ព័ត៌មាន

ឆ្នាំថ្មី សង្គមថ្មី

[:kh]ភ្នំពេញ៖ លោក​អភិបាល​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញបាន​អញ្ជើញ​ជាអធិបតី​នៃ​ពិធីបុណ្យ​អភិបូជាអរព្រះគុណព្រះជាម្ចាស់សម្រាប់ឆ្នាំ២០១៧និង​ដើម្បី​អបអរសាទរ​ឆ្នាំថ្មីឆ្នាំ​សកល​ ២០១៨នៅ​ព្រះវិហារ​ព្រះមាតា​នៃ​សន្តិភាព (អរិយក្សត្រ) នៅថ្ងៃ​ទី​៣០ធ្នូ២០១៧នេះដោយមានលោកបូជាចារ្យ​ និង​គ្រីស្ត​បរិស័ទ​មកពី​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​រួមជា​មួយ​​មណ្ឌលសកម្មភាព​​តាកែវ​ចូលរួមជា​ច្រើន​កុះករ។

នៅក្នុងធម្មទេសនា​នៃ​​ពិធីបុណ្យ​អភិបូជាលោក​អូលីវីយេបាន​ណែនាំ​គ្រីស្ត​បរិស័ទ​ថា នៅថ្ងៃនេះ​យើង​កំពុង​ឆ្លងឆ្នាំចាស់ទៅឆ្នាំថ្មី តែក្នុង​រដូវ​បុណ្យ​ព្រះយេស៊ូ​ប្រសូតនេះ​យើង​ស្វាគមន៍​​ព្រះកុមារយេស៊ូ​នៅក្នុង​ជីវិតថ្មី ដោយដឹងថាព្រះជាម្ចាស់​បាន​ណែនាំ​មនុស្ស​ឲ្យផ្សះ​ផ្សារ​គ្នា​​ទៅជាមនុស្សថ្មី។ លោក​បន្ត​ថា សូមអញ្ជើញបងប្អូន​អង្គុយ​នៅមុខរោងព្រះយេស៊ូ​ប្រសូត​ នោះ​បងប្អូន​នឹង​ឃើញ​សង្គមថ្មី​ដែល​ចាប់​ផ្តើម​ដោយ​ក្រុមគ្រួសារ។ លោក​អភិបាល​បញ្ជាក់ថា ក្រុមគ្រួសារសុខសាន្ត នាំឲ្យ​សង្គម​សុខសាន្ត។

នៅក្នុង​ធម្មទេសនា​នេះដែរ​ លោក​អូលីវីយេ បាន​លើក​ប្រៀបធៀប​តួអង្គទាំងឡាយ​​ក្នុង​ព្រះគម្ពីរស្តីអំពី​ព្រះយេស៊ូ​ប្រសូត ដែល​មាន​លោក​យ៉ូសែប និង​ព្រះនាង​ម៉ារី ព្រមទាំងព្រះឱរស​យេស៊ូ​ដែលជាក្រុម​គ្រួសារមួយដ៏សុខសាន្ត​ និង​ក្រុមគង្វាល​​ប្រៀបបីដូជា​ក្រុមមនុស្ស​ដែល​នៅ​ក្រៅសង្គម តែក៏ជាអ្នក​ដែល​ទទួល​បាន​ដំណឹងល្អមុនគេ។ លោកបន្ត​ថា ក្រុមហោរាចារ្យ​តំណាង​ឲ្យ​អ្នក​ដែលមាន​ឋានៈ មាន​អំណាច ដែល​មាន​របស់ថ្លៃៗមកថ្វាយបង្គំព្រះយេស៊ូ​នៅ​ក្នុង​​រោង​សត្វ​ដូចគេដូចឯង និង​​តំណាង​ឲ្យ​ប្រជាជនទាំងអស់​ដែល​មកមើល​ព្រះយេស៊ូ​ទោះបី​កាន់​សាសនាផ្សេងគ្នាក៏ដោយ ក៏​អាច​បង្កើត​ទៅជាសង្គមថ្មី​​​បាន​។

ដោយ​ផ្អែកទៅលើ​សាច់រឿងព្រះយេស៊ូ​ប្រសូតនេះ លោក​អភិបាល​បាន​ពន្យល់​ដល់​គ្រីស្ត​បរិស័ទទាំងអស់ថា សង្គមថ្មី​ដែល​ព្រះជាម្ចាស់​បាន​បង្កើតនៅយប់​បុណ្យណូអ៊ែល​​គឺ​ទទួល​ស្វា​គមន៍​​បងប្អូនទាំងអស់ដែលមាន​​ជីវិត​ដ៏ថ្លៃថ្នូរ ដោយ​មនុស្សទាំងអស់​ជាតំណាង​ព្រះជាម្ចាស់​ ជាបុត្រធីតារបស់ព្រះជាម្ចាស់។ លោក​ថា​សង្គមថ្មី​ដែលព្រះជាម្ចាស់​បាន​បង្កើត​គឺ ក្រុមគ្រួសារ​ដែល​ជា​បងប្អូន​គ្នា​ចេះ​ថ្វាយបង្គំ​ ចេះ​កោត​សរសើរព្រះជាម្ចាស់​ ចេះ​ស្វែង​រកជីវិត​ថ្មី​ដោយ​មិន​រវល់​តែអំពីលុយ​។ លោក​បញ្ជាក់​ថា សង្គមថ្មី​ដែលព្រះយេស៊ូ​បាន​បង្កើត​គឺ​ជាសង្គមមួយ​ដែល​យើង​ទាំង​អស់គ្នា​ទាំអ​ធំទាំងតូច អាច​អង្គុយ​ជាមួយ​គ្នា​បាន​​ ដែល​ជា​​និម្មិតរូប​នៃ​ប្រជាជន​គ្រប់ជាតិ​សាសន៍​ទាំងឡាយ​អាច​រួមគ្នា ចេះ​ស្តាប់គ្នា យល់ចិត្តគ្នាទៅវិញទៅមក​ ដោយ​ទទួល​តួនាទី​ដែល​យើង​មាន​នៅក្នុង​សង្គមបច្ចុប្បន្ននេះ។​

លោក​អភិបាល​ភូមិភាគ​ភ្នំពេញ​ បាន​ផ្តាំផ្ញើរដល់គ្រីស្ត​បរិស័ទ​ទាំងឡាយ​ សូមឲ្យ​ធ្វើ​ជា​មេម្សៅ​​ដើម្បី​បង្កើត​សង្គមថ្មីនេះ ដោយ​រកផ្លូវ​ដ៏សុខសាន្ត​និង​ដោយសន្តិវិធីគ្រប់ពេលវេលា។ លោក​ថា​ ទុក្ខលំបាក​នៅតែមួយរយៈខ្លីប៉ុណ្ណោះ មិនអាចឈ្នះព្រះពន្លឺបានឡើយ។

សរសេរ​ដោយ ដាលីស[:]

Leave a Reply

Your email address will not be published.