តបតាមការអញ្ជើញរបស់ព្រះសហគមន៍កាតូលិកភូមិភាគ ក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង លោកអូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានបញ្ជូនតំណាង មានលោកបូជាចារ្យ ដូនជី និងគ្រហស្ថ ដែលលោកបានជ្រើសតាំងជាសមាជិកគណៈកម្មការ សម្រាប់មរណសាក្សីនៅប្រទេសកម្ពុជា ចូលរួមកម្មវិធីបូជនីយចរ ជាអន្តរជាតិ នៅក្រុងសេអ៊ូល ដែលមានអ្នកចូលរួមចំនួនជាង៦០នាក់ មកពី ៩ ប្រទេស ប្រព្រឹត្តពីថ្ងៃទី១៨-២២ ខែកញ្ញាឆ្នាំ២០១៩។
ព្រះសហគមន៍កាតូលិកនៅភូមិភាគសេអ៊ូល បានរៀបចំកម្មវិធីបូជនីយចរ សម្រាប់គ្រីស្តបរិស័ទក្នុងប្រទេសរបស់ខ្លួនជាយូរឆ្នាំមកហើយ នៅតាមកន្លែងនានា នៃប្រវត្តិរបស់មរណសាក្សី ជាពិសេសកន្លែងដែលគេបានសម្លាប់សន្តបុគ្គលជាតិកូរ៉េទាំងនោះ។

នៅឆ្នាំ២០១៣ ព្រះសហគមន៍ភូមិភាគសេអ៊ូល បានបង្កើតខ្សែផ្លូវទីសក្ការដ្ឋាន “Seoul’s Catholic Pilgrimage Routs” សម្រាប់ធ្វើបូជនីយចរ ដើម្បីលើកម្ពស់ការប្រកាសដំណឹងល្អក្នុងប្រទេសកូរ៉េ ក៏ដូចជាការលើកកម្ពស់ការប្រកាសដំណឹងល្អនៅទ្វីបអាស៊ីផងដែរ។
ខ្សៃផ្លូវនេះតាមទីកន្លែងទាំងនោះមាន សក្ការដ្ឋានរបស់មរណសាក្សី សក្ការដ្ឋានជាព្រះវិហារ និងទីតាំងប្រវត្តិសាស្ត្ររបស់ព្រះសហគមន៍ មានចំណាស់ប្រមាណជា២៣០ឆ្នាំមកហើយ។ សន្តអសនៈបានទទួលស្គាល់ខ្សែផ្លូវនេះ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
តាមការរៀបរាប់របស់គណៈកម្មការរៀបចំ បានឲ្យដឹងថា ព្រះសហគមន៍ភូមិភាគសេអ៊ូលបានសន្មត់ យកខែកញ្ញា ជាខែសម្រាប់រំឭកមរណសាក្សីនៅកូរ៉េ ហើយប្រារព្ធសប្តាហ៍នៃធ្វើបូជានីយចរ។ នៅឆ្នាំ២០១៨ ក៏បានចាប់ផ្តើមកម្មវិធីបូជានីយចរ ជាអន្តរជាតិ។

លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី បូជាចារ្យ ដឹកនាំក្រុមចូលរួមក្នុងដំណើរបូជនីយចរនេះមានប្រសាសន៍ថា ដោយសារនៅប្រទេសកូរ៉េ មរណសាក្សីនីមួយៗគេសម្លាប់នៅកន្លែងណា ព្រះសហគមន៍មាន ព្រះវិហារ ឬសក្ការដ្ឋាន នៅទីនោះដើម្បីឲ្យមនុស្សទៅកន្លែងនោះអធិដ្ឋាន នឹកឃើញវីរភាពរបស់សន្តបុគ្គល និងជំរុញពង្រឹងជំនឿអ្នកធ្វើបូជានីយចរ។
លោកបន្តថា ជាពិសេសកូរ៉េមិនចង់ធ្វើតែខ្លួនឯងទេ គេបានគិតថា ព្រះសហគមន៍កូរ៉េ គួតែជាស្ពាន ដើម្បីចំលងឲ្យគ្រប់ប្រទេស នៅអាស៊ី ដែលមានមរណសាក្សីដែរ មានទំនាក់ទំងគ្នា ដើម្បីពង្រឹងអំពីការជំរុញ គ្រីស្តបរិស័ទ ឬការប្រកាសដំណឹងល្អថ្មីនេះ ឲ្យបានកាន់តែរីកចម្រើន និងល្អប្រសើរ។
អំពីគោលបំណងដែលក្រុមសមាជិកពីប្រទេសកម្ពុជាចូលរួមក្នុងដំណើរបូជាចរនេះលោកបូជាចារ្យឆត្រសិរី បញ្ជាក់ថា៖ យើងទៅដើម្បីសិក្សា និងរួមដំណើរជាមួយមរណសាក្សីនៅប្រទេសកូរ៉េដែរ។ ដំណើរនេះអាចមានប្រយោជន៍សម្រាប់អនាគត គឺរៀបចំកន្លែងបូជនីយចរ ឬសក្ការដ្ឋានរបស់ព្រះសហគមន៍នៅប្រទេសកម្ពុជា ឲ្យមានខ្សែជាប់គ្នា និងរៀបចំកម្មវិធីមួយដើម្បីឲ្យគ្រីស្តបរិស័ទ មានបូជនីយេសក៍ ទាក់ទងនឹងមរណសាក្សីបានដែរ។ ម្យ៉ាងទៀតយើងបានឃើញវីរភាពរបស់មរណសាក្សីនៅប្រទេសកូរ៉េ ដែលយើងអាចយកគំរូមករៀបចំអំពីមរណសាក្សីនៅកម្ពុជាដែរ។

បងស្រី ធារី ពីក្រុមបងស្រីឧបការគុណ ដែលបានចូលរួមក្នុងដំណើរបូជនីចរនេះបានប្រសាសន៍ថា៖ រយៈពេល៥ថ្ងៃនេះជួយឲ្យគាត់បានស្គាល់និងយល់ច្រើន ពីការសុខចិត្តបូជាជីវិតព្រោះតែជំនឿទៅលើព្រះយេស៊ូគ្រីស្តរបស់សន្តសន្តី។ បងស្រីយល់ឃើញថា គឺពិតមែន ឈាមរបស់មរណសក្សីបានបង្កើតផលផ្លែសព្វថ្ងៃនេះនៅប្រទេសកូរ៉េ។
ពេលដែលធ្វើដំណើរទៅតាមកន្លែងនីមួយៗដែលគេបានធ្វើទារុណ្ឌកម្មលើមរណសាក្សីទាំងនោះ ដូនជីរូបនេះបញ្ជាក់ថា «ខ្ញុំមានអារម្មណ៍ថា យើងជាគ្រីស្ដបរិស័ទសព្វថ្ងៃនេះកំពុងតែពួតដៃគ្នា ដើម្បីធ្វើឲ្យរស់ឡើងវិញនូវសក្ខីភាពរបស់មរណសាក្សីកាលពីជំនាន់ដើម។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់សម្រាប់បទពិសោធន៍ដ៏មានអត្ថន័យនេះ។ សូមសន្តបុគលទាំងឡាយទួលអង្វរព្រះជាម្ចាស់ឲ្យគ្រីស្តបរិស័ទនៅប្រទេសកម្ពុជា សូមឲ្យ មានជំនឿរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ដោយចេះសុខចិត្តលះបង់ជីវិតផ្ទាល់ខ្លួនដើម្បីព្រះរាជ្យរបស់ព្រះអង្គផង»។
ចំណែក យុវនារី នៅ ម៉ាលីន ជាសមាជិកចូលរួមក្នុងដំណើរបូជនីយចរនេះដែរនិយាយថា ទីកន្លែងដែលនាងចាប់អារម្មណ៍ជាងគេនោះគឺ Danggogas Martyr’s Shrine។
ម៉ាលីនបញ្ជាក់ថា ដោយសារនៅទីនោះគឺបានដឹងអំពីសាច់រឿងនៃគ្រួសាររបស់លោកឪពុក Thomas Choe Yang-eop ដែលគ្រួសារគាត់ជាគ្រួសារមួយដ៏វិសុទ្ធដែលមានជំនឿទៅលើព្រះជាម្ចាស់ជានិច្ចទោះបីជាពួកគាត់ទទួលរងនូវទុក្ខលំបាក។ លោកឪពុក Thomas Choe Yang-eop ក្លាហានក្នុងការបំពេញជំនឿរបស់គាត់ដោយបានចាកចេញពីគ្រួសារទាំងវ័យក្មេងដើម្បីទៅរៀន ហើយបានទទួលជោគជ័យដោយក្លាយជាបូជាចារ្យ។ នេះជាគំរូដ៏ល្អមួយសម្រាប់ជីវិតជាគ្រីស្តបរិស័ទ។
នៅក្នុងដំណើរបូជនីយចរនេះ តំណាងប្រទេសនីមួយៗដែលចូល មានឱកាសធ្វើបទបង្ហាញអំពី ព្រះសហគមន៍ និងមរណសាក្សីនៃប្រទេសរបស់ខ្លួនផងដែរ។ ក្នុងនោះព្រះសហគមន៍កម្ពុជា ក៏បានបង្ហាញពីព្រះសហគមន៍ និងដំណើរនៃការកសាងសំណុំឯកសារនៃមរណសាក្សីកម្ពុជា ដែលក្នុងនោះរួមមាន អំពីជិវិត លោកអភិបាល លោកបូជាចារ្យ បព្វជិត បព្វជិតា និងគ្រីស្តបរិស័ទដែលបានបូជាជីវិតក្នុងសម័យសង្គ្រាម និងវាលពិឃាត ។
គណៈកម្មការមរណសាក្សីកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដែលមានលោកអភិបាលអូលីវីយេជាប្រធាន។ លោកបូជាចារ្យឆ័ត្រសិរី មានប្រសាសន៍ថា” ជីវិត ឬវីរភាពរបស់មរណសាក្សីនៅកម្ពុជានីមួយៗជាគំរូ សម្រាប់យើងជាគ្រីស្តបរិស័ទ ដោយសារ សេចក្តីក្លាហានរបស់គាត់ ដែលសុខចិត្តលះបង់ជីវិតដោយសារជំនឿ ថ្វាយទៅព្រះជាម្ចាស់។ ពេលយើងមានទុក្ខលំបាក គំរូរបស់ពួកគេជួយយើង និងផ្តល់ឲ្យយើងមានកម្លាំង។ មួយទៀត តាមជំនឿរបស់យើង យើងជឿថា យើងមានសន្តបុគ្គល ជាមនុស្សដែលមានគុណធម៌ខ្ពស់ ជាគំរូដល់យើង នៅជាមួយព្រះជាម្ចាស់ហើយ ក៏អាចអធិដ្ឋានព្រះជាម្ចាស់សម្រាប់យើងដែរ។”
ព្រះសហគមន៍ប្រការទទួលស្គាល់មរណសាក្សី នៅប្រទេសកូរ៉េជាច្រើនរយនាក់ តាំងពីឆ្នាំ១៩៨៤ មានសន្តអន់ដ្រេគីម ដែលមានឈ្មោះល្បីល្បាញ ក្រោយមកថ្មីៗនេះក្នុងឆ្នាំ២០១៤បន្ថែមទៀត។ គ្រីស្តបរិស័ទប្រមាណជា ៨០០០នាក់ ដែលមានក្នុងបញ្ជី ត្រូវគេសម្លាប់ចោលដោយសារ តែជឿលើព្រះយេស៊ូ និងមានគ្រីស្តបរិស័ទជាច្រើនទៀតដែលសម្លាប់គ្មានកំណត់ហេតុព្រោះតែ ច្បាប់អាជ្ញា ប្រហាមុនរាយការតាមក្រោយ។ ការបៀតបៀននេះកើតឡើងក្នុង សទវត្សទី១៨ នៃរជ្ជកាល រាជវង្សចូសុន។