្នាលុបបំបាត់បទ‌បញ្ជារបស់ព្រះ‌ជា ម្ចាស់ចោល បែរទៅកាន់តាមទំនៀម‌ទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។
10 លោកម៉ូសេ*បានថ្លែងថា:“ចូរគោរពមាតា‌បិតារបស់អ្នក អ្នកណាជេរប្រទេច‌ផ្ដាសាមាតារបស់ខ្លួន ត្រូវមានទោសដល់ជីវិត” 11 រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបែរជាពោលថា: “ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយបានរាប់ថាគ័រ‌បាន់ ស្រេចទៅហើយ” (ពាក្យនេះប្រែថាទុកជាតង្វាយថ្វាយព្រះ‌ជាម្ចាស់)។
12 អ្នករាល់គ្នាពុំទុកឲ្យគាត់ជួយឪពុកម្ដាយឡើយ។ 13 អ្នករាល់គ្នាបានបំបាត់តម្លៃព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ ដោយ‌សារទំនៀម‌ទម្លាប់ដែលអ្នករាល់គ្នាបានបង្រៀនតៗគ្នា។ អ្នករាល់គ្នាបានធ្វើការផ្សេងៗជាច្រើន ស្រដៀងនឹងការទាំងនេះដែរ»។