ព័ត៌មានភូមិភាគកំពង់ចាម

ពង្រឹងជំនឿបន្ថែមដល់យុវជនដោយដំណើរជិះកង់ទៅតាមព្រះសហគមន៍

យុវជន យុវនារីនៃព្រះសហគមន៍តំបន់មណ្ឌលគិរី នៃភូមិភាគកំពង់ចាម ចំនួន២៨ នាក់ ដែលដឹកនាំដោយលោកបូជាចារ្យ ហ្វ្រង់ស្វ័រ អេមេល្សដាល បានធ្វើដំណើរបូជនីចរដោយជិះកង់រិះគិតអំពីជំនឿដែលមានរយៈចំងាយប្រមាណ១០០គីឡូម៉ែត ដោយធ្វើដំណើរទៅតាមព្រះសហគមន៍ចំនួន៣កន្លែងក្នុងខេត្តកំពង់ចាម។

លោកបូជាចារ្យហ្វ្រង់ស្វ័រ អេមេល្សដាល ជាអ្នកដឹកនាំក្រុមយុវជនក្នុងកម្មវិធីបូជនីចរមានប្រសាសន៍ថា គោលដៅនៃកម្មវិធីនេះ គឺដើម្បីឲ្យយុវជនខិតខំតស៊ូនឹងភាពហត់នឿយ មានជំនឿមាំមួនលើព្រះជាម្ចាស់ និងឲ្យពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមក។ នៅក្នុងឱកាសនោះ លោកបូជាចារ្យបានបង្រៀនយុវជន យុវនារីអំពីជីវិតរបស់សន្តីក្លារ៉ា ដែលមានជំនឿយ៉ាងមុតមាំទៅលើព្រះជាម្ចាស់។ នាងបានក្លាយជាពន្លឺសម្រាប់អ្នកដែលអស់សង្ឃឹម។

សន្តីក្លារ៉ាជាយុវនារីម្នាក់ កើតនៅប្រទេសអ៊ីតាលី។ នៅពេលនាងមានអាយុ១៧ ឆ្នាំ នាងបានកើតជំងឺមហារីក ប៉ុន្តែនាងបានតស៊ូជាមួយវា ដោយមានជំនឿយ៉ាងមុតមាំទោះបីដឹងថា ២ឆ្នាំក្រោយទៀតនាងនឹងស្លាប់ក៏ដោយ។ លោកបូជាចារ្យមានប្រសាសន៍អំពីសន្តីរូបនេះយ៉ាងនេះថា «គាត់រួមជាព្រះយេស៊ូយ៉ាងស្និទ្ធស្នាល ហើយគាត់មានជំនឿរឹងមាំលើព្រះយេស៊ូ ដោយមិនខ្លាចសេចក្តីស្លាប់ ហើយគាត់ស៊ូទ្រាំជាមួយជំងឺរបស់គាត់ ហើយគាត់ទៅជាពន្លឺសម្រាប់អ្នកដទៃ»។

យុវជនលាក ឡែម បាននិយាយថា ដំណើរបូជនីយចរនេះ បានធ្វើឲ្យគាត់ ផ្លាស់ប្តូរការគិតរបស់គាត់ក្នុងជីវិតរស់នៅ។ ឡែម និយាយថា «ជីវិតរបស់ខ្ញុំពីមុន មានរឿងតិចតួចគឺខ្ញុំឆាប់អស់សង្ឃឹម មិនមានជំនឿជឿជាក់លើខ្លួនឯង។ ក្រោយពេលខ្ញុំចូលរួមកម្មវិធីនេះ ធ្វើឲ្យខ្ញុំមានជំនឿជឿជាក់លើខ្លួនឯង ហើយមានជំនឿលើព្រះជាម្ចាស់កាន់តែខ្លាំងថែមទៀត»។

កម្មវិធីបូជនីយចរដោយជិះកង់នេះបានធ្វើឡើងរយៈពេលបីថ្ងៃពីថ្ងៃទី៧-៩ តុលា ២០១៩ ដោយជិះកង់ពីព្រះសហគមន៍កំពង់ចាមក្រុងទៅព្រះសហគមន៍ក្តុលលើ និងបញ្ចប់ដំណើរទៅព្រះសហគមន៍កោះរការ។

ក្វែ បីម មកពីព្រះសហគមន៍ប៊ូស្រា ឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនេះ នាងបានចាប់អារម្មណ៍ជាខ្លាំងនូវជីវិតរបស់សន្តីក្លារ៉ាដែលហៀបនឹងស្លាប់ហើយនេះ គាត់បានឲ្យឪពុកម្តាយប្រើពាក្យស្រឡាញ់គ្នាទៅវិញទៅមក។ ប៊ីម បន្តថា «ឃ្លានេះ គឺចង់ឲ្យយើងម្នាក់ៗចេះអត់ធ្មត់គ្រប់បញ្ហា និងឧបសគ្គដែលកើតមាននិងឲ្យយើងចេះលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយកុំឲ្យយើងបាក់ទឹកចិត្តនៅពេលមានអ្វីកើតឡើងចំពោះយើង»។

យុវតីរូបនេះឲ្យដឹងថា ពីមុនមកនាងធ្លាប់ធ្លាក់ទឹកចិត្តចំពោះរឿងរ៉ាវក្នុងជីវិតរបស់នាង។ ប៉ុន្តែក្រោយពេលដែលនាងបានឈ្វេងយល់អំពីជីវិតរបស់សន្តីក្លារ៉ា អ្វីៗត្រូវបានផ្លាស់ប្តូរ។

ក្វែ ប៊ីម «មនុស្សយើងម្នាក់តែងតែមានបញ្ហានៅក្នុងជីវិតមិនថាតូចឬធំ យើង(អាច)ដោះស្រាយតាមសន្តិវិធី ហើយនឹងអធិដ្ឋាន ផ្ញើកិច្ចការទាំងអស់ទៅព្រះជាម្ចាស់»។ ក្រៅពីជីវិតរបស់សន្តីក្លារ៉ា យុវជនក៏សិក្សាបន្ថែមអំពីជីវិតរបស់លោកបូជាចារ្យរ៉ាប៉ាំងដែលបានបូជាជីវិតក្នុងសម័យសង្គ្រាមនៅក្នុងប្រទេសកម្ពុជា សក្ខីភាពរបស់បងស្រីម៉ារីដែលជាដូនជីកំពុងបម្រើការងារនៅព្រះសហគមន៍កោះរការ។ យុវជនទាំងនោះមកពីព្រះសហគមន៍ចំនួន៣ក្នុងខេត្តមណ្ឌលគិរី គឺ ប៊ូស្រា ដាក់ដាំ និងកែវសីមា៕