ព័ត៌មាន

គ្រីស្តបរិស័ទ១៨និកាយទទួលអាហារសាមគ្គីរួមគ្នា ដើម្បីមិត្តភាពនិងសុខដុមនីយកម្មអន្តរនិកាយ

[:kh] 

រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សានៃក្រុជំនុំ ក្រុមប្រឹក្សា​នៃព្រះវិហារ សហគមន៍គ្រីស្តបរិស័ទ ព្រះសហគមន៍កាតូលិក និង សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចំនួន១៨ក្រុមបាន​មកជួបជុំ គ្នាទទួលអាហារសាមគ្គីរួមគ្នាដើម្បីមិត្តភាព និងសុខដុម​នីយកម្មអន្តរនិកាយ។ ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៧ នៅសណ្ឋា​គារហ្គាឌែនស៊ីធីភ្នំពេញ ក្រោមអធិបតីរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ីម ឆែម រដ្ឋមន្ត្រី​ក្រសួង​​ធម្មការ និងសាសនា។

លោកអេដវើត ​ដោវ តំណាងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ត នៃពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ក្នុងនាមអ្នករៀបចំកម្មវិធី បានថ្លែងថា លោកសូមស្វាគមន៍​ បងប្អូនទាំងអស់ ដោយរីករាយ ដែលមកជួបជុំគ្នានៅថ្ងៃនេះ​ ។ លោកក៏អរគុណ ចំពោះការគាំទ្ររបស់​ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា លើកិច្ចការនានាដើម្បីសុខដុមរមនានៅកម្ពុជា។ លោកថា​គោលបំណងនៃការជួបជុំនៅថ្ងៃនេះគឺ ​ទទួលអាហាររួមគ្នាចែករំលែកសេចក្តី​ស្រឡាញ់ ស្គាល់គ្នាកាន់តែជិតស្និទ្ធ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។​

កិច្ចសន្ទនានានាជាអន្តរនិកាយ នៃគ្រីស្តបរិស័ទនៅកម្ពុជា តែងប្រារព្ធធ្វើឡើង​ក្នុងទម្រង់ផ្សេងៗគ្នា។​​ ក្នុងនោះ ក៏មានការជួបផ្ទាល់សំណេះ សំណាល រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី​ ហ៊ីម ឆែម រដ្ឋមន្ត្រី ក្រសួង​ធម្មការ និងសាសនា បានលើកឡើងថា គ្រប់ព្រះនៃសាសនា ទាំងអស់សុទ្ធ​តែជួយឲ្យ​មនុស្សរស់នៅក្នុងសន្តិភាព សុខដុមនីយកម្ម នៅលើផែនដីនេះ។

ឯកឧត្តមបន្តថា នៅថ្ងៃនេះយើងជួបជុំគ្នានៅទីនេះមិនមែនត្រឹម​តែទទួល​ទាន​អាហារ​នោះទេ តែដើម្បីកសាង​សន្តិភាព សុខដុមនីយកម្ម តាមការប្រៀនប្រដៅរបស់ព្រះយេស៊ូ ជាព្រះរបស់បងប្អូន។ ​​ក្នុងលោកយើងនេះ មនុស្សអ្នក​ជឿ​ទាំងអស់​ស្រលាញ់សន្តិភាព​។​គ្មានអ្វីប្រសើរជាងសន្តិភាពទេ។ កម្ពុជាមានពិសោធន៍សង្គ្រាម យ៉ាងជូរចត់ហើយ។ គ្មានទេពេលវេលាជួបជុំគ្នាដូចថ្ងៃនេះ។​

ឯកឧត្តម ហ៊ីម ឆែម ក៏បានអធិដ្ឋានបួងសួង ដល់ព្រះយេស៊ូ សូមឲ្យយើងទាំង​អស់​គ្នា​​បាន​ពោរពេញដោយសន្តិភាព​។​ ចេះស្រលាញ់រាប់អានគ្នា និងរួមគ្នារក្សាសន្តិភាព និងសុខដុម​នីយកម្មនៅកម្ពុជា។​[:]

Leave a Reply

Your email address will not be published.