ព័ត៌មានភូមិភាគភ្នំពេញ

គ្រីស្តបរិស័ទកម្ពុជាធ្វើដំណើរទៅប្រទេសថៃដើម្បីទទួលស្វាគមន៍សម្តេចប៉ាប

គ្រីស្តបរិស័ទ១៦៥នាក់ធ្វើដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ក្នុងគោលបំណងធ្វើបូជនីយេសក៍ជួបជាមួយសម្ដេចប៉ាបហ្វ្រង់ស៊ីសកកូ ដែលជាតំណាងគ្រីស្តទូតដ៏កំពូលតាមជំនឿព្រះសហគមន៍កាតូលិក ក្រោមការដឹកនាំដោយលោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ដែលជាអគ្គលេខារបស់លោកអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ដំណើរបូជនីយេសក៍នេះធ្វើឡើងរយ:ពេល៤ថ្ងៃ៣យប់គឺចេញដំណើរពីថ្ងៃទី២០ ដល់២៣ វិច្ឆិកា ២០១៩នេះ។

គួរបញ្ជាក់ផងដែរថា សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ បានមានបន្ទូលពីដំណើរទស្សនកិច្ចរបស់លោកនេះកាលពីថ្ងៃទី១៥ វិច្ឆិកា ២០១៩ ថាលោកនឹងមានឱកាសជួបគ្រីស្តបរិស័ទកាតូលិកនៅប្រទេសថៃ ដើម្បីលើកទឹកចិត្តគ្រីស្តបរិស័ទនៅក្នុងជំនឿ និងការសហការគ្នាដើម្បីចែករំលែកឲ្យសង្គមនានា។ សម្ដេចប៉ាបក៏បានរំឭកដល់គ្រីស្តបរិស័ទជនជាតិថៃ ត្រូវបំពេញតួនាទីគាត់ដើម្បីប្រទេសជាតិរបស់ពួកគាត់ ហើយសង្ឃឹមថា នឹងជួយពង្រឹងទំនាក់ទំនងមិត្តភាព ឲ្យមានការចែករំលែកជាមួយបងប្អូន ពុទ្ធបរិស័ទ ប្រុសស្រី ព្រោះពួកគាត់ជាសាក្សីនៃភាពអត់ធ្មត់និងសាមគ្គីភាព ដែលជាអត្តសញ្ញាណ របស់ជនជាតិ ថៃយ៉ាងពិតប្រាកដ។ សម្ដេចប៉ាបក៏មានបន្ទូលបង្ហាញនូវការជឿជាក់ថា ការសួរសុខទុក្ខរបស់ពុកលើកនេះ នឹងជួយឲ្យយើង យល់ដឹងសារៈសំខាន់រឿងទំនាក់ទំនងរវាងសាសនាយ៉ាងច្បាស់លាស់ ដោយយល់ចិត្តគ្នាយ៉ាងស៊ីជម្រៅមួយទៀតគឺ សហការគ្នាជួយគ្នាទៅវិញទៅមកដូចជាបងប្អូន ជាពិសេសរឿងការបម្រើសេវាដល់ជនក្រីក្រ សម្រាប់អ្នកដែលត្រូវការជំនួយជាទីបំផុត និងធ្វើការដើម្បីសន្តិភាព។

បងប្រុស ប្រាក់ ហុង និស្សិតទេវវិទ្យាន័យបានឲ្យដឹងថា ប្រសិនបើបានជួបសម្ដេចប៉ាបខ្ញុំនឹងសូមសម្ដេចគិតពីស្ថានភាពនយោបាយនៅកម្ពុជា និងសូមលោកអធិដ្ឋានសម្រាប់ព្រះសហគមន៍ ជាពិសេសសូមឲ្យទេវវិទ្យាល័យកម្ពុជាមានភាពរីកចម្រើនដោយមានយុវជនជាច្រើនអាចឆ្លើយតបនឹងការត្រាស់ហៅជាបូជាចារ្យ។

រីឯលោក គុយ លីហៀង ក៏បានរិះគិតផងដែរថាប្រសិនបើខ្ញុំបានជួបសម្ដេចប៉ាបខ្ញុំនឹងទូលសូមលោកប្រទានព្រះពរដល់ប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលឲ្យមានសុខសន្តិភាព និងអធិដ្ឋានដល់អស់កុមារកំព្រារ អ្នកក្រីក្រខ្វះអាហារ ខ្វះសេចក្ដីស្រឡាញ់ ជាពិសេសដល់អស់វិញ្ញាណក្ខន្ធទារកដែលត្រូវឪពុកម្ដាយរំលូតចោល ព្រមទាំងអធិដ្ឋានចំពោះការបម្រែបម្រួលអាកាសធាតុនៅក្នុងពិភពលោកនេះផងដែរ។

ដោយ ដាលីស