អត្តបទទី១ ១យ៉ូហាន ៤,១៩_៥,៤
ព្រះគម្ពីរដំណឹងល្អ លូកា ៤,១៤_២២
អ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទួលព្រះអង្គ
14 ព្រះយេស៊ូយាងត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណ ព្រះនាមព្រះអង្គឮល្បីល្បាញពាសពេញតំបន់នោះ។ 15 ព្រះអង្គបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំ* គេសរសើរតម្កើងសិរីរុងរឿងព្រះអង្គគ្រប់ៗគ្នា។ 16 ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ* ព្រះអង្គយាងទៅសាលាប្រជុំ*តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ។ 17 គេបានយកគម្ពីររបស់ព្យាការី*អេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរត្រង់អត្ថបទមួយ ដែលមានចែងថា៖
18 «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។
ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំ
ឲ្យនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ។
ព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់
ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព
ហើយប្រាប់មនុស្សខ្វាក់ថា
គេនឹងមើលឃើញវិញ។
ព្រះអង្គបានចាត់ខ្ញុំឲ្យមករំដោះ
អស់អ្នកដែលត្រូវគេសង្កត់សង្កិន
19 ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់
សម្តែងព្រះហឫទ័យមេត្តាករុណា»។
20 លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សា រួចទ្រង់គង់ចុះវិញ។ មនុស្សគ្រប់ៗរូបនៅក្នុងសាលាប្រជុំ សម្លឹងមើលព្រះអង្គ។ 21 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរដូចអ្នករាល់គ្នាទើបនឹងស្ដាប់អំបាញ់មិញ បានសម្រេចជារូបរាងនៅថ្ងៃនេះហើយ»។ 22 ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូល ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ដែលហូរចេញពីព្រះឱស្ឋរបស់ព្រះអង្គ។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេឬ?»។