ព័ត៌មានភូមិភាគភ្នំពេញ

បុណ្យប្រាំពីរថ្ងៃបងប្រុស ធៀរី

កណ្តាល៖ គណៈគ្រប់គ្រងសាលាឡាវ៉ាឡា និងវីឡាម៉ារៀ បានរៀបចំពិធីអធិដ្ឋានសម្រាប់វិញ្ញាណក្ខន្ធបងប្រុសធៀរី គម្រប់ប្រាំពីរថ្ងៃ ធ្វើនៅសាលាឡាវ៉ាឡា ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨។ ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីអតីតសិស្ស សិស្ស អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ បុគ្គលិក នៃសាលាឡាវ៉ាឡានិងវីឡាម៉ារៀ ព្រមទាំងមានបងប្រុសបងស្រី លោកបូជាចារ្យ លោកអភិបាលអូលីវីយេ បងប្រុស Peter Carroll ប្រធានក្រុមបងប្រុសម៉ារីស្តមកពីប្រទេសអូស្ត្រាលី និងភ្ញៀវជាតិអន្តរជាតិជាច្រើននាក់ផងដែរ។

បងប្រុស Peter Carroll បានសម្តែងភាពសោកស្តាយចំពោះការបាត់បង់បងប្រុសធៀរីដោយបងប្រុសនិយាយថា បងប្រុសធៀរីជាបុគ្គលម្នាក់ដែលមានវត្តមានដ៏អស្ចារ្យ មានជំនឿមុតមាំ មានភាពម៊ឺងម៉ាត់ច្បាស់លាស់ ជាពិសេសគាត់ជាមនុស្សម្នាក់ដែលធ្វើឲ្យអ្នកដទៃស្រឡាញ់ចំពោះទំនាក់ទំនងដ៏ល្អរបស់បងប្រុស។

នៅពេលបងប្រុសធៀរីមកធ្វើការនៅជុំរុំភៀសខ្លួននៅព្រំដែនប្រទេសខ្មែរ-ថៃ បានធ្វើឲ្យគាត់គិតថាតើគាត់អាចធ្វើអ្វីខ្លះដើម្បីកុំឲ្យមានភាពខុសគ្នានៃការរស់នៅរបស់កុមារនិងយុវជនអាស៊ី ក្រោយមកទើបបងប្រុសធៀរីបានបង្កើត សាលាឡាវ៉ាឡាសម្រាប់ជួយកុមារនិងយុវជនពិការ។ បងប្រុសបានបន្តថា បងប្រុសធៀរី បានទុកបេះដូងនិងព្រលឹងរបស់គាត់នៅក្នុងសាលាឡាវ៉ាឡា ជាមួយកុមារ និងយុវជនពិការនៅប្រទេសកម្ពុជា។ ពិតមែនការបាត់បង់បងប្រុសធៀរី គឺបានធ្វើឲ្យបងប្អូនទាំងអស់គ្នានៅសាលាឡាវ៉ាឡា និងវីឡាម៉ារៀ មានទុក្ខសោកយ៉ាងខ្លាំងដោយបាត់បង់បងប្រុសដ៏ល្អម្នាក់។

លោកអភិបាល អូលីវីយេ បានថ្លែងក្នុងពិធីនោះថា នៅក្នុងរយៈពេល៨ឆ្នាំដែលលោកជាអភិបាល បងប្រុសធៀរីបានចូលរួមគ្រប់សកម្មភាព គ្រប់កិច្ចប្រជុំដោយយកចិត្តទុកដាក់។ របៀបរបស់បងប្រុស បានណែនាំឲ្យលោករំភើប ដោយសារគ្រប់សកម្មភាពរបស់បងប្រុស ដូចជាផ្តល់ជីវិតទាំងអស់ដល់បងប្អូននៅទីនេះ នៅពេលនេះក្មេងៗដូចជាកុមារកំព្រារ ប៉ុន្តែយើងដឹងថាបងប្រុសនៅទីនេះ។ នៅយប់ដែលបងប្រុសស្លាប់ លោកបានយល់សុបិនឃើញថា លោកបានចូលនៅក្នុងបន្ទប់មួយដែលមានអាសនៈ ហើយមានសត្វក្ងោកមួយក្បាលបានចូលនៅទីនោះ។ ក្នុងប្រពៃណីពីដើម សត្វក្ងោកជាសត្វមួយដែលជានិមិត្តរូបនៃជីវិតអស់កល្បជានិច្ច ដែលណែនាំឲ្យយើងមានសេចក្តីសង្ឃឹមជានិច្ច។ លោកបន្តថា ពិតមែនបងប្រុសគាត់ទៅហើយលែងបានជួបផ្ទាល់ ប៉ុន្តែយើងដឹងថាបងប្រុសគាត់បានទទួលសេចក្តីសុខ វិញ្ញាណរបស់បងប្រុស ចិត្តគំនិតរបស់គាត់ សេចក្តីស្រឡាញ់របស់គាត់នៅទីនេះដដែល។ លោកគ្រូអ្នកគ្រូ និងកូនៗទាំងអស់យើងមិនអស់សង្ឃឹមទេ អ្វីៗដែលបងប្រុសបានធ្វើ ឲ្យយើងយកចិត្តទុកដាក់ដើម្បីបន្តសម្រាប់ក្មេងពិការនូវជំនាន់ក្រោយៗទៀត។ លោកក៏បានលើកពាក្យដែលបងប្រុសធៀរីធ្លាប់និយាយថា សុំឡើងលើភ្នំហើយមើលអ្វីៗដែលនៅជុំវិញ កុំឲ្យមានចិត្តគំនិតចង្អៀតចង្អល់ សូមមើលឃើញសេចក្តីត្រូវការរបស់បងប្អូនទាំងអស់។ លោកក៏បានអញ្ជើញឲ្យលោកគ្រូអ្នកគ្រូ បុគ្គលិកទាំងអស់ ឲ្យបន្តឡើងលើភ្នំ ដើម្បីមើលឃើញអ្វីៗដែលបានកើតឡើងនៅជុំវិញយើង ដោយដឹងថាវត្តមានរបស់បងប្រុសនៅទីនេះដដែល ប៉ុន្តែយើងត្រូវការទទួលខុសត្រូវ ដើម្បីបន្តបេសកកម្មដ៏អស្ចារ្យដែលគាត់បានចាប់ផ្តើមជាមួយកូនៗ ដើម្បីឲ្យកុមារនិងយុវជនយុវនារីពិការ មានសេចក្តីសុខដូចកូនក្មេងដទៃទៀតនៅប្រទេសកម្ពុជា។

ទាំងអតីតបុគ្គលិក ទាំងបុគ្គលិកបច្ចុប្បន្ន ទាំងអតីតសិស្ស ទាំងសិស្សបច្ចុប្បន្ន នៃសាលាឡាវ៉ាឡា និងវីឡាម៉ារៀ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់វីរជនរបស់ពួកគេ។ ដោយសារមានបងប្រុសធៀរីទើបពួកគាត់មានថ្ងៃនេះ ហើយពួកគាត់ក៏បានសន្យាថានិងធ្វើតាមពាក្យបណ្តាំនិងពាក្យណែនាំរបស់បងប្រុស គឺជួយមើលថែរក្សាក្មេងៗជំនួសគាត់ផង។ ពាក្យនេះបានធ្វើឲ្យអង្គពិធីទាំងមូល ពោរពេញដោយភាពសោកសៅជាមួយនឹងទឹកមុខស្រពោនគ្រប់ៗគ្នា។

បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធបងប្រុសធៀរីរួច អង្គពិធីទាំងមូលបានទៅជុំវិញផ្នូររបស់បងប្រុសធៀរី ដែលគេបានធ្វើនៅក្បែរផ្ទះបងប្រុសក្នុងសាលាឡាវ៉ាឡា ដើម្បីឲ្យលោកអភិបាលបាចទឹកព្រះពរ។

គួរបញ្ជាក់ដែរថា បងប្រុសធៀរី គឺជាបងប្រុសក្នុងក្រុមបងប្រុសម៉ារីស្ត មកពីប្រទេសអូស្ត្រាលី ហើយបានមកប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៧ ដើម្បីជួយកុមារនិងយុវជនពិការនៅប្រទេសកម្ពុជា ជាច្រើននាក់ឲ្យពួកគេមានអនាគតល្អដូចកុមារនិងយុវជនដទៃ ដោយបង្កើតសាលាកុមារពិការឡាវ៉ាឡា។ គាត់បានទទួលមរណភាពនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសអូស្ត្រាលី ដោយរោគាពាធ។