ព័ត៌មាន

ពិធីបុណ្យគោរពព្រះនាងម៉ារីជាព្រះមាតានៃព្រះសហគមន៍

[:kh]ភ្នំពេញ៖ ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ ​ប្រារព្ធ​ពិធី​បុណ្យ​គោរព​ព្រះនាង​ម៉ារី ជាព្រះមាតានៃ​ព្រះសហគមន៍​កាតូលិក​​យ៉ាងឱឡារឹក នៅព្រះវិហារ​ព្រះមាតានៃសន្តិភាព (អរិយក្សត្រ) ថ្ងៃទី​២១ ឧសភា ២០១៨ ក្រោម​អធិបតីភាព​លោក​អូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ​ និង​មាន​គ្រីស្ត​បរិស័ទ​មកពី​ព្រះសហគមន៍​នានា​ចូលរួម​ជាច្រើនកុះករ។

​សម្តេចប៉ាប​ហ្រ្វង់​ស៊ីស្កូ ក្នុងឆ្នាំ២០១៨ នេះ បាន​ប្រកាស​ដាក់​បញ្ចូល​ជា​ថ្ងៃ​បុណ្យ​ ក្នុងប្រតិទិនរបស់ព្រះសហគមន៍ គឺបុណ្យគោរពព្រះនាងម៉ារី ជាមាតានៃព្រះសហគមន៍ ដោយកំណត់ យកមួយថ្ងៃក្រោយ​ថ្ងៃបុណ្យព្រះវិញ្ញាណយាងមក ជារៀងរាល់ឆ្នាំ​។​

មុន​ចាប់​ផ្តើម​ពិធីបុណ្យ​អភិបូជា ដើម្បី​លើក​តម្កើងសិរីរុងរឿង និងអរព្រះគុណព្រះជាម្ចាស់ លោកអភិបាល អូលីវីយេបានដឹកនាំគ្រីស្តបរិស័ទ លោកបូជាចារ្យ និងដូនជី ​សូត្រផ្គាំព្រះមាលា អធិដ្ឋាននៅមុខរូបសំណាកព្រះនាងម៉ារី​ដែល​កំពុង​បីព្រះកុមារយេស៊ូដោយសេចក្តីស្រឡាញ់។

លោកអូលីវីយេ បាន​អធិដ្ឋាន​ក្នុង​ពេល​ចាប់​ផ្តើម​​ពិធីបុណ្យ​អភិបូជា ដោយទូលអង្វរព្រះជាម្ចាស់​ដើម្បី​ឲ្យ​មនុស្ស​លោក​អាច​រក​ឃើញ​សេចក្តីសុខសាន្ត​តាមរយៈព្រះនាងម៉ារី​ដែលជា​ព្រះមាតា​ព្រះអម្ចាស់ និង​ជាមាតា​នៃព្រះសហគមន៍​។

នៅក្នុង​ធម្មទេសនា​នាពេលនោះ​ លោក​អភិបាល​អូលីវីយេ បាន​មានប្រសាសន៍​ថា តាមពិត​ព្រះនាង​ម៉ារីជា​ព្រះមាតារបស់ព្រះជាអម្ចាស់ផង និងជាព្រះមាតា​ព្រះសហគមន៍​ផងតាំងពី​​យូរណាស់មកហើយ។ លោក​បន្ត​ថា តែ​ឆ្នាំនេះ​សម្តេចប៉ាប​បាន​សម្រេចឲ្យ​យើង​ធ្វើបុណ្យ​គោរពព្រះនាងម៉ារីជាម្តាយ​របស់​ព្រះសហគមន៍​ ដោយ​ព្រះនាង​ម៉ារី​ទទួល​ឋានៈជាម្តាយពីរដងគឺនៅពេល​ទេវទូត​មកប្រាប់ដំណឹងអំពីកំណើតព្រះយេស៊ូ ពេលនោះព្រះនាងម៉ារីយល់ព្រមទទួល ដោយឯកភាពធ្វើជាព្រះមាតាព្រះជាអម្ចាស់ និង​មួយទៀតគឺពេលរព្រះ​យេស៊ូ​នៅលើឈើឆ្កាង​ ដែល​បាន​ផ្តាំ​ទៅព្រះនាងម៉ារី​ឲ្យ​ទទួល​លោក​យូហាន​ដែ​លតំណាង ក្រុមគ្រីស្តទូត​ ជា​ព្រះសហគមន៍​ធ្វើ​ជាកូន ​និង​បាន​ផ្តាំទៅ​លោក​យ៉ូហាន​ឲ្យ​ទទួលព្រះនាងម៉ារីជាម្តាយ​។ លោកអភិបាល​បញ្ជាក់ថា ព្រះនាងម៉ារី​ទទួល​តួនាទីលើកទីពីរ​ គឺ​ជាម្តាយនៃព្រះសហគមន៍។​​

លោក​អភិបាលបាន​បន្ថែមទៀតថា៖ ព្រះសហគមន៍​ត្រូវការ​មាតា ដែល​ថែរក្សា​ និង​ផ្តល់ភាព​កក់ក្តៅ​ ដឹងពីទុក្ខលំបាក​របស់កូន និង​ចាប់​អារម្មណ៍​ពីកូនម្នាក់ៗ ដោយមិនបោះបង់​ចោល​កូន ទោះបីជាកូន​ធ្វើអ្វីខុសក៏ដោយ។ លោកថា “​ម្តាយ​ដែល​បោះ​បង់​ចោលកូនគឺជាម្តាយ​មិនគ្រប់ទឹក” ប៉ុន្តែ​​ព្រះនាងម៉ារី​មិនដែល​បោះបង់ចោល​យើង​ដែលជា​ព្រះសហគមន៍នោះទេ។

លោកអូលីវីយេ ក៏មានប្រសាសន៍​លើកទឹកចិត្ត​ដល់គ្រីស្ត​បរិស័ទ​ទាំងអស់ទៀតថា ព្រះនាងម៉ារីបាន​ចូល​នៅក្នុងព្រះហឫទ័យ​នៃសេចក្តីស្រឡាញ់​របស់ព្រះជាម្ចាស់ ដោយ​ព្រះជាម្ចាស់​បាន​លើកព្រះនាងម៉ារី​ឡើងស្ថានបរមសុខ​ទាំងរូបកាយ និងវិញ្ញាណ។ លោកថា​ នេះ​បង្ហាញ​ថា្រះនាងម៉ារី​​នៅកណ្តាល​រវាង​ស្ថានបរមសុខនិងពិភពលោក​ ព្រមទាំង​ចាប់ដៃយើង​ឲ្យមានភាពកក់ក្តៅ ក្នុងការ​ធ្វើដំណើរ​​បន្តិចម្តងៗ ដើម្បីចូល​ទៅក្នុង​ព្រះហឫទ័យ​នៃសេចក្តីស្រឡាញ់​របស់ព្រះជាម្ចាស់។​

ក្រោយអភិបូជា គ្រីស្ត​បរិស័ទទាំងអស់ បាន​ច្រៀងកោតសើសើរព្រះនាងម៉ារី និង​អធិដ្ឋាន​នៅលើភ្នំព្រះនាងម៉ារី សូម​ឲ្យ​មនុស្ស​លោក​ទាំងអស់ ជាពិសេស ម្តាយទាំងអស់ ក្រុមគ្រួសារទាំងអស់ ​និងប្រជាជនកម្ពុជាទាំងឡាយ​ ព្រមទាំងព្រះសហគមន៍​នៅក្នុង​ប្រទេសកម្ពុជា​ទទួលបាន​សេខក្តីសុខសាន្ត។​

អត្ថបទដោយ ដាលីស[:]

Leave a Reply

Your email address will not be published.