ព័ត៌មាន

ពិធីសម្ភោធ ព្រះវិហារ ព្រះហឫទ័យ ព្រះបេះដូងព្រះយេស៊ូ (ព្រែកតាទែន)

[:kh] 

ភ្នំពេញ៖ អាគារមួយខ្នង ដែលមានបន្ទប់សម្រាប់អធិដ្ឋាន ថ្នាក់សាលាមត្តេយ្យ និងបន្ទប់ស្នាក់នៅ មានទីធ្លាទូលាយជាន់ផ្ទាល់ដី បានបើសម្ពោធ និងប្រារព្ធពិធីប្រោះទឹក ព្រះពរដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២៧ ខែមករាឆ្នាំ២០១៨។ ពិធីនេះប្រារព្ធទៅក្រោម អធិបតីភាពលោក អូលីវីយេ ជ្មីតអីស្ល៊េរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដោយមានវត្តមានលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងជើង លោកបូជាចារ្យ នៃគ្រឹះស្ថានរបស់សម្តេចប៉ាបនៅកម្ពុជា ដូនជីកាតូលិកពីប្រទេសថៃដែលជាម្ចាស់ជំនួយ និងគ្រីស្តបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។

អគារថ្មីនេះជាមណ្ឌលសកម្មភាព ព្រះសហគមន៍នៅព្រែកតាទែន តាមបណ្តោយផ្លូវជាតិលេខប្រំា (លេខ៥) ស្រុកពញាឮ ខេត្តកណ្តាល ដែលមានឈ្មោះថា “ព្រះហឫទ័យព្រះបេះដូងព្រះយេស៊ូ”។ ជាកិច្ចចាប់ផ្តើម មានតំណាងគ្រីស្តបរិស័ទ បានអានប្រវត្តិរបស់ព្រះសហគមន៍នៅក្នុងភូមិ បន្ទាប់មក លោក កាលេណានី ឆារលេស ជាបូជាចារ្យទទួលខុសត្រូវ បានមានប្រសាសន៍ស្វាគមន៍នូវវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលអូលីវីយេជាអធិបតី និងដល់ភ្ញៀវកិត្តិយសជិតឆ្ងាយ ដែលបានចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះដើម្បីអរព្រះគុណព្រះជាម្ចាស់សម្រាប់អំណោយទានថ្មីដែលបានទទួល។

ក្នុងធម្មទេសនា លោកអូលីវីយេ បានមានប្រសាសន៍ រំឭកដល់ព្រះសហគមន៍កាតូលិកក្នុងភូមិព្រែកតាទែននេះ ឲ្យយកចិត្តទុកដាក់នឹងកុមារ ហើយលោកបានជំរុញឲ្យបងប្អូន និងលោកបូជាចារ្យទទួលខុសត្រូវ សូមធ្វើឲ្យទីនេះទៅជាកន្លែងពិសេស ទទួលស្វាគមន៍កុមារ ដើម្បីឲ្យគេមានភាពកក់ក្តៅ ទទួលបានសេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់។ លោកអភិបាលក៏បានរំលឹកអំពីស្ថានភាពទារក និងកុមារនៅកម្ពុជា ដែលនៅតែទទួលរងគ្រោះ ដោយសារឪពុកម្តាយបោះបង់ចោល និងលក់ដល់អ្នកដទៃព្រោះតែភាពខ្វះខាត។

លោកបានសង្កត់ធ្ងន់ចំពោះគ្រីស្តបរិស័ទឲ្យភ្ញាក់ស្មារតីថា តួនាទីរបស់យើងគឺ ប្រគល់ភាពកក់ក្តៅ សេចក្តីស្រឡាញ់ និងក្នុងឆ្នាំគ្រួសារនេះ សូមឲ្យព្រះសហគមន៍ ធ្វើជាឪពុក ជាម្តាយចំពោះកុមារដែលខ្វះសេចក្តីស្រឡាញ់ ខ្វះការយកចិត្តទុកដាក់ ខ្វះការអប់រំ ថែរទាំ និងថ្នាក់ថ្នម… ។

លោកសង្ឃឹមលោកឪពុកនិងគ្រីស្តបរិស័ទព្រែកតទែន នឹងជួយឲ្យកន្លែងនេះទៅជាកន្លែងអប់រំ ឲ្យកូនៗ ទទួលការអប់រំ ណែនាំកូនក្មេង ដោយបង្ហាញសេចក្តីស្រលាញ់លើកទឹកចិត្តកូនក្មេង ថ្នាក់ថ្នមកូនក្មេង ឲ្យគេមានអនាគតយ៉ាងល្អ ។

លោកអូលីវីយេបន្ថែមថា សូមព្រះសហគមន៍នៅទីនេះទៅជាកន្លែងសម្តែងធម៌មេត្តាករុណាពិតៗ ដូចព្រះយេស៊ូបានទទួលស្វាគមន៍កុមារដែរ។ លោកអភិបាលថា ចំពោះមនុស្សពេញវ័យ ត្រូវចេះពឹងផ្អែកលើព្រះឧបការគុណរបស់ព្រះជាម្ចាស់ ហើយចូរមានចិត្ត ដូចកូនក្មេងដើម្បីចូលក្នុងព្រះរាជរបស់ព្រះជាម្ចាស់។

លោកអភិបាលបន្តថា មានកុមារជាច្រើនកើតឡើងដោយអយុត្តិធម៌ គ្មានសំណាងដូចកុមារដទៃ។ តាមសិទ្ធិមនុស្ស មនុស្សទាំងអស់មានសិទ្ធិស្មើៗគ្នា តែខ្លះមានវាសនាខុសគ្នា ខ្លះជាកូនអ្នកមាន ខ្លះស្រណុក ខ្លះលំបាក កុមារចេះតែទទួលឥទ្ធិពល ពីមនុស្សពេញវ័យ។

ហេតុដូច្នេះតួនាទីឪពុកម្តាយត្រូវតែស្រលាញ់កូនក្មេង ចិញ្ចឹមកូនណែនាំកូនអប់រំកូន។ យើងជាព្រះសហគមន៍កាតូលិកអាទិភាពរបស់យើង គឺជាឪពុកម្តាយសម្រាប់កុមារ។ លោករំឭកថាកុំភ្លេចព្រះបន្ទូលមួយឃ្លាថា៖ “ ត្រចៀកកាំ និងចាប់ធ្វើសំបុក នៅជិតអសនៈ” កូនក្មេងក៏ចង់នៅ ក្បែរព្រះយេស៊ូ ដើម្បីទទួល ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ និងទទួលកម្លាំងកាយចិត្ត។ ការទាំងនេះកើតឡើងគឺអាស្រ័យលើយើងទាំងអស់គ្នា ជាព្រះសហគមន៍ ធ្វើជាឪពុកម្តាយសម្រាប់កូនទាំងឡាយ។

តំណាងគ្រីស្តបរិស័ទដែលបានអាន ប្រវត្តិព្រះសហគមន៍កាតូលិកនៅព្រែកតាទែនបានរៀបរាប់ថា៖ តាមប្រវត្តិព្រះសហគមន៍កាតូលិកនៅកម្ពុជា វត្តមាននៅក្នុងស្រុកពញ្ញាឮនេះតាំងសតវត្សទី១៦ មកម្លេះ តែដោយសារសង្គ្រាម ព្រះសហគមន៍កាតូលិកត្រូវបំផ្លាញគ្មានសល់។

ក្រោយរបបប៉ុលពត មានគ្រីស្តបរិស័ទនៃភូមិព្រះមាតាភ្នំពេញ មួយគ្រួសារដែលបានភៀសខ្លួនទៅប្រទេសវៀតណាម បានត្រលប់មកវិញក្នុងឆ្នាំ១៩៧៩ ហើយបានតាំងទីលំនៅ ក្នុងភូមិព្រែកតាទែន។ ក្នុងឆ្នាំ២០០៤ មានគ្រីស្តបរិស័ទនៅស្វាយប៉ាក ដែលធ្លាប់ស្គាល់គ្រួសារនោះបាន មកសួរសុខទុក្ខជារឿយៗ។ រហូតដល់ឆ្នាំ២០០៨ ចាប់ផ្តើមមានសកម្មភាពខ្លះៗ ជាមួយបងប្អូន និងកុមារក្នុងភូមិ។ មានការជួបជុំអធិដ្ឋាន និងអប់រំជំនឿដើម្បីពង្រឹងជំនឿគ្រីស្តបរិស័ទ។

ក្នុងឆ្នាំ២០១១ មានសកម្មភាពបន្ថែមលើការអប់រំជំនឿ គឺ សកម្មភាពអប់រំកុមារកាយឫទ្ធិ ដោយមានការជួយជ្រោមជ្រែងព្រះសហគមន៍ផ្សារតូច និងក្រុមស្មាគ្រចិត្តជនជាតិបារំាង។ ក្នុង២០១២ ក៏បានទិញដីមួយកន្លែងបម្រុងទុកកសាងព្រះវិហារ និងមណ្ឌលសកម្មភាព។ ក្នុង២០១៤ ពេលលោកបូជាចារ្យ រឿងឆ័ត្រសិរី ទទួលខុសត្រូវលោកបានចាក់ដីបំពេញដីដែលបានទិញនោះ ហើយសាងសង់ផ្ទះតូចមួយដើម្បីជួបជុំគ្នា អធិដ្ឋាន និងអប់រំជំនឿ។ ក្នុងឆ្នាំ២០១៥ មានជំនួយពីសប្បុរសជន ក៏បានចាប់ផ្តើម កសាងអាគារមណ្ឌលសកម្មភាព ដែលបានសម្ពោធនៅថ្ងៃនេះ។

តាមលោកបូជាចារ្យ ឆារលេស បានមានប្រសាសន៍ក្នុងពិធីសម្ពោធនោះថា សព្វថ្ងៃនេះ ព្រះសហគមន៍នេះមានគ្រីស្តបរិស័ទចំនួនបីគ្រួសារ។ មានសកម្មភាពអប់រំជំនឿ នៅរាល់ថ្ងៃអង្គារ ដែលមានអ្នកចូលរួមចំនួនប្រមាណជា១៥០នាក់ និងសកម្មភាពកុមារកាយឫទ្ធិរៀងរាល់ថ្ងៃសៅរ៍។

លោកបន្តថា ដោយសារពេលនេះសហគមន៍មានអាគារថ្មីហើយ គឺនឹងរៀបចំជាសាលាមត្តេយ្យ បន្តអប់រំជំនឿនៅថ្ងៃអង្គារ កម្មវិធីកុមារកាយឫទ្ធិ និងមានការជួបជុំអធិដ្ឋាន និងមានអភិបូជាជាមួយគ្រីស្តបរិស័ទផងដែរ។ ចំពោះសកម្មភាពមេត្តាករុណានៅតែបន្តជាមួយបងប្អូនក្នុងភូមិ។[:]

Leave a Reply

Your email address will not be published.