ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃពុធទី ៥ ខែធ្នូ ឆ្នាំ២០១៨

អត្ថបទទី១ អេសាយ ២៥,៦-១០ក
ទំនុកតម្កើង លេខ ២៣,១-៣ក.៣ខ-៧
ព្រះបន្ទូលដំណឹងល្អ ម៉ាថាយ ១៥,២៩-៣៧

ព្រះ‌យេស៊ូប្រោសអ្នកមានជំងឺផ្សេងៗឲ្យជា

29 ព្រះ‌យេស៊ូចាកចេញពីទីនោះ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រកាលី‌ឡេ។ បន្ទាប់មក ព្រះ‌អង្គយាងឡើងទៅលើភ្នំ លុះយាងដល់ហើយ ព្រះ‌អង្គគង់ចុះ 30 មានមហា‌ជនច្រើនកុះ‌ករនាំគ្នាចូលមករកព្រះ‌អង្គ ទាំងនាំមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការជើង មនុស្សគថ្លង់ និងអ្នកមានជំងឺឯទៀតៗមកជាមួយ។ គេដាក់អ្នកទាំងនោះនៅទៀបព្រះ‌បាទាព្រះ‌អង្គ ហើយព្រះ‌អង្គប្រោសគេឲ្យបានជាទាំងអស់គ្នា។ 31 ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជើងជាដូចធម្មតា មនុស្សខ្វិនដើរបាន និងមនុស្សខ្វាក់មើលឃើញ មហា‌ជននាំគ្នាកោតស្ញប់‌ស្ញែងក្រៃ‌លែង ទាំងលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌នៃជន‌ជាតិអ៊ីស្រា‌អែលផង។

ព្រះ‌យេស៊ូប្រទាននំប៉័ងឲ្យមនុស្សបួនពាន់នាក់បរិភោគ

32 ព្រះ‌យេស៊ូត្រាស់ហៅពួកសិស្ស*មក ព្រះអង្គមានព្រះ‌បន្ទូលថា៖ «ខ្ញុំអាណិតអាសូរបណ្ដា‌ជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ ខ្ញុំមិនចង់ឲ្យគេត្រឡប់ទៅវិញ ទាំងពោះទទេឡើយ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។ 33 ពួកសិស្សទូលព្រះ‌អង្គថា៖ «នៅទីនេះស្ងាត់ណាស់ តើយើងបានម្ហូបអាហារឯណាឲ្យបណ្ដា‌ជនច្រើនយ៉ាងនេះបរិភោគគ្រាន់?»។ 34 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំ‌ពីរដុំ និងមានត្រីតូចៗខ្លះដែរ»។ 35 ព្រះ‌អង្គក៏ប្រាប់បណ្ដា‌ជនឲ្យអង្គុយផ្ទាល់នឹងដី 36 ទ្រង់យកនំប៉័ងទាំងប្រាំ‌ពីរដុំ និងត្រីមកកាន់ អរព្រះ‌គុណព្រះ‌ជាម្ចាស់ ហើយកាច់ប្រទានឲ្យពួកសិស្ស ពួកសិស្សក៏យកទៅចែកបណ្ដា‌ជន។ 37 ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា ហើយប្រមូលនំប៉័ង និងត្រីដែលនៅសល់ បានប្រាំ‌ពីរជាល។ 38 អស់អ្នកដែលបានបរិភោគមានចំនួនបួន‌ពាន់នាក់ ឥតគិតស្រីៗ និងក្មេងៗផងទេ។