ព័ត៌មាន

គ្រីស្តបរិស័ទនៅកម្ពុជាអរគុណរាជរដ្ឋាភិបាល

[:kh]កំពត៖ គ្រីស្តបរិស័ទនៅកម្ពុជាអរគុណដល់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបាន ប្រគល់ព្រះវិហារ ដ៏ចំណាស់នៅឧទ្យាជាតិ ព្រះមន្នីវង្ស មកឲ្យព្រះសហគមន៍កាតូលិកនៅកម្ពុជាកាន់កាប់ និងគ្របគ្រង ប្រើប្រាស់ប្រតិបត្តិជំនឿតាមព្រះសហគមន៍កាតូលិក។

លោកបូជាចារ្យ ស្តេផាន សែ សាត បានមានប្រសាសន៍ថា លោកពិតជាមានក្តីរំភើប និងអំណរសប្បាយខ្លាំងណាស់ ពេលទទួលដំណឹងនេះ។ អរគុណរាជរដ្ឋាភិបាល ដែលបានប្រគល់វិហារនេះដល់ព្រះសហគមន៍។

អ្នកស្រី យូ ប្រាកដ ក៏បានសម្តែងក្តីរំភើប រកពាក្យថ្លែងមិនបាន ដោយគ្រាន់នឹងកដល់ព្រះបន្ទូលនានារបស់ព្រះជាម្ចាស់ និងកោតសរសេរតម្កើងព្រះជាម្ចាស់ ចំពោះអំណោយពិសេសរបស់រាជរដ្ឋាភិបាល ដល់ព្រះសហគមន៍កាតូលិក។ កិច្ចការ លោកអភិបាលមុនៗបានខិតខំ និងលោកអភិបាលអូលីវិយេបានបន្ត ពេលនេះបានផលសម្រេចហើយ។ “ខ្ញុំអស់ចិត្តហើយ! មានអំណរខ្លាំងណាស់។ ទោះបីស្លាប់ក៏បិទភ្នែកជិតដែរ”។

លោក ស្រីដាំ ប្រាជ្ញា ជាគ្រីស្តបរិស័ទជំនាន់ដើមនៃព្រះសហគមន៍កាតូលិកបាត់ដំបង ដែលធ្លាប់បានស្គាល់ និងចេញចូលអធិដ្ឋាននៅព្រះវិហារនេះ តាំងពីសង្គម បានពោឲ្យថា ពេលដែលលោកស្រីទទួលដំណឹងភ្លាមរំភើបចិត្តខ្លាំងណាស់ ស្ទើរធ្លាក់ទូរស័ព្ទពីដៃ។ លោកស្រីក៏បានចែកអំណរសប្បាយទាំងនេះជាមួយកូនចៅផងដែរ។ ពួកគេសប្បាយរួមជាមួយលោកស្រីចំពោះដំណឹងដ៏ល្អនេះ។

លោកស្រីបានបន្តថា៖ “ខ្ញុំធ្លាក់មកអធិដ្ឋាន ក្នុងព្រះវិហារនេះកាលពីប៉ន្មានឆ្នាំមុន។ ខ្ញុំស្រកទឹកភ្នែក ពេលអធិដ្ឋាន ក្នុងព្រះវិហារដែលគេបោះបង់ចោលបែបនេះ។ ពិតជាសង្វេកណាស់ ទីធ្លាប់អ៊ូរ និងពោរពេញដោយអំណរសប្បាយ ក្លាយទីស្ងាត់ជ្រងំ”។ លោកស្រីថា តែចាប់ពីពេលនេះតទៅ មានជីវិតថ្មីហើយ និងលែងស្ងាត់ទៀតហើយ។

ក្នុងក្តីរំភើប និងអំណរសប្បាយ លោកស្រីក៏បានអរគុណដល់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ ចំពោះគ្រីស្តបរិស័ទ កាតូលិក។ ជាពិសេស សម្តេចបាននាំសន្តិភាព មកឲ្យកម្ពុជា នាំសេចក្តីសុខ សេរីភាព ដល់គ្របសាសនាទាំងអស់។ លោកស្រីបន្តថា គ្រប់ពេលលោកស្រីគាំទ្រ តែគណបក្សប្រជាជន និងបានផ្តាំតកូនចៅ។ សូមអរព្រះជាម្ចាស់ដែលប្រទានមេដឹកនាំល្អដល់កម្ពុជា។

ចំណែក លោក បូ រ៉ាវុធប្រធានគណកម្មការព្រះសហគមន៍កាតូលិកបាត់ដំបង ក៏បានអរគុណដល់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ ដល់គ្រីស្តបរិស័ទកាតូលិក។ ព្រះវិហារនេះសំខាន់ណាស់សម្រាប់យើងខ្ញុំ។

មិនខុសគ្នាជាមួយបងប្អូនគ្រីស្តបរិស័ទទាំងប៉ុន្មានខាងលើ លោកដួង សាវង់ នាយកមណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា និងលោកគឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា មានតែពាក្យ អរគុណដល់រាជរដ្ឋាភិបាល ចំពោះសណ្តានចិត្ត ដ៏ប្រពៃថ្លៃថ្លា ចំពោះព្រះសហគមន៍កាតូលិក។ ការប្រគល់ព្រះវិហារនេះដល់ព្រះសហគមន៍ជាប្រវត្តិសាស្ត្រមួយរបស់ព្រះសហគមន៍នៅកម្ពុជា មិនអាចបំភ្លេចបាន។

លោកយ៉ាំង លូកា ជាមបូជាចារ្យ ទទួលខុសត្រូវព្រះសហគមន៍កាតូលិកតំបន់កំពត-កែប បានមានប្រសាសន៍ថា ថ្ងៃនេះទទួលអំណោយពិសេស ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺការប្រគល់ព្រះវិហារដ៏ចំណាស់ នៅលើកំពូលភ្នំបូកគោ ឲ្យព្រះសហគមន៍កាតូលិក គ្រប់គ្រង និងថែរក្សា។ ជាអំណរសប្បាយពិសេសដែលជួយលើកទឹកចិត្តគ្រីស្តបរិស័ទជំនានថ្មីនេះ ព្រោះ មរតកនេះ ជាសក្ខីភាពនៃជំនឿរបស់ជីដូនជីតាពីដើម ដែលបានស្រឡាញ់ព្រះជាម្ចាស់ និងបានសម្រេចចិត្តកសាងព្រះវិហារមួយយ៉ាងស្អាត នៅលើកំពូលភ្នំនេះ។ ពេលនេះយើងបានទទួលព្រះវិហារមកព្រះសហគមន៍វិញ យើងរំភើប និងអរព្រះគុណព្រះជាម្ចាស់។ ពិតប្រាកដព្រះជាម្ចាសប្រទានសេចក្តីសុខសាន្ត និងអំណរសប្បាយឲ្យយើង។

លោក អូលីវិយេ ជ្មីតអីស៊្លែរ ជាអភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ មានប្រសាសន៍ថា៖ ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា ពិតជាមានអំណរសប្បាយ មានមោទនភាព និងជាកិត្តិយសណាស់ ដែលលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់ព្រះវិហារចាស់នៅលើភ្នំបូកគោនេះដល់ព្រះសហគមន៍។ លោកអភិបាលព្រះសហគមន៍ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច តេជោ ហ៊ុន សែនជាប្រមុខ។

លោកអភិបាលក៏បន្តទៀតថា៖ កាលពីសម័យប៉ុលពត គ្មានការផ្តល់សិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិសាសនានោះឡើយ។ ទោះបីជារដ្ឋធម្មនុញ្ញនៃរាជាណាចក្រទីពីរ បានកំណត់ថាពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ ក៏រាជរដ្ឋាភិបាលផ្តល់សិទ្ធដល់សាសនាផ្សេងៗទៀតដែរ។ បច្ចុប្បន្ននេះ សាសនានីមួយៗមានសេរីភាពពេញលេញពិតមែន ទាំងព្រះពុទ្ធសាសនា ទាំងគ្រីស្តសាសនា និងទាំងឥស្លាមសាសនា។

លោកអភិបាលក៏បានលើកឡើងនូវកិច្ចខិតខំរបស់ព្រះសហគមន៍កាតូលិកក្នុងកិច្ចសន្ទនាជាមួយសាសនាធំៗពីរទៀត ខិតខំរួបរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងធម្មការនិងសាសនានានាដើម្បីថែរក្សាសុខដុមនីយកម្មសាសន៍នៅកម្ពុជា។ ជាពិសេស រួមសហកាគ្នា កសាងប្រទេសកម្ពុជាឲ្យរីកចម្រើនថែមទៀត។

ពិធីប្រគល់ និងទទួលព្រះវិហារនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូកន្លងទៅ នៅមុខព្រះវិហារចំណាស់នេះ ក្នុងមណីដ្ឋានឧទ្យានជាតិព្រះមន្នីវង្ស (បូកគោ)ក្រោមអធិបតី លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលចុះហត្ថលេខាប្រគល់ និងទទួលរវាងលោក ជា សំអាង អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន និងលោកអភិបាលអូលីវីយេ ជ្មីតហស៊្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ។ ព្រះវិហារកាតូលិកនៅលើភ្នំបូកគោនេះ បានកសាងឡើងនៅទស្សវត្សឆ្នាំ ១៩២០ ក្នុងសម័យអាណានិគមបារាំង បើគិតរហូតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាលប្រមាណជិត១០០ឆ្នាំហើយ។[:]

Leave a Reply

Your email address will not be published.