ព័ត៌មានភូមិភាគភ្នំពេញ

ឆ្នាំ​ដំបូង​ក្នុ​ងជីវិត​ជាដូនជី​អ្នក​ស្រ​លាញ់​ឈើ​ឆ្កាង​ព្រះ​យេ​ស៊ូ​

ដូនជីវ័យក្មេង​នៃ​ក្រុម​អ្នក​ស្រលាញ់​ឈើ​ឆ្កាង​ព្រះយេស៊ូ ចំនួន​ពីររូបបាន​ថ្វាយ​ពាក្យ​សច្ចា​របស់​ខ្លួន​បន្ត​មួយ​ឆ្នាំទៀត ក្រោយ​ពីបាន​ថ្វាយ​ពាក្យ​សច្ចា​លើក​ទីមួយ កាល​ពីឆ្នាំ​២០១៨។​ បង​ស្រីតេរេសា ចាន់ រដ្ឋា នឹងបងស្រីក្លារ៉ា ពេន ហ៊ីល បាន​ថ្វាយ​ពាក្យ​សច្ចា​របស់ខ្លួន ក្នុង​ក្រុម​គ្រួសារ​អ្នក​ស្រលាញ់​ឈើ​ឆ្កាង​ព្រះយេស៊ូ ​ក្នុង​ភូមិភាគ​កំពង់​ចាម​ នៅ​ចំពោះ​មុខ​ព្រះសហគមន៍ និងបងស្រី​ប្រធាន​ក្រុម ដែល​មាន​លោក​អភិបាល​អន់​តូនី​សាមី ស៊ូសៃរាជ ជាអធិបតី។

ក្រោយ​ពីថ្វាយ​ពាក្យ​សច្ចា​លើក​ដំបូង បង​ស្រី​ទាំង​ពីរ ត្រូវ​បាន​បង​ស្រី​ប្រ​ធាន ចាត់​ឲ្យបំពេញ​កិច្ច​ក្នុង​ព្រះសហគមន៍​ផ្សេង​ពីគ្នា គឺ បង​ស្រីក្លារ៉ា ពេន ហ៊ីល ទៅ​ព្រះសហគមន៍​ស្ទឹងត្រែង ហើយ​បងស្រី​តេរេសា ចាន់ រដ្ឋា ទៅ​ព្រះសហគមន៍​នៅ​ខេត្ត​ព្រៃវែង។

រយៈ​ពេល​មួយ​ឆ្នាំ​ក្នុង​ជីវិត​ជា​ដូន​ជីកាតូលិក បង​ស្រីក្លារ៉ា ពេន ហ៊ីល បាន​ប្រាប់​អ្នក​នាំសារ​ថា ការ​រស់​នៅ​ខាង​ក្រៅ ក្រុម​ក្នុង​នាម​ជា​បងស្រី គឺខុស​គ្នា ឆ្ងាយ​ណាស់​ពីការរៀន​ក្នុងផ្ទះ​អ្នក​បួស​នៅកំពង់ចាម។ ការជឿ​ទុកចិត្ត លើ​ព្រះជាម្ចាស់​ក៏មាន​ការ​សង្ស័យ​ច្រើនណាស់​ដែរ។ ពេល​អធិដ្ឋាន​ម្នាក់ឯង ពេល​ខ្លះ​ខកខាន​ក្នុង​ការអធិដ្ឋាន​តាម​ពេល​កំណត់ ព្រោះ​តែ​កិច្ចការ​រវល់​ច្រើន​នៅ​ក្នុងដៃ។ “ខ្ញុំមាន​អារម្មណ៍ថា អធិដ្ឋាន​ដូច​ជា​មិន​បាន​ជួប​ព្រះជាម្ចាស់​ទេ។ ស្វែង​រក​ព្រះជាម្ចាស់​ពិបាក​មែន​ទែន។ ជីវិត​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ក្នុង​មួយ​ឆ្នាំ​នេះពិបាក​បំផុត ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​ព្រះជាម្ចាស់។ ខ្ញុំមាន​អារម្មណ៍​ឯកោ​ជាមួយ​ព្រះជាម្ចាស់ “។

មិន​សូវ​ខុស​គ្នា​ពី​បង​ស្រី​ ពេន ហ៊ីល​ទេ បង​ស្រី​តេរេសា ចាន់ រដ្ឋា ក៏បាន​ប្រាប់​អ្នកនាំ​សារ​ដែរថា ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ដែល​ចេញ​បំ​ពេញ​កិច្ចការ ក្នុង​មុខ​ងារ​ជាបង​ស្រី គឺមាន​ការ​ខ្វល់​ខ្វាយ​ច្រើន​អំពី​កិច្ចការ​ត្រូវ​បំពេញ ពេល​ខ្លះ​ភ្លេច​ខ្លួន ខកខាន​អធិដ្ឋាន​តាម​ពេល​កំណត់​ដែរ។ ទោះ​ជា​យ៉ាង​នេះក្តី បង​ស្រី​តេរេសា ចាន់ រដ្ឋា បាន​និយាយ​ថា៖ “ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ស្រេច​ហើយ និង​ព្យា​យាម ទៅ​រក​ព្រះជា​ម្ចាស់។ ថ្វាយ​សេចក្តី​ទាំង​ប៉ុន្មាន​ទៅ​ព្រះជាម្ចាស់។ ជួប​ជា​មួយ​បងប្អូន”។

សព្វ​ថ្ងៃ​នេះ​បង​ស្រី ពេន ហ៊ីល រស់​នៅ​ដាច់​ឡែក​ពីក្រុម ហើយ​ខិតខំ រក្សា​ពាក្យ​សច្ចា​របស់​ខ្លួន​ដែល​បាន​ថ្វាយ​ទៅ​ព្រះជាម្ចាស់។ ពេល​មាន​ទុក្ខ​លំបាក បងស្រី បាន​គិត​ថា ព្រះជាម្ចាស់​បាន​ដាក់​វិញ្ញាសារ​ចំពោះ​ខ្លួន ហើយ​លទ្ធផល​នោះគឺ​អាស្រ័យ​លើ​ព្រះជា​ម្ចាស់។ បង​ស្រី​រូប​នេះ​បន្តថា គាត់​ខិត​ស្វែង​រក​ព្រះជាម្ចាស់ តាម​របៀប​រស់​នៅ​ប្រចាំថ្ងៃ និង​តាមរយៈ​ជីវិត​របស់​សន្ត សន្តី បុគ្គល​ដែល​ជាគំរូ​នៃ​ជំនឿ។ ប​ង​ស្រី​ហ៊ីល៖ “ខ្ញុំ​តែង​សួរ​ថា​ពួក​គាត់​ត​ស៊ូរ​បៀបណា? ខ្ញុំ​មាន​សំណួរ​បែប​នេះ​ពេល​អស់​កម្លាំង​ពីការ​ងារ​ផ្ទាល់​ខ្លួន និង​អស់​កម្លាំង​ក្នុង​ការទំនាក់​ទំនង​ជា​មួយ​ព្រះ​ជា​ម្ចាស់ “។

ជាង​នេះ​ទាំង​បងស្រី​រដ្ឋា និង​បងស្រី​ក្លារ៉ា ពេន ហ៊ីល បាន​និយាយ​ដូចគ្នា ថា”ពេលខ្ញុំ​បាន​ជួប​បងប្អូន ស្តាប់​ទុក​លំបាក​របស់​បងប្អូន​នាំ​ឲ្យ​មាន​អំណរ​សប្បាយ​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ”។ បង​ស្រី​តេរេសា ចាន់ រដ្ឋា​និយាយ​ថា ពេល​ទាក់ទង​ជា​មួយ​បងប្អូន និង​បំពេញ​កិច្ចការ​សម្រាប់​បងប្អូន នាំ​ឲ្យ​គាត់​យល់​ថា ជីវិត​មាន​តម្លៃ និង​មាន​អំណរ​សប្បាយ។ បងស្រីរដ្ឋា៖ “តាម​ជំនឿ​គឺ​យល់​ថា​ធ្វើ​កិច្ច​ការ​តូច​តាច​តែ​យល់​ថា​មាន​តម្លៃ។ អំណរ​សប្បាយ​ចេញ​ពីទុក្ខ​ផង និង​ចេញ​ពី​អំណរ​សប្បាយផង”។ បងស្រី​បន្តថា “ក្រោយ​សច្ចា​ខ្ញុំ​មាន​ជំងឺ​បេះដូង។ បង​ប្អូន​មិន​បោះចោល​ខ្ញុំ យក​ចិត្ត​ទុក​ដាក់ ធ្វើ​ឲ្យ​ខ្ញុំ​យល់ចិ​ត្តរ​បស់​បងប្អូន។ ខ្ញុំលះបង់​បន្តិច​បន្តួច​តែ​ព្រះជាម្ចាស់ ប្រទាន​ឲ្យ​ខ្ញុំ​ច្រើន​ជាង”។

ដូច​គ្នា​ដែរ​បង​ស្រី​ក្លារ៉ា ពេន ហ៊ីល និយាយថា៖”ខ្ញុំជឿថា ក្នុងទុក្ខ​លំបាក​នេះ​ព្រះយេស៊ូ​នៅ​ជាមួយ​ខ្ញុំ ដើរ​ជា​មួយ​ខ្ញុំ ដឹក​ដៃខ្ញុំ​ជានិច្ច។ ពេល​ខ្ញុំ​ជួយ​បង​ប្អូន គឺជួយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ឲ្យ​ចម្រើន​ឡើង​ក្នុង​ជំ​នឿ ស្មារតី​ឲ្យ​មំាឡើ​ង ដូច​យក​កូន​សោរ​ចាក់​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ”។  បង​ស្រី​ក្លារ៉ា ពេន ហ៊ីល បន្តថា៖ ” បម្រើ​ព្រះ​សហគមន៍​ខ្ញុំ​មាន​អំណរ​សប្បាយ​ណាស់ មាន​សុភមង្គល​ណាស់ ព្រោះ​ជាកិច្ចការ​ដែល​ខ្ញុំ​ចូល​ចិត្ត។ ខ្ញុំ​ប្រាថ្នា​បម្រើ​ព្រះយេស៊ូ ស្រលាញ់​ព្រះជាម្ចាស់ ក្នុង​គ្រប់​កិច្ចការ​ជានិច្ច”។

បង​ស្រី​ទាំងពីរ​ក៏បាន​លើកទឹកចិត្ត​យុវជន​ទាំងអស់​ដែល​រិះគិត​អំពី​ការត្រាស់​ហៅ​រ​បស់​ព្រះជាម្ចាស់ ត្រូវ​មាន​ចិត្ត​ក្លាហាន មានកម្លាំង ហ៊ាន​ឆ្លើយ​តប​ចំពោះ​ព្រះអង្គ​ ទុកចិត្ត លើ​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ស្តាប់ព្រះអង្គ បន្ទាប​ខ្លួន ទុក​ឲ្យព្រះអង្គ​ធ្វើការ​ក្នុងដួង​ចិត្តរបស់​យើង ដើម្បី​ឲ្យ​យើង​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ៕