ព័ត៌មានភូមិភាគភ្នំពេញ

បងប្អូន​ចំនួន​៥៥​នាក់​ទទួល​អគ្គសញ្ញា​ជ្រមុជទឹក នៅ​ព្រះវិហារ​សន្តញញឹម ចម្ការទៀង

តាកែវ៖ បងប្អូន​ចំនួន ៥៥ នាក់ ដែល​មក​ពី​បួន​កន្លែង​ផ្សេងៗ​គ្នា​ក្នុង​ខេត្តតាកែវ បាន​ទទួល​អគ្គសញ្ញា​ជ្រមុជទឹក នៅ​ព្រះវិហារ​សន្តីម៉ារីញញឹម ចម្ការទៀង នារាត្រីបុណ្យចម្លង កាល​ពី​ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោម​អធិប​តិភាព​របស់​លោកអភិបាលអូលីវីយេ​។

បងប្អូន​ទាំង​នោះ​មក​ពី​ព្រះសហគមន៍​ត្រពាំងក្រញូង ជា​ព្រះសហគមន៍ថ្មី ដែល​មាន​អ្នកទទួល អគ្គសញ្ញាជ្រមុទឹក​លើកដំបូង​។ បងប្អូន​មក​ពី​ព្រះសហគមន៍​សន្តប៉ូល បងប្អូនមកពី ព្រះសហគមន៍​តាកែវក្រុង និង​បងប្អូន​មក​ពី​ព្រះសហគមន៍​សន្តីម៉ារីញញឹម​ផ្ទាល់។

លោកអភិបាល អូលីវិយេ មាន​ប្រសាសន៍​ថា “យប់​នេះ​ជា​អំណរ​សប្បាយ​សម្រាប់​ព្រះសហគមន៍​នៅ​ខេត្តតាកែវ ប៉ុន្តែ​សម្រាប់​ព្រះសហគមន៍​នៅ​ភូមិភាគ​ភ្នំពេញ ព្រះសហគមន៍​នៅប្រទេស​កម្ពុជា ដែល​ព្រះជា​ម្ចាស់​បាន​ជ្រើសរើស ៥៥ នាក់​ថែម​ទៀត ដើម្បី​ទៅ​ជា​បុត្រា​បុត្រី​របស់​ព្រះអង្គ និង​ជា​ពិសេស​ដើម្បី​ចូលរួម​នៅ​ក្នុង​មហាគ្រួសារ​របស់​ព្រះជាម្ចាស់ ដែល​ជាព្រះសហគមន៍។”

ព្រះសហគមន៍កាតូលិក​ក្នុង​ខេត្តតាកែវ បាន​កើត​ឡើង​ក្នុង​ពាក់​កណ្តាល​ទសវត្ស​ឆ្នាំ​១៩៩០ ​ដោយ​គ្រីស្ត​បិរស័ទ​តែ​ម្នាក់​ដែល​បាន​ខិតខំ​ឈ្វេងយល់​ព្រះបន្ទូល នៅ​ភ្នំពេញ​រហូត​ទទួល​អគ្គសញ្ញា​ជ្រមុជទឹក។ ដោយ​ការ​ខិតខំ​បង្ហាញ​ជំនឿ និង​មាន​ការ​ជួយ​ជ្រោមជ្រែង ពី​សំណាក់​លោក​បូជាចារ្យអូលីវីយេ។ បន្តិច​ម្តងៗ​ដំណឹងល្អ​អំពី​ព្រះយេស៊ូ​បាន​រីកសាយភាយ​ក្នុង​ខេត្ត​នេះ មនុស្ស​ជា​ច្រើន​បាន​ដើរ​តាម​ព្រះយេស៊ូ។ ពេល​នេះ​ក្នុង​ខេត្តតាកែវ​មាន​ព្រះសហគមន៍​កាតូលិក​ចំនួន ៧ កន្លែង ។

ក្នុង​ឱកាស​បុណ្យ​ចម្លង​នេះ ក្រៅ​ពី​បងប្អូន​ចំនួន ៥៥ នាក់​ដែល​ជ្រមុជទឹក​នៅ​ព្រះសហគមន៍​សន្តីម៉ារីញ​ញឹម ក៏​មាន​បងប្អូន ១៨ នាក់ ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក​នៅ​ព្រៃកប្បាស និង ៥ នាក់​នៅ​ព្រះសហគមន៍​កាតូលិក​គិរីវង់​ ក្នុង​ខេត្ត​តាកែវ​ផងដែរ។ 

យុវតី ភីម អូន ពី​ព្រះសហគមន៍សន្តីម៉ារីញញឹម​ដែល​បាន​ទទួលអគ្គសញ្ញាជ្រមុជទឹក​ថ្មីៗ បាន​ឲ្យ​ដឹង​ថា ៖ «សប្បាយ​ចិត្ត​នៅពេល​បាន​ទទួលអគ្គសញ្ញាជ្រមុជទឹក មានជីវិតថ្មី ​ធ្វើឲ្យខ្ញុំបានស្គាល់​ព្រះជាម្ចាស់​កាន់​តែ​ច្បាស់​ឡើង»។ យុវតី​រូប​នេះ​បន្ត​ថា៖ “ខ្ញុំ​ចង់​ក្លាយ​ជា​គ្រីស្តបរិស័ទ ព្រោះ​ចង់​ចូលរួម​គ្រប់​សកម្មភាព​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ព្រះសហគមន៍”។

យុវតី​ភីម អូន ជា​យុវជន​សកម្ម​ម្នាក់ និង​មាន​ទេពកោសល្យ ខាង​ផ្នែក​សិល្បៈ នាង​បាន​សម្តែង​រឿង​ជា​ច្រើន តាម​គម្ពីរ​ដំណឹងល្អ និង​របាំ​ប្រពៃណី ព្រះរាជ​ទ្រព្យ ក្នុង​ពិធី​នានា​របស់​ព្រះសហគមន៍។​

ចំណែក​យុវជន ឌន ដាវីត ដែល​ទើប​ទទួលអគ្គសញ្ញាជ្រមុជទឹក​ដែរនោះ បាន​ឲ្យ​ដឹង​ថា “នៅពេល​ដែល​ខ្ញុំ​បាន​ជ្រមុជទឹក​រួច​ខ្ញុំ​មានអារម្មណ៍​រំភើប​ណាស់​ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដោយ​សារ​តែ​ខ្ញុំរងចាំ​ពេលនេះ​យូរមក​ហើយ”។​ ដាវិត បន្តថា “ជា​ពេល​វេលា​ដែលខ្ញុំគិតថា​សំខាន់បំផុត​សំម្រាប់​ខ្ញុំ​គឺ​ជា​ពេលវេលា​ធ្វើ​ឲ្យ​មាន​ជីវីត​ថ្មី​កើត​ម្ដង​ទៀត”។ យុវជនរូបនេះ​បញ្ជាក់ថា តាំង​ពី​គេ​បាន​ស្គាល់​ព្រះសហគមន៍ ស្គាល់​ព្រះយេស៊ូ ជីវិត​របស់​គេ​មាន​ការ​ផ្តាស់ប្តូរ ច្រើន គឺ ចេះ​យក​ចិត្តទុក​ដាក់​ជា​មួយ​បងប្អូន ជួយគេ ច្រើន​ជាង​ពេល​មិន​ទាន់ស្គាល់​ព្រះយេស៊ូ ជាពិសេសចេះ​បើក​ចិត្ត​ទូលាយ​ចំពោះ​បងប្អូន​គ្រប់គ្នា។ រូប​គេ​បាន​ប្តេជ្ញាថា បន្ត​យក​ព្រះ​ជាម្ចាស់​ជា​គំរូក្នុង​ជិវិត​ថ្មី​នេះ ជា​រៀង​រហូត។

ក្នុង​ធម្មទេសនា​សម្រាប់​រាត្រីបុណ្យចម្លង​ លោកអភិបាល​អូលី​វីយេ​បាន មាន​ប្រសាសន៍​សម្រាប់​បងប្អូន​ថា យប់នេះ​ព្រះយេស៊ូ​មាន​ព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា អាលេលូយ៉ា!

យប់​នេះ​ជាយប់​នៃ​សេចក្តីសង្ឃឹម យើងដឹងថា​គ្រប់ភាពងងឹត ដែល​យើង​បាន​ផ្ញើ​លើ​ឈើឆ្កាង​របស់ព្រះគ្រីស្ត យប់នេះភាពងងឹតទាំងនោះ​​ ពោរពេញដោយ​សេចក្តីសង្ឃឹមថ្មី ពោរពេញដោយពន្លឺនៃជីវិតថ្មី ដែលបានឃើញ​អំបាញ់មិញ​ផ្ទាល់ភ្នែក ពន្លឺដែលណែនាំឲ្យ ជិវិតរបស់​យើងទៅជាជីវិតថ្មី និងណែនាំឲ្យបងប្អូនដែល​ទទួលពិធី​ជ្រមុជទឹកយប់នេះ កើតជាថ្មី នាំឲ្យយើងអរព្រះគុណព្រះជាម្ចាស់ និងណែនាំឲ្យយើង​ភ្ញាក់ស្មារតី។

លោកអភិបាល​ក៏​បាន​រំលឹក​ដល់​គ្រីស្តបរិស័ទ​ទាំង​នៅ​ក្នុង​ខេត្តតាកែវ ក៏ដូច​ជា​នៅ​ក្នុង​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ទាំង​មូល ចាកចេញ​ពី​ភាព​អាត្មានិយម គិត​តែ​គ្រួសារ​ផ្ទាល់ខ្លួន សុខមាល​ភាព​ផ្ទាល់ខ្លួន ឲ្យ​យក​ចិត្តទុក​ដាក់​បើកភ្នែក បើក​ដួង​ចិត្តចំហរ​យ៉ាង​ធំ​ណាស់ ដើម្បីស្រលាញ់ ចំពោះ​បងប្អូន​ក្រីក្រ កុមារ​កំព្រា ស្រ្តី​មេម៉ាយ និងចាស់ជរា ។

ម្យ៉ាង​ទៀត​លោក​ក៏​បាន​ជំរុញ​ឲ្យ​គ្រីស្តបរិស័ទ ចេះ​កសាង​ភាតរភាព​ក្នុង​ចំណោមគ្រីស្ត​បរិស័ទផ្ទាល់ ព្រោះ​យើង​ជា​បងប្អូន​គ្នា។ លោកថា “យើង​ជា​ប្រជារាស្ត្រ​នៃ​សេចក្តីសង្ឃឹម និងជាគ្រួសារ​មួយ​យ៉ាងធំ ដែល​មានសមត្ថភាព បង្កើត​ភាតរភាព​នៅក្នុងពិភពលោក។ ដូច្នេះមនុស្សដែលចង់សម្លាប់មនុស្ស មនុស្សដែលចង់សម្លាប់អ្នកដទៃ មនុស្សដែល​ចង់ធ្វើបាបអ្នក​ដទៃមិនអាចឈ្នះទេ ដោយសារមានតែភារតភាព។ យើងជាមនុស្សដែល​ចេះលើកទឹកចិត្តគ្នា។ យើងជាគ្រួសារមួយយ៉ាងធំធេង​ដែលចេះស្រលាញ់គ្នា ជាមួយនឹងសេចក្តីស្រលាញ់​របស់យើង។” លោកបន្តថា “ គិតទៅ! នៅក្នុងខេត្តតាកែវ នៅក្នុងប្រទេសកម្ពុជា នៅក្នុងពិភពលោកទាំងមូល ប្រសិន​បើគ្រីស្តបរិស័ទទាំងអស់ និងមនុស្សទាំងអស់ ដែលមានចិត្តល្អ ដែលមានចិត្តសុចរិត អាចចាប់ដៃគ្នា ដើម្បីធ្វើដំណើរជាមួយគ្នា មនុស្សដែលមានចិត្តឃោឃៅ មនុស្សដែលមាន​ចិត្តអាក្រក់មិនអាចឈ្នះទេ។ មានតែសេចក្តីស្រលាញ់ មានតែភាតរភាព ដែលជោគជ័យ នេះជាអត្ថន័យ នៃព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ។”

ក្នុងឱកាសសនេះដែរ លោកអភិបាលក៏បានលើកទឹកចិត្តឲ្យ គ្រីស្តបរិស័ទទាំងអស់ថែរក្សាជីវិត​ខាងវិញ្ញាណ ដោយភ្ជាប់ទំនាក់ទំនងជាមួយព្រះជាម្ចាស់ ។  លោកអភិបាលបញ្ជាក់ថា ៖ “នៅយប់នេះ ជាយប់ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ជាយប់ដែល​ព្រះបិតា​ប​ង្ហាញសេចក្តីស្រលាញ់របស់ព្រះអង្គ ដែលណែនាំឲ្យព្រះយេស៊ូ ចេញពីភាព​ងងឹត​នៃសេចក្តីស្លាប់ ដើម្បីចូលនៅក្នុងពន្លឺនៃជីវិត។ យប់នេះជាឱកាសមួយ ដើម្បីប្រកាសជំនឿរបស់យើងសារជាថ្មី។ ដើម្បីសន្យាថា ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាដល់ទូលបង្គំ និងណែនាំឲ្យខ្ញុំនៅក្នុងឆ្នាំខាងមុខនេះ ឲ្យខ្ញុំចេះអធិដ្ឋាន ឲ្យខ្ញុំចេះស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ ឲ្យខ្ញុំចេះរក្សាជីវិត តាមផ្លូវវិញ្ញាណរបស់ខ្ញុំ ដើម្បីទៅជាគ្រីស្តបរិស័ទដែលនៅជាប់​ជាមួយព្រះអង្គ​យ៉ាងពិតប្រាកដមែន។” 

ក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញទាំងមូលមានបងប្អូនទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឱកាសបុណ្យចម្លងឆ្នាំ២០១៩ នេះ មានចំនួនជាង១៥០នាក់ ។