ព័ត៌មាន

ពិធីបុណ្យឆ្លងព្រះវិហារ សន្តប៉ូល ស្ថិតក្នុងឃុំស្នឹង ខេត្តបាត់ដំបង នាថ្ងៃទី ៨ខែ ធ្នូ ឆ្នាំ២០១៧

[:kh]បាត់ដំបង៖ គ្រីស្តបរិស័ទយ៉ាងច្រើនកុះករមកពីព្រះសហគមន៍កាតូលិកនានា ក្នុងភូមិភាគបាត់ដំបង បានជួបជុំគ្នាក្នុងពិធីបុណ្យឆ្លងព្រះវិហារ សន្តប៉ូល ស្ថិតក្នុងឃុំស្នឹង ខេត្តបាត់ដំបង នាថ្ងៃទី ៨ខែ ធ្នូនេះ។ ពិធីបុណ្យប្រារព្ធទៅក្រោមអធិបតីលោក គីកេ ហ្វីការ៉េដូ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង រួមជាមួយបូជាចារ្យយ៉ាងច្រើនកុះករ។

ព្រះសហគមន៍កាតូលិកនៅស្នឹងបានចាប់កើតឡើងក្នុងឆ្នាំ២០០៥ ដោយមានគ្រួសារគ្រីស្តបរិស័ទមួយចំនួននៅទៅនោះ ដែលបានឆ្ងាយពីព្រះសហគមន៍តាំងពីសម័យសង្គ្រាមស៊ីវីល បានកើតមានក្នុងតំបន់បាត់ដំបង។ ក្រោយមកក៏មានបងប្អូនពេញវ័យ និងយុវជនមួយចំនួនបានចាប់អារម្មណ៍ រៀនអប់រំជំនឿ ប៉ុន្មានឆ្នាំក្រោយមកក៏បានទទួលអគ្គសញ្ញាជ្រមុជទឹកក្លាយជាគ្រីស្តបរិស័ទ ដោយមានលោកបូជាចារ្យទម្លាប់ សុផល ជាបូជាចារ្យទទួលខុសត្រូវ។ ក្នុងឆ្នាំ២០១៥ លោកបូជាចារ្យទម្លាប់សុផល ត្រូវបានផ្លាស់ប្តូរជំនួសដោយបូជាចារ្យថ្មីគឺ លោកបូជាចារ្យមួង រស់ ។ ក្នុងដំណាក់កាលដែលលោក មួង រស់ ទទួលខុសត្រូវព្រះសហគមន៍នេះ មានភ័ព្ទសំណាង ទទួលបានការគាំទ្រ និងផ្តល់ថវិការសាងសង់ព្រះវិហារដោយសប្បុរសជនជាតិកូរ៉េ គឺលោកម៉ាកុស អាន។ លោកម៉ាកុស អានបានជួយកសាងព្រះវិហារថ្មីចំនួន២រួចមកហើយ នៅក្នុងភូមិភាគបាត់ដំបង គឺព្រះវិហារសន្តីម៉ារីម៉ាដាឡា នៅប៉ោយប៉ែត និងព្រះវិហារ សន្តអន់ដ្រេ នៅព្រះសហគមន៍និគមន៍ ហើយព្រះវិហារសន្តប៉ូលគឺជាព្រះវិហារទីបី។

មានប្រសាសន៍ក្នុងធម្មទេសនា លោកគីកេហ្វីការេដូ បានរំឭកដល់លោកម៉ាកុស អាន ដែលជាអ្នកផ្តល់បច្ច័យកសាងព្រះវិហារ ទោះបីលោកមិនបានមក តែលោករួមចិត្តអធិដ្ឋានជាមួយទាំងអស់គ្នា។ ដោយសារថ្ងៃបុណ្យឆ្លងនេះត្រូវនឹងថ្ងៃបុណ្យព្រះនាងម៉ារីគ្មានជំពាក់បាប លោកអភិបាលបានដាស់តឿនបងប្អូនឲ្យយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ ដោយអធិដ្ឋានយកពេលវេលានៅជាមួយព្រះជាម្ចាស់ ។ យកគំរូតាមព្រះនាងម៉ារី  ព្រោះព្រះនាងម៉ារី ពោរពេញដោយជំនឿ មានចិត្តសុភាពរាបសា ដាក់ខ្លួនបម្រើ និងសាមញ្ញរហូត។ និងចុងក្រោយលោករឭកឲ្យគ្រីស្តបរិស័ទទាំងអស់ ចេះកែប្រែចិត្តគំនិតដូចសន្តប៉ូល ហ៊ានទទួលខុសត្រូវ លោកថា«ធ្វើខុសត្រូវចេះហ៊ានទទួលកែ មកធ្វើត្រូវវិញ។ សូមឲ្យយើងចេះកែ គឺកែប្រែចិត្តគំនិតធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់។»

ក្នុងឱកាសនោះដែរ លោកមួងរស់ ជាបូជាចារ្យទទួលព្រះសហគមន៍សន្តប៉ូល ស្នឹង បានមានប្រសាសន៍ថា យើងមានព្រះវិហារថ្មីបង្ហាញថា យើងមានទីកន្លែងច្បាស់លាស់ ដើម្បីប្រកាសជំនឿរបស់យើង។ អាចធ្វើសកម្មភាពអប់រំជំនឿដល់យុវជន និងកុមារជួយបញ្ជូនបន្តជំនឿដល់គេ និងបងប្អូនដែលមិនស្គាល់ព្រះយេស៊ូ ឲ្យគេបានឃើញវត្តមានរបស់ព្រះយេស៊ូ។ លោកបន្ត« ខ្ញុំពិតជាមានអំណរសប្បាយ ដែលមានព្រះវិហារថ្មី។ ពិតមែនអ្វីដែលយើងធ្វើ យើងនឹងអធិដ្ឋាន អ្វីដែលយើងធ្វើ យើងនឹងធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ហើយដោយសារព្រះអង្គទើបយើងចង់ធ្វើកិច្ចការទាំងនោះ។» លោកក៏បានសូមឲ្យបងប្អូនបន្តអធិដ្ឋាន សម្រាប់បេសកកម្មរបស់ព្រះសហគមន៍ថ្មីនេះ ដើម្បីអាចនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសមរម្យទៅកាន់បងប្អូនឯទៀតៗ និងសូមឲ្យព្រះសហគមន៍នៅទីនេះបានរីកចម្រើនផង។

ព្រះសហគមន៍សន្តប៉ូល ស្នឹង មានគ្រីស្តបរិស័ទ៦០នាក់ តែសព្វថ្ងៃមានតែ១០នាក់មកជាប់លាប់ ព្រោះពួកគេបានធ្វើចំណាកស្រុកទៅប្រទេសថៃ និងយុវជនព្រមទាំងជំទង់ ចំនួន១៥ ទៅ២០នាក់។ ក្នុងនោះព្រះសហគមន៍ក៏មានសាលាមត្តេយ្យសម្រាប់អប់រំកុមារតូចៗផងដែរ។[:]

Leave a Reply

Your email address will not be published.