ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទុលថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៩

កុំចង់បានកន្លែងកិត្តិយស

ព្រះ​យេស៊ូ​សង្កេត​ឃើញ​ ភ្ញៀវៗ​ចេះ​តែ​រើស​កន្លែង​កិត្តិយស​អង្គុយ​ ព្រះអង្គ​ក៏មាន​ព្រះ​បន្ទូល​ជា​ប្រស្នា​ទៅ​គេ​ថា៖​ «បើ​មាន​គេ​អញ្ជើញ​អ្នក​ទៅ​ជប់​លៀង​ក្នុង​ពិធី​មង្គល​ការ​ណា​មួយ​ សុំកុំ​ទៅ​អង្គុយ​កន្លែង​ដែល​គេ​បម្រុង​ទុក​ សម្រាប់​ភ្ញៀវ​កិត្តិយស​ ក្រែង​លោ​គេ​បាន​អញ្ជើញ​ភ្ញៀវ​ម្នាក់​ទៀត​ មាន​ឋានៈ​ខ្ពស់​ជាង​អ្នក។​ ប្រសិន​បើ​ម្ចាស់​ផ្ទះ​បាន​អញ្ជើញ​អ្នក​ផង​ អញ្ជើញ​ភ្ញៀវ​មាន​ឋានៈ​ខ្ពស់​នោះ​ផង​‌គាត់​មុខជា​សុំឲ្យ​អ្នក​ទុក​កន្លែង​កិត្តិយស​ ជូន​អ្នក​មាន​ឋានៈ​ខ្ពស់​ជាមិន​ខាន។​ ពេល​នោះ​ អ្នក​នឹង​ត្រូវ​អាម៉ាស់​មុខ​ ហើយ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​វិញ។​ ដូច្នេះ​  បើ​មាន​គេ​អញ្ជើញ​អ្នក​‌ចូរ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​សិន​ ‌លុះ​ដល់​ម្ចាស់​ផ្ទះ​ពោល​មក​កាន់​អ្នក​ថា​ “សំឡាញ់​អើយ!​ ​សូម​អ្នក​មក​អង្គុយ​នៅ​កន្លែង​ខាង​មុខ​នេះ​វិញ”​ ពេល​នោះ​អ្នក​នឹង​មាន​កិត្តិយស​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់​ ដែល​អង្គុយ​រួមតុ​ជាមួយ​អ្នក​ជាមិន​ខាន។​ អ្នក​ណា​លើក​តម្កើង​ខ្លួន​ អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។​ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន​នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។

ត្រូវអញ្ជើញអ្នកក្រីក្រមកបរិភោគ

បន្ទាប់មក​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​អ្នក​ដែល​បាន​យាង​ព្រះអង្គ​ មក​សោយ​ព្រះ​ស្ងោយ​នោះ​ថា៖​ «កាល​ណា​អ្នក​អញ្ជើញ​ភ្ញៀវ​មក​ជប់​លៀង​ ទោះបី​ថ្ងៃ​ត្រង់ក្តី​ល្ងាចក្តី​ កុំ​អញ្ជើញ​មិត្ត​ភក្តិ​ បងប្អូន​ ញាតិ​សន្តាន​របស់អ្នក​ ឬ​អ្នក​ជិត​ខាង​ ដែល​មាន​សម្បត្តិ​ស្តុក​ស្តម្ភ​នោះ​ឡើយ​ ដ្បិត​អ្នក​ទាំង​នោះ​អញ្ជើញ​អ្នក​តប​ស្នង​វិញ​បាន។‌​ ​ផ្ទុយ​ទៅវិញ​ ពេល​ណា​អ្នក​ធ្វើ​ពិធី​ជប់​លៀង​ ត្រូវ​អញ្ជើញ​អ្នក​ក្រីក្រ​មនុស្ស​ពិការ​ ខ្វិន​ ខ្វាក់។​ ធ្វើ​ដូច្នេះ​ អ្នក​នឹង​មាន​សុភ​មង្គល​ជាមិន​ខាន​ ដ្បិត​អ្នក​ទាំង​នោះ​ពុំអាច​តប​ស្នង​អ្នក​បាន​ឡើយ​ គឺ​ព្រះជា​ម្ចាស់​វិញ​ទេ​ដែល​នឹង​តប​ស្នង​ជូន​អ្នក​ នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។