ព័ត៌មានភូមិភាគភ្នំពេញ

គ្រួសារពន្លឺមិត្តភាព៖ បើយើងចេះស្រឡាញ់គ្នាទៅវិញទៅមកណែនាំឲ្យគ្មានសង្រ្គាម

ភ្នំពេញ៖ ជារៀងរាល់មួយឆ្នាំម្តង គ្រួសារពន្លឺមិត្តភាពតែងតែប្រារព្ធបុណ្យរំឭកដល់ព្រះនាងម៉ារី។ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមគ្រួសារពន្លឺមិត្តភាពបានរៀបចំបុណ្យដើម្បីកោតសរសើរព្រះនាងម៉ារី និងអរព្រះគុណព្រះជាម្ចាស់សម្រាប់ខួប៥០ឆ្នាំ នៃបេសកកម្មគ្រួសារពន្លឺមិត្តភាព នៅភ្នំពេញ។ កម្មវិធីនេះធ្វើនៅផ្ទះគ្រួសារពន្លឺមិត្តភាព ក្នុងភូមិទំនប់ទឹក សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានលោកអភិបាល អូលីវីយេ ជាអធិបតី ព្រមទាំងមានការចូលរួម ពីសំណាក់ បព្វជិត បព្វជិតា កម្មករកម្មការីនីរោងចក្រ និងកុមារជាច្រើននាក់ផងដែរ។

សម្រាប់គ្រួសារពន្លឺមិត្តភាព ព្រះនាងម៉ារី គឺប្រៀបដូចជាក្សត្រីនិងជាម្តាយមួយរូប ដែលពួកគេពឹងផ្អែកនិងសង្ឃឹមយ៉ាងមុតមាំ និងរំឭកនឹកគុណដល់ព្រះនាងម៉ារី ដែលតែងតែធ្វើការអស្ចារ្យជាច្រើនដល់គ្រួសារពន្លឺមិត្តភាព។

លោកអភិបាលអូលីវីយេ៉ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងក្មេងៗអង្គការពន្លឺនៃសន្ថិភាព

ឱកាសនោះ លោកយាយ នីកូល ជាបេសកជនដែលបាននាំក្រុមគ្រួសារពន្លឺមិត្តភាព មកចូលមកក្នុងប្រទេសកម្ពុជា បានលើកឡើងថា ថ្ងៃនេះជាបុណ្យធំជាងថ្ងៃធម្មតា ពីព្រោះមានបុណ្យពន្លឺមិត្តភាព ខួប៥០ឆ្នាំនៅស្រុកខ្មែរ។ លោកយាយបន្តថា ក្រុមគ្រួសារពន្លឺមិត្តភាព មាននៅបារាំង នៅអាហ្វ្រិច នៅប្រេស៊ីល និងនៅស្រុកខ្មែរ យើងនៅឆ្ងាយពីគ្នា ប៉ុន្តែយើងចេះស្រឡាញ់គ្នាជាគ្រួសារតែមួយ។ លោកយាយក៏បានលើកយកពាក្យបីឃ្លាមកនិយាយ គឺទីមួយសូមអរគុណព្រះនាងម៉ារី និងសូមអរគុណបងប្អូនទាំងអស់គ្នា។ ទីពីរ មានចិត្តសប្បាយរីករាយណាស់។ លោកយាយនៅស្រុកខ្មែរយូរហើយលោកយាយស្រឡាញ់ស្រុកខ្មែរណាស់ ក្នុងចិត្តលោកយាយមានសង្ឃឹមព្រោះលោកយាយបានឃើញមានមនុស្សជាច្រើនដែលមានចិត្តល្អចេះជួយអ្នកដទៃ។ និងទីបីចេះស្រឡាញ់គ្នាទៅវិញទៅមក ចេះស្រឡាញ់ជីវិត បើមនុស្សចេះស្រឡាញ់គ្នាទៅវិញទៅមក នោះពិភពលោកយើងនឹងគ្មានសង្រ្គាមទេ ទាំងអស់គ្នាចេះជួយគ្នា។

លោកអភិបាល អូលីវីយេ បានថ្លែងថា ថ្ងៃនេះយើងសប្បាយចិត្តដោយសារយើងជួបជុំគ្នាក្នុងគ្រួសារពន្លឺមិត្តភាព។ យើងមកទីនេះយើងមិនសូវស្គាល់គ្នា តែយើងបានជួបមិត្តភក្តិថ្មី។ យើងដឹងថាព្រះនាងម៉ារី គឺជាម្តាយមួយពិសេស ដែលអាចធ្វើជាគំរូសម្រាប់ម្តាយទាំងអស់ ដោយសារព្រះនាងម៉ារីស្រឡាញ់កូន ស្រឡាញ់ប្តី មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយបងប្អូនគាត់ គាត់ជួយអ្នកភូមិដែលកំពុងពិបាកចិត្ត។ ជីវិតរបស់យើងជួនកាលពិបាក ជួនកាលល្អ ប៉ុន្តែក្នុងជីវិតយើងឲ្យយើងមានគំរូម្នាក់ ដែលណែនាំឲ្យយើងមានកម្លាំងដើម្បីធ្វើតាម។ យើងអាចទៅមុខបាន ប្រសិនបើយើងអាចថែរក្សាពន្លឺនៃមិត្តភាពនៅក្នុងចិត្តរបស់យើង ដែលណែនាំឲ្យយើងដឹងថាមនុស្សទាំងអស់ជាបងប្អូនគ្នា។

បន្ទាប់មកមានតំណាងយុវតី និងតំណាងកម្មករកម្មការីរោងចក្រ បានឡើងនិយាយអំពីការលំបាកក្នុងជីវិត និងថ្លែងអំណរគុណដល់ក្រុមគ្រួសារពន្លឺមិត្តភាពដែលបានជួយលើកទឹកចិត្ត និងដល់សេចក្តីសង្ឃឹមថ្មីនៅក្នុងជីវិតរបស់ពួកគាត់ ឲ្យរកឃើញពន្លឺថ្មីមួយដើម្បីតស៊ូរស់នៅបន្តទៀត។ ក្រោយមកមានការបង្ហោះប៉ោងប៉ោង ដែលជាសញ្ញានៃអំណរសប្បាយ ព្រមទាំងមានបរិភោគអាហារមិត្តភាពជាមួយគ្នាផង។