ព័ត៌មានភូមិភាគកំពង់ចាម

ប្រជាជនមកពិនិត្យជំងឺទូទៅនិងទទួលវ៉ាក់សាំងការពារជំងឺថ្លើមប្រភេទ(B)នៅព្រះវិហារកំពង់គោ

ខេត្តកំពង់ធំ៖ ក្មេង ចាស់ ប្រុសស្រីប្រមាណជា៦០០នាក់បានមកពិនិត្យជំងឺទូទៅនិងទទួលវ៉ាក់សាំងការពារជំងឺថ្លើមប្រភេទB ដោយឥតគឹតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាតិសិង្ហបុរី នៅព្រះវិហារសន្តីតេរេសាកំពង់គោក្រោម ដែលស្ថិតនៅក្នុងភូមិកំពង់គោក្រោម ឃុំកំពង់គោក្រោម ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១២-១៣ធ្នូ កន្លងទៅ។

តាមការអោយដឹងពីអ្នកស្រី ម៉ៅសាវៀត មន្ត្រីផ្នែកទំនាក់ទំនងនៃព្រះវិហារកំពង់គោបានឲ្យដឹងថា៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសសិង្ហបុរីនេះគឺចំណាយពេលវេលាជាច្រើនទាំងកម្លាំងកាយ​ ចិត្ត សម្ភារៈ ថកវិការ មកពិនិត្យជំងឺទូទៅជូនដល់ប្រជាពលរដ្ឋ ទាំងកុមារ និង មនុស្សចាស់ ព្រមទាំងបានផ្តល់ថ្នាំ សង្គួវ ដោយមិនគឹតថ្លៃ។

សាវៀតបន្តថា៖ឆ្នាំមុនក្រុមនេះបានមកផ្តល់សេវាវ៉ាក់សាំងការពារជំងឺថ្លើមប្រភេទB​ ដល់ស្រីមានផ្ទៃពោះនិងកុមារតូចៗពីរដងរួចមកហើយ។ ឆ្នាំនេះគឺជាលើកទី៣ហើយក្នុងសកម្ម​ភាពដដែលនេះ នៅកំពង់គោ។

អ្នកស្រីសាវៀតបន្ថែមទៀតថា៖អ្នកស្រីសប្បាយចិត្តជាពិសេសគឺប្រជាជននៅក្នុងភូមិទាំង​មូល ព្រោះបងប្អូននៅក្នុងភូមិកំពង់គោភាគច្រើនជាអ្នកក្រីក្រ ហើយនៅដាច់ស្រយាល។ប្រសិនបើគេឈឺ ឬត្រូវការថ្នាំផ្សេងៗគឺពិបាកក្នុងការធ្វើដំណើរជាពិសេសគឺគេមិន​សូវមានថវិការសម្រាប់ចំណាយទៅលើសុខភាពប៉ុន្មាននោះទេ។ វាជាការកាត់បន្ថយការចំណាយមួយចំនួនដល់ពួកគាត់ ហើយធ្វើឲ្យអ្នកក្រីក្រទាំងនោះមិនអស់សង្ឃឹមក្នុងជីវិត ព្រោះទោះបីជាពួកគាត់ក្រីក្រ និងនៅឆ្ងាយតែនៅតែមានអ្នកដែលមានចិត្តល្អ យកចិត្តទុកដាក់ចំពោះពួកគេ បើទោះបីជាគេមិនមែនជាអ្នកស្គាល់គ្នាតែភាសានៃក្តី​ស្រលាញ់គឺនៅតែអាចទៅមុខបាន។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះគឺមានចំនួនប្រមាណជាង៤០នាក់ បានទៅក្នុងតំបន់​កំពង់ធំប្រមាណជាមួយសប្តាហ៍មកហើយ ដើម្បីទៅតាមព្រះសហគមន៍ផ្សេងៗដូចជា ព្រះវិហារនៅកំពង់រទេះ ព្រះវិហារកំពង់គោ ព្រះវិហារភូមិប៉ាង និង ម្នាវជាដើម៕

អត្ថបទដោយ៖ ស្រីម៉ាច