ព័ត៌មានភូមិភាគភ្នំពេញ

គ្រីស្ត​បរិស័ទ​នៅ​កម្ពុជា​ចូលរួម​ខួប​៥០​ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​ឫស្សីកែវ​នៅ​វៀតណាម 

លោក​បូជាចារ្យ​រឿង ឆ័ត្រ​សិរី និង​លោក​បូជាចារ្យ​ដាវីឌ រួម​ជាមួយ​គ្រីស្ត​បរិស័ទ​ពី​ភ្នំពេញ​ជាង ៦០ នាក់ បាន​ចូល​រួម​អបអរ​សាទរ​ខួប ៥០ ឆ្នាំ នៃ​ការបង្កើត​ព្រះសហគមន៍​ព្រះនាង​ម៉ារី ជា​មាតា​ព្រះជាម្ចាស់ ឫស្សីកែវ នៅភូមិ​ស៊ូយកាត ភូមិភាគ​សួងឡុក ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០២០ ក្រោម​អធិបតីភាព​លោក​អភិបាល​ស៊ូសេ ឌីង ឌុក ដាវ (Giuse Đinh Đức Đạo) ព្រម​ទាំង​បូជាចារ្យ​ជិត ២០ អង្គ និង​គ្រីស្ត​បរិស័ទ​ប្រហែល ២០០០ នាក់។

ប្រវត្តិ​ព្រះសហគមន៍​ឫស្សី​កែវ នៅ​ប្រទេស​វៀតណាម​សព្វ​ថ្ងៃ
ព្រះសហគមន៍​ឫស្សី​កែវ ជា​ព្រះសហគមន៍​ចំណាស់​មួយ​នៅ​ខណ្ឌ​ឫស្សី​កែវ នៅ​រាជធានី​ភ្នំពេញ ដែល​ធ្លាប់​មាន​ទីតាំង​នៅ​កណ្តាល​ភូមិ​សាមគ្គី​សព្វ​ថ្ងៃ​នេះ។ 

តាម​រយៈ​ការខិតខំ​ប្រកាស​ដំណឹង​ល្អ​របស់​សាសន​ទូត​ពី​ក្រុង​ប៉ារីស បាន​បង្កើត​ព្រះសហគមន៍ នៅ​តំបន់​នោះ​នៅ​ឆ្នាំ ១៨៦២ នៅ​សម័យ​លោក​អភិបាល​ហ្សង់ ខ្លូត មីស្ស (Jean-Claude Miche, 1850 –1869) ដែល​មាន​គ្រីស្ត​បរិស័ទ​ភាគច្រើន​ជា​វៀតណាម។ លោក​បូជាចារ្យ និង​គ្រីស្តបរិស័ទ​បាន​ដាំដើម​ឫស្សី​ពណ៌​បន្ថែម​ទៀត​នៅ​ក្នុង​ព្រះវិហារ។

នៅ​សម័យនោះ​អ្នក​ទទួល​មើក​ការ​ខុស​ត្រូវ​ព្រះសហគមន៍​ គឺ​ជា​លោក​បូជាចារ្យ​បរទេស​សាសនទូត ​ជាច្រើន ហើយ​មាន​គ្រីស្ត​បរិស័ទ​នៅ​ព្រះវិហារ​នេះ​ឡើង​ដល់​មួយ​ម៉ឺន​នាក់។ រហូត​ដល់​ឆ្នាំ ១៩៧០

ជន​ជាតិ​វៀតណាម​ទាំង​នោះ​ត្រូវ​បង្ខំ​ចិត្ត ឲ្យ​ចាក​ចេញ​ពី​ទឹកដី​ដែល​ពួក​គាត់​ធ្លាប់​រស់​នៅ​រាប់​រយ​ឆ្នាំ ដោយ​​បោះ​ចោល​ផ្នូរ​របស់​ជីដូន​ជីតា​ទៅ​រស់​នៅ​នៅ​ប្រទេស​វៀតណាម។ 

នៅ​ពេល​នោះ​ចាប់​ពី​ខែ​មិថុនា ដល់ ខែ​សីហា ឆ្នាំ ១៩៧០ ជន​ជាតិ​វៀតណាម​ត្រូវ​ប្រមូល​នៅ ៣ កន្លែង​ធំៗ គឺ នៅ​ព្រះវិហារ​ឫស្សី​កែវ​ចំនួន​២ម៉ឺន​នាក់ នៅ​ទេវ​វិទ្យាល័យ​ផ្សារ​តូច​១៣,០០០ នាក់ និង សាលា​រៀន​បងស្រី​ឧបការគុណ ១៦,០០០ នាក់ ហើយ​ត្រូវ​បញ្ជូន​ទៅ​វៀតណាម​វិញ។ 

ការបញ្ជូន​ជើង​ចុង​ក្រោយ​នៅ​ខែ​កញ្ញា មានប្រហែល​៣០០នាវា នាំ​ពួក​គេ​ចេញ​ទៅ​តាម​ដង​ទន្លេ​មេគង្គ ទៅ​ដាក់​នៅ ត្រា​ណោក (Trà Nóc -Cần Thơ)  និង​វាចឹម៉ើយ​ (và Chợ Mới-An Giang)។

មាន បូជាចារ្យ​ម្នាក់ ដែល​គួរ​ឲ្យ​ចង​ចាំ​គឺ លោកពុក យ៉ូអាគីម ហូ វ៉ាងឡាត (Gioakim Hồ Quang Luật) បាន​ប្រមូល​គ្រីស្ត​បរិស័ទ​ដែល​ចេញ​ពី​ខណ្ឌ​ឫស្សីកែវ ដែល​ខ្ចាត់​ខ្ចាយ​នៅ​តំបន់​ផ្សេងៗ​គ្នា ប្រហែល ២០០ គ្រួសារ មក​រស់​នៅ​ក្នុង​តំបន់​ព្រៃ​ជិត​ភ្នំ​ជឺចាន (Chứa Chan) នៅ​ភូមិភាគ​ស៊ួងឡុក ហើយ​បង្កើត​ព្រះសហគមន៍ ស៊ួយកាត​ទី ១ ដោយ​រក្សា​ឈ្មោះ “ឫស្សីកែវ” បន្ត​ជីវិត​ព្រះសហគមន៍ ដែល​មក​ពី​កម្ពុជា។ ក្រៅពី​គ្រួសារ​នីមួយៗ​ត្រូវ​តស៊ូ​តាំង​ទី​លំនៅ​ផ្ទាល់​ខ្លួន​នៅ​ទីនោះ លោកយ៉ូអាគីម បាន​ប្រមូល​គ្រីស្ត​បរិស័ទ​ជួយគ្នា​សាង​សង់​ព្រះវិហារ​ពី​ឫស្សី ប្រក​តង់​ពណ៌ខៀវ ដើម្បី​ប្រារព្ធ​បុណ្យ​ព្រះ​យេស៊ូ​ប្រសូត​​នៅ​ឆ្នាំ​១៩៧០។

ព្រះវិហារ​ទី​ពីរ សាង​សង់​ពី​ឈើ​នៅ​ឆ្នាំ ១៩៧២ ដោយ​អ្នក​ភូមិ​និង​យុវជន។ បន្តិច​ម្តងៗ ព្រះសហគមន៍​បាន​រៀប​ចំ​រចនា​សម្ពន្ធ​មាន​គណៈកម្មការ។ ចាប់​ពី​ឆ្នាំ ១៩៩៣ គណៈ​កម្មការ​បាន​រៀបចំ​ឡើង ហើយ​ទទួល​ស្គាល់​ពី​ភូមិភាគ។

លោក​ពុក​យ៉ូអាគីម បាន​ណែនាំ​ថែ​ទាំ អប់រំ​គ្រីស្ត​បរិស័ទ​ក្នុង​សភាពការ​ដ៏​លំបាក​ខាង​សេដ្ឋកិច្ច។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះវិហារ​ក្នុង​ព្រះសហគមន៍​គឺ កន្លែង​លើក​ទឹក​ចិត្ត​ពួកគេ។ លោក​យ៉ូអាគីម ទោះបី​សុខភាព​ខ្សោយ តែ​លោក​ហ៊ាន​សម្រេច​ចិត្ត​កសាង​ព្រះវិហារ​ថ្មី ដែល​ជា​ព្រះវិហារ​សព្វ​ថ្ងៃ​នេះ នៅ​ឆ្នាំ ២០០២ ហើយ​លោក​បាន​ចូល​និវត្តន៍។ 

លោក​បូជាចារ្យ​ថ្មី​ដែល​មក​បន្ត​បេស​កកម្ម​នៅ​ទីនេះ​ គឺ​លោក​ពុក យ៉ូហាន បាទីស្ត ង៉ូ វ៉ាន់ បាវ (Ngô Văn Bao) លោក​បន្ត​ជំរុញ​គ្រីស្ត​បរិស័ទ​រួម​ដៃ​គ្នា​សាង​សង់​រហូត​បាន​ចប់​សព្វ​គ្រប់។ ហើយ​បាន​សម្ពោធ នៅ​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០០៤។ លោក​ពុក​មាន​សកម្មភាព​ជាច្រើន​ទៀត ដើម្បី​ឆ្លើយ​តប​សេចក្តី​ត្រូវ​ការ​ខាង​ផ្លូវ​វិញ្ញាណ និង​ខាង​សង្គម​សម្រាប់​កូន​ក្មេង និង​អ្នក​ក្រីក្រ។

នៅ​ឆ្នាំ ២០១៣ ព្រះសហគមន៍​នេះ បាន​ប្រារព្ធ​ខួប​គម្រប់ ១៥០​ឆ្នាំ របស់​ព្រះសហគមន៍ ដែល​កកើត​ឡើង តាំង​ពី​ក្នុង​ទឹក​ដី​កម្ពុជា រហូត​ដល់​មក​តាំង​ទី​លំនៅ​ថ្មី​នៅ​វៀតណាម​នេះ។

លោក​បូជាចារ្យ ប៉ូល  សុង ថាញ់​ ហ្វុង (Dong Thành phong) ជា​អ្នក​ទទួល​ខុស​ត្រូវ​ថ្មី បាន​សហការ​ជាមួយ​គ្រីស្ត​បរិស័ទ​សាង​សង់​អាគារ​សម្រាប់​ការណែនាំ​ថែ​ទាំ​ព្រះសហគមន៍ហើយ​បាន​សម្ភោធ​នៅថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០១៧។

ថ្ងៃ​នេះ​គឺ​ទី ១ ខែ​មករា ឆ្នាំ ២០២០ រួម​ជាមួយ​ព្រះនាង​ម៉ារី ដែល​ជា​មាតា​ព្រះជាម្ចាស់ ព្រះសហគមន៍​ឫស្សី​កែវ​នេះ បាន​ប្រារព្ធ​បុណ្យ​គម្រប់​ខួប ៥០ ឆ្នាំ របស់​ព្រះសហគមន៍​នេះ​ដែល​មាន​វត្ត​មាន​នៅ​វៀតណាម ក្រោម​អធិបតីភាព​លោក​អភិបាល​ស៊ូសេ ឌីង ឌុក ដាវ (Giuse Đinh Đức Đạo) ព្រម​ទាំង​បូជាចារ្យ​ជិត ២០ អង្គ និង​គ្រីស្ត​បរិស័ទ​ប្រហែល ២០០០ នាក់។

បច្ចុប្បន្ន​នេះ ព្រះសហគមន៍ឫស្សីកែវនៅ ស៊ួយកាតទី ១ នេះ មានគ្រីស្តបរិស័ទជិត ៨០០០ នាក់ នៅភូមិស៊ួយកាត ស្រុកស៊ួនឡុក ខេត្តដងណាយ ប្រទេស​វៀតណាម៕

ដោយលោក​បូជាចារ្យ​រឿង ឆ័ត្រសិរី

This slideshow requires JavaScript.