ព័ត៌មានភូមិភាគភ្នំពេញ

ពានរង្វាន់ត្នោតមាសឆ្នាំ២០១៩ រកឃើញម្ចាស់ជ័យលាភីហើយ

ការផលិត ផលិតផល​កែច្នៃ​ចេញ​ពី​ផ្លែម្នាស់ នៃ និស្សិត​មក​ពីវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា(តិចណូ) បាន​ទទួលជ័យលាភីលេខ​មួយ ក្នុង​កម្មវិធី «ពានរង្វាន់ ត្នោតមាស​២០១៩ » នៃ​មូលនិធិគីណាល់ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩ ។

កញ្ញា នៅ ចន្ទវិសា ជា​និស្សិត​មក​ពី​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) និងជា​តំណាង​ក្រុម​ដែល​បាន​ទទួលជ័យលាភីលេខ​មួយ បាន​ប្រាប់​ថា ការ​ជ្រើសរើស ប្រធានបទ ការផលិត ផលិតផល កែច្នៃ​ចេញ​ពី​ផ្លែម្នាស់ គឺ​ដោយ​មើលឃើញ​ផ្លែម្នាស់​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​ផ្សេងៗ វីតាមីន ជួយ​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើ​ឲ្យ​ឆ្អឹងរឹងមាំ… និង​ទីផ្សារ​ផ្លែម្នាស់​នៅប្រទេស​កម្ពុជា​យើង​នៅ​មាន​កម្រិត​ដែរ។ កញ្ញា​និយាយ​ពន្យល់​ថា ការផលិត ផលិតផល​កែច្នៃ​ចេញ​ពី​ផ្លែម្នាស់ ដោយ​បាន​ធ្វើ​ការ​បែងចែក​ផ្លែ​ម្នាស់​ជា​បី​ផ្នែក​សំខាន់ៗ​ដែល​មាន​ដូចជា សំបក​ម្នាស់កែច្នៃ​ទៅ​ជា​ទឹក​ខ្មេះ សាច់​ម្នាស់​កែ​ច្នៃ​ជាម្នាស់​កំប៉ុង​និង​ដំណាប់​ម្នាស់ និង​ទឹក​ម្នាស់​កែច្នៃ​ទៅ​ជា​ភេសជ្ជះ​និង​ស្ករម្នាស់។

កញ្ញា វិសា បាន​បន្តថា បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​នេះ ធ្វើ​ឲ្យពួកគេ​ចេះ​រៀន​ធ្វើ​ការ​ជា​ក្រុម មាន​គំនិត​ច្នៃ​ប្រឌិត និង​បង្កើន​ចំណេះដឹង​បន្ថែម។ ម្យ៉ាង​វិញ​ទៀត​កម្មវិធី​នេះ​ល្អ​សម្រាប់​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​សម្រាប់​ធ្វើការ​ស្រាវជ្រាវ​អ្វី​ដែល​ថ្មី ហើយ​វា​ក៏​បាន​ជួយ​ដល់​សង្គម ការពារ​បរិស្ថាន និង​លើក​ស្ទួយ​ជីវភាព​កសិករ​ខ្មែរ​បាន​មួយ​ចំណែក​ដែរ។ បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ ក្នុង​ការរៀប​ចំពាន​រង្វាន់គីណាល់​ក្នុងរយៈពេល​៦​ឆ្នាំ​កន្លង​មក នៅ​ឆ្នាំ២០១៩នេះ មូលនិធិគីណាល់ បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​លើ​វិស័យកសិកម្ម និង​ចំណីអាហារ ដើម្បី​ឈាន​ទៅ​ដណ្តើម “ពានរង្វាន់​ត្នោតមាស (Thnot d’Or) លើក​ទី​២​ឆ្នាំ២០១៩”។

លោក​ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធាន​មូលនិធិគីណាល់ បាន​លើក​ឡើង​ថា ចាប់​តាំង​ពី​ឆ្នាំ២០១៧ ក្រោម​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន Confirel និង​សហគ្រាស​ផលិត​ឱសថ​ប៉េប៉េអឹម មូលនិធិគីណាល់​បាន​បង្កើត​កម្មវិធីពានរង្វាន់​ត្នោតមាសនេះ ក្នុង​គោល​បំណង​ជំរុញ​លើកទឹកចិត្ត​យុវនិស្សិត​ផ្នែកក្សេត្រសាស្ត្រ និង​ផ្នែក​ចំណីអាហារ ឲ្យ​ធ្វើ​ការ​ស្រាវជ្រាវ​ច្នៃប្រឌិត ដើម្បី​ចូលរួម​លើក​កំពស់​ជីវភាព​កសិករខ្មែរ តាម​រយៈ​ផ្តល់​ដល់​អ្នក​ប្រើប្រាស់​នូវ​ផលិតផល​ក្នុង​ស្រុក ដែល​ប្រកប​ទៅ​ដោយ​គុណភាព​ខ្ពស់ ហើយ​អាច​ប្រកួត​ប្រជ្រែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ ក៏​ដូច​ជា​ផលិតផល​នាំ​ចូល អាច​ឲ្យ​យើង​ឈរ​ជើង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ទៀត។ លោក​បន្ថែម​ថា កម្មវិធី​នេះ​មាន​ការ​គាំទ្រ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​មាន​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈយោគយល់​គ្នា​រវាងមូលនិធីគីណាល់ និង​ក្រសួង ក្នុង​ការ​ដាក់ពាន​រង្វាន់​ត្នោត​មាស​នេះ ឲ្យ​ស្ថិត​ក្នុង​ការ​លើក​ទឹកចិត្ត​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​តែ​ម្តង។ ម្យ៉ាង​ទៀត​ពាន​រង្វាន​ត្នោតមាស ក៏​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​ក្រសួង​អប់រំ យុវជន និងកីឡា ផងដែរ។ លោកសង្ឃឹម​ថា​យុវនិស្សិត​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​ទាំង​អស់ នៅ​តែ​បន្ត​បេសកកម្ម​នេះ នៅ​ពេល​ពួក​គេ​បញ្ចប់​ការ​សិក្សា ព្រោះ​ថា​វា​ជា​កាយវិការ​មួយប​ង្ហាញ​ថា​យើង​ពិត​ជា​ស្រឡាញ់​ប្រទេស​ជាតិ​យើង​ពិត​មែន។

ការ​ប្រកួត​ប្រជែង​នេះ មាន​គណៈមេប្រយោគ ដែល​ដឹកនាំ​ដោយ លោក សុខ សារ៉ង (មក​ពី​ស្ថាប័ន​ចេញ​វិញ្ញាបនបត្រអន្តរជាតិ (ECOCERT) និង​មានសមាជិកគ​ណៈមេប្រយោគ ដូច​ជា អ្នកស្រី អេឡែន អូប្រ៊ី លោក រ័ត្ន សារ៉ា (មក​ពី​ក្រសួងអប់រំ យុវជន និងកីឡា) លោក ម៉ាក់ សឿន (មក​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) និងលោក ហ្វីលីព ម៉ូណាំង (មកពីក្រុមហ៊ុន SIAT)។

នៅ​វគ្គ​ដំបូង​នៃ​កម្មវិធីនេះ មាន​និស្សិត​ចំនួន ២៧​ក្រុម ដែល​មក​ពី​គ្រឹះស្ថាន​ឧត្តម​សិក្សា​នានា បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង ពាន​រង្វាន់​ត្នោតមាស​ឆ្នាំ២០១៩។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ នៅ​សល់​និស្សិត​តែ ៦​ក្រុម ដែល​បាន​ចូលរួម​ធ្វើ​ការ​ប្រកួត​ប្រជែង​មាន​ប្រធានបទ​ដូច​ជា៖ការ​ផលិត ផលិត​ផល​កែ​ច្នៃ​ចេញ​ពី​ផ្លែម្នាស់ របស់​និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា(តិចណូ)។ ការផលិត​ប្រហិត​បន្លែ របស់​និស្សិត​មក​ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។ ការ​កែច្នៃ​សាច់ដូង របស់​និស្សិត​មក​ពី​វិទ្យាស្ថាន​សន្តប៉ូល ខេត្តតាកែវ។ អត្ថប្រយោជន៍​ដែល​បាន​មក​ពី​ការកែច្នៃ​សាច់ដូង របស់​និស្សិត​មក​ពី​សាលា​ជាតិកសិកម្ម​ខេត្តកំពង់ចាម។ កែ​លម្អ​គុណភាព​ខ្នុរ របស់​និស្សិត​មក​ពី​វិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ។ គុណប្រយោជន៍ និង​ស្ថេរភាព​នៃ​ប្រព័ន្ធ​ផលិតផល​ដែល​គោរព​បរិស្ថាន ​និង​លើក​កម្ពស់​កម្រិត​ជីវភាព​កសិករខ្មែរ របស់​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម(ចំការដូង)។

ក្រោយ​ពី​ការ​វាយ​តម្លៃ​របស់​គណៈមេប្រយោគ គឺ ជ័យលាភី​លេខ​មួយ បាន​ទៅលើ​និស្សិត​មក​ពី​វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ក្រោម​ប្រធានបទ “ការផលិត ផលិតផល​កែ​ច្នៃ​ចេញ​ពី​ផ្លែ​ម្នាស់” ដោយ​ទទួល​បាន​ទឹកប្រាក់​ចំនួន ៤,០០០,០០០រៀល និង​ពាន​មួយ។ ជ័យលាភី លេខពីរ បាន​ទៅ​លើ​និស្សិត​មក​ពី​វិទ្យាស្ថាន បច្ចេកវិទ្យា​កម្ពុជា ក្រោម​ប្រធានបទ “ការ​ផលិត​ប្រហិត​បន្លែ” ដោយ​ទទួល​បាន​ទឹក​ប្រាក់​ចំនួន ២,០០០,០០០​រៀល​និង​ពាន​មួយ ។ ជ័យលាភីលេខបី បាន​ទៅ​លើ​និស្សិត​មក​ពី​សាលា​ជាតិ​កសិកម្ម​ខេត្ត​កំពង់​ចាម ក្រោមប្រធានបទ “អត្ថប្រយោជន៍​ដែល​បាន​មក​ពី​ការកែច្នៃ​សាច់ដូង” ដោយ​ទទួលបាន​ទឹក​ប្រាក់​ចំនួន ១,០០០,០០០រៀល​និង​ពាន​មួយ។ ចំណែក​និស្សិត​បី​ក្រុម​ផ្សេង​ទៀត ដែល​ពុំ​បាន​ជាប់​ពាន​រង្វាន់ ក៏​បានទទួល​ប្រាក់​លើក​ទឹកចិត្ត​ក្នុង​មួយ​ក្រុមៗ ចំនួន ៤០០,០០០​រៀល​ផង​ដែរ។

ពិធី​ប្រកាស​លទ្ធិផល និង​ប្រគល់​រង្វាន់ បាន​ធ្វើ​ឡើង នៅ​ទី​ស្នាក់ការ​របស់​មូលនិធិគីណាល់ (សហគ្រាសផលិតឱសថ ប៉េប៉េអឹម) ក្បែរ​រង្វង់​មូល​ចោមចៅ។