ព័ត៌មានភូមិភាគកំពង់ចាម

ថ្ងៃនេះលោកបូជាចារ្យ ប្រ៊ុយណូ កូសម៍បានអញ្ជើញមកដល់ប្រទេសកម្ពុជា

នៅរសៀលថ្ងៃទី ២៦ ខែសីហា នេះ លោកបូជាចារ្យ ប្រ៊ុយណូ កូសម៍ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយបានធ្វើដំណើរទៅកាន់ព្រះសហគមន៍ ក្រុងកំពង់ចាម ដើម្បីបំពេញតួនាទីជា អ្នកគ្រប់គ្រងភូមិភាគកំពង់ចាម តាមការជ្រើសតាំងរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ដែលប្រកាសកាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៩។

តាមរយៈបទសម្ភាសន៍ជាមួយអ្នកនាំសារ លោកពុកមានប្រសាសន៍ថា លោកពិតជាសប្បាយណាស់ពេល ត្រលប់មកដល់ប្រទេសកម្ពុជា ដោយពេលនេះលោកត្រូវបំពេញតួនាទីពិសេសមួយ សម្រាប់ព្រះសហគមន៍កាតូលិកនៅកម្ពុជា គឺការទទួលខុសត្រូវជាអ្នកគ្រប់គ្រង ព្រះសហគមន៍ភូមិភាគកំពង់ចាម (Apostolic Administrator)។

លោកបានបន្តថា លោកនឹងចាប់ផ្តើមធ្វើការជាមួយ លោកអភិបាលអន់តូនីសាមី ស៊ូសៃរាជ្យ អតីតអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម រួមជាមួយលោកបូជាចារ្យភូមិភាគ និងជាមួយបងប្អូនគ្រីស្តបរិស័ទនៅភូមិភាគកំពង់ចាម។

លោកបានបន្ថែមទៀតថា ក្នុងការបំពេញតួនាទីនេះ លោកឪពុកនឹងខំប្រឹងធ្វើការឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត ដើម្បីបម្រើព្រះសហគមន៍កាតូលិករបស់ព្រះជាម្ចាស់។

សូមបញ្ជាក់បន្ថែមថា សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានជ្រើសតាំងលោកបូជាចារ្យ ប្រ៊ុយណូ កូសម៍ កាលពីថ្ងៃទី ២ ខែកក្កដា បន្ទាប់ពីលោកអភិបាលភូមិភាគ កំពង់ចាមលោកអន់តូនីសាមី ស៊ូសៃរាជ្យ បានសុំលាលែងពីមុខងារជាអភិបាលព្រះសហគមន៍៕