ព័ត៌មានភូមិភាគភ្នំពេញ

ថ្ងៃសុក្រពិសិដ្ឋ ៖ រំលឹកការរងទុក្ខលំបាករបស់ព្រះយេស៊ូ

1. ថ្ងៃ​នេះ​មិន​មាន​អភិបូជា​ទេ។ យើង​ត្រូវ​ប្រារព្ធ​បុណ្យ​ការ​រង​ទុក្ខ​លំបាក​របស់​ព្រះយេស៊ូ។  នេះ​មិន​មែន​ការ​រង​ទុក្ខ​ដែល​នាំ​ឲ្យ​មាន​តែ​ការ​សោក​សៅ ប៉ុន្តែ​ជា​ទុក្ខ​លំបាក​ដែល​នាំ​ឱ្យ​មាន​សិរី​រុងរឿង (glorious passion)។ លោក​បូជា​ចារ្យ មិន​ប្រើ​កាសុលឡា(Casulla) ពណ៌​ខ្មៅ​ទេ ប៉ុន្តែ​ជា​ពណ៌​ក្រហម មាន​ន័យ​ថា គឺ​ជា​ព្រះ​លោ​ហិត​របស់​ព្រះយេស៊ូ ដែល​ហូរ​នៅ​លើ​ឈើ​ឆ្កាង ជា​និមិត្ត​រូប​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ការ​លុប​លាង​បាប​របស់​យើង​។ 

2. ទំរង់​របស់​ពិធី​បុណ្យ​ថ្ងៃ​នេះ ចែក​ជា ៣ ភាគ គឺ
• ភាគ លើក​តម្កើង​ព្រះ​បន្ទូល
• ភាគ ការ​នមស្ការ​ឈើ​ឆ្កាង
• ភាគ ទទួល​ព្រះ​កាយ​ព្រះគ្រីស្ត
3. ភាគ លើក​តម្កើង​ព្រះបន្ទូល៖
• ចាប់​ផ្តើម​ពី​ក្បួន​ដង្ហែ​របស់​បូជា​ចារ្យ និង អ្នក​បម្រើ​ពិធី​បុណ្យ ក្នុង​បរិយាកាស​រំពឹង​សញ្ជឹង ក្នុង​ភាព​ស្ងៀមស្ងាត់ អត់​មាន​បទ​ចម្រៀង​ចាប់​ផ្តើម​ទេ។ ពេល​មក​ដល់​ខាង​មុខ​អាសនៈ លោកបូជាចារ្យ ក្រាប​ដល់​ដី ជាសញ្ញា​បង្ហាញ​លក្ខណៈ​ទន់​ទាប​របស់​មនុស្ស និង​ការ​សោក​ស្តាយ​របស់​ព្រះសហគមន៍​(៦៥)
• ក្រោយ​មក​ជា​ពាក្យ​អធិដ្ឋាន​ពេល​ចូល (ដោយ​មិន​ពោល​ពាក្យ សូម​បងប្អូន​តាំង​ចិត្ត​អធិដ្ឋាន)

• ក្រោយ​មក មាន​អត្ថបទ ២ ដក​ស្រង់ពី គម្ពីរអេសាយ ៥២,១៣ – ៥៣,១២ និង ហេប្រឺ ៤,១៤-១៦ និង ៥,៧-៩ និង ព្រះបន្ទូល​ដំណឹងល្អ ពីលោកយ៉ូហាន
• ក្រោយមក ជា​ធម៌សាកល ដែល​មាន​លក្ខណៈឆ្លើយតប​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ និង​ជា​ការ​បង្ហាញឋានៈ​ជា​បូជាចារ្យ​ពី​អគ្គសញ្ញា​ជ្រមុជ​ទឹក​របស់​គ្រីស្តបរិស័ទ ដែល​ត្រូវ​អធិដ្ឋាន ដល់​មនុស្ស​ក្នុង​ពិភពលោក។
• ធម៌សាកល​នេះ មាន​រៀប​ចំ​ទុក​ឲ្យ ១០ ប្រការ ដែល​គ្រប់​វិស័យ​ដែល​ព្រះសហគមន៍ និង​ពិភពលោក​មានសេចក្តី​ត្រូវការ។
• ចំណុច​នេះ បង្ហាញ​ឲ្យ​យើង​ដឹងថា ការរង​ទុក្ខលំបាក​របស់​ព្រះយេស៊ូ គឺ ជា​តង្វាយ​សម្រាប់​មនុស្ស​ទាំង​អស់។
• ភាគ​ទី​មួយ​នេះ គឺ​ជា​ការ​ប្រកាស​ការ​រង​ទុក្ខ​លំបាក ឲ្យ​យើង​រំពឹង​សញ្ចឹង​ដល់​ការ​រងទុក្ខ​របស់ព្រះអង្គ​ និងអង្វរ សូម​ឲ្យ​លទ្ធផល​នៃ​ការ​រងទុក្ខ​របស់​ព្រះអង្គ បង្កើត​ផល​ល្អ​ដល់​មនុស្ស​គ្រប់ៗ​រូប។
4. ភាគ នមស្ការ(គោរព)ឈើឆ្កាង៖

• ឈើឆ្កាង​ជា​សញ្ញា នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់​យេស៊ូ និង ការ​លុប​លាង​បាប របស់​យើង។
• របៀប​នមស្ការ ឬ​ការ​គោរព​ព្រះ​ឈើ​ឆ្កាង អាច​ធ្វើ​បាន ២ របៀប។ គឺ បែប​បង្ហាញ​គោរព​រួម ឬ បែប​ម្នាក់ៗមក​ថ្វាយ​បង្គំ។
5. ភាគ ទទួលព្រះកាយ៖
• ការ​ទទួល​ព្រះកាយ បង្ហាញ​ការ​ចូលរួម​ក្នុង​ការរង​ទុក្ខលំបាក ដោយ​រួម​ជា​មួយព្រះគ្រីស្ត ដែលប្រគល់ព្រះអង្គ​ផ្ទាល់​ឲ្យ​យើង ហើយ​ទុក​គំរូ​ជា​ផ្លូវ​បង្ហាញ​ឲ្យ​យើង​ដើរ​តាម។
• ពាក្យ​អធិដ្ឋាន​អរព្រះគុណ បង្ហាញ​ការ​អង្វរ​ព្រះជាម្ចាស់​បាន​ថែរក្សា​ស្នា​ព្រះហស្ដ​នៃ​ធម៌មេត្តាករុណា​របស់ព្រះអង្គ ទុក​ក្នុង​ជីវិត​របស់​យើង។

• ការ​ធ្វើ​ដំណើរ​ឈើឆ្កាង ជា​កិច្ចសទ្ធា​ខាង​ជំនឿ ដែល​ព្រះសហគមន៍​គាំទ្រ ប៉ុន្តែ អាទិភាព​ដំបូង​របស់​ថ្ងៃសុក្រពិសិដ្ឋ​គឺ ពិធី​រំលឹក​ការ​រង​ទុក្ខលំបាក​របស់​ព្រះយេស៊ូគ្រីស្ត។
• ការ​បង្ហាញ​ល្ខោន​សក្ការៈ ឬ​ការ​ប្រើ​ភាពយន្ត បង្ហាញ​ការរង​ទុក្ខលំបាក​របស់​ព្រះយេស៊ូ គ្រាន់​តែ​ជា​ការបង្ហាញ​ឱ្យ​ឃើញ (representation) នៃ​ការ​រង​ទុក្ខ​លំបាក​របស់​ព្រះអង្គ។  រី​ឯ​ពិធី​បុណ្យ​រំលឹក ការ​រង​ទុក្ខលំបាក​របស់​ព្រះគ្រីស្ត គឺជា  ការ​រំលឹក​ឲ្យ​ហេតុការណ៍​នោះ​កើត​ឡើង​វិញ​ម្តង​ទៀត​(anamnesis)៕