ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃអង្គារទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨

អត្ថបទទី១ វិវរណៈ ១៤,១៤-១៩
ទំនុកតម្កើង ៩៦, ១០-១៣
ព្រះបន្ទូលដំណឹងល្អ លូកា ២១, ៥-១១
ព្រះ‌យេស៊ូមានព្រះ‌បន្ទូលអំពីការបំផ្លាញព្រះ‌វិហារ និងហេតុ‌ការណ៍នៅគ្រាចុងក្រោយ

5 អ្នកខ្លះកំពុងនិយាយសរសើរលំអរបស់ព្រះ‌វិហារ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អប្រណីត និងមានតាំងវត្ថុផ្សេងៗដែលគេយកមកថ្វាយព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលថា៖ 6

«នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។7

គេទូលសួរព្រះ‌អង្គថា៖

«ព្រះ‌គ្រូអើយ! ហេតុ‌ការណ៍ទាំងនោះនឹងកើតមាននៅពេលណា? តើមានទីសម្គាល់អ្វីឲ្យយើងដឹងថា ព្រឹត្តិ‌ការណ៍ទាំងនោះជិតមកដល់?»។

8 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលឆ្លើយថា៖

«ចូរប្រុងប្រយ័ត្ន កុំបណ្ដោយ នរណាបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងបានឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា “ខ្ញុំនេះហើយជាព្រះ‌គ្រិស្ដ*” ឬថា “ពេលកំណត់មកដល់ហើយ” កុំតាមអ្នកទាំងនោះឲ្យសោះ។9 កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម ឬអំពីការបះ‌បោរ មិនត្រូវភ័យតក់‌ស្លុតឡើយ ដ្បិតហេតុ‌ការណ៍ទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្តែ មិនទាន់ដល់អវសាន‌កាលនៃពិភពលោកភ្លាមៗទេ»។

10 ព្រះ‌អង្គមានព្រះ‌បន្ទូលថែមទៀតថា៖

«ប្រជា‌ជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជា‌ជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត 11 នឹងមានរញ្ជួយផែន‌ដីជាខ្លាំងនៅតាមតំបន់ផ្សេងៗហើយនឹងមានកើតទុរ្ភិក្ស ជំងឺរាត‌ត្បាត ព្រមទាំងមានអព្ភូត‌ហេតុផ្សេងៗ បណ្ដាលឲ្យភ័យតក់‌ស្លុត និងមានទីសម្គាល់យ៉ាងធំនៅលើមេឃផង។