ព័ត៌មានភូមិភាគភ្នំពេញ

គណៈកម្មការ​ពលករ​ភូមិភាគ​ភ្នំពេញ​ជួយ​ឲ្យ​កម្មករ​កម្មការិនី​ចេះ​រួម​សាមគ្គី​គ្នា

គណៈកម្មការ​ពលករ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​រៀប​ចំ​កម្មវិធី​បោះ​ជំរំ សម្រាប់​យុវកម្មករ ក្រោម​ប្រធាន​បទ «សាមគ្គីភាព និង​ភាពរុងរឿង» រយៈ​ពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី ១៣-១៥ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​លើ​ទឹក​ដី​អង្គរ​ខេត្ត​សៀមរាប ដែល​មាន​យុវកម្មករ កម្មការិនី ចំនួន​២៤​នាក់ មក​ពី​រោងចក្រ​មួយ​ចំនួន​នៅ​តំបន់ ទួល​ពង្រ ក្នុង​សង្កាត់​ចោមចៅ រោង​ចក្រ​ដំបូល​ខៀវ និង​កាណាឌីយ៉ា។

តាម​កញ្ញា ម៉ៅ ស្រីកែវ សមាជិក​គណៈកម្មការ​ពលករ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​រៀប​រាប់​ថា គោល​ដៅ​សំខាន់​ក្នុង​កម្មវិធី​បោះជំរំ​នេះ គឺ​ជួយ​ឲ្យ​យុវកម្មករ កម្មការិនី បាន​ស្គាល់​គ្នា ចេះ​សាមគ្គី​គ្នា យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​ពិសេស​នាំ​ឲ្យ​គេ​បាន​យល់ និង​ស្គាល់​នូវ​មរតក​វប្បធម៌​ដែល​ដូន​តា​បាន​បន្សល់​ទុក​មក​គឺ​ប្រាសាទ​អង្គរ​វត្ត និង​ប្រាសាទ​នានា​ដទៃ​ទៀត មាន​សំបូរ​ព្រៃ​គុក​ជា​ដើម និង​ភូមិ​វប្បធម៌ ដើម្បី​ឲ្យ​គេ​បាន​យល់​ពី​ភាព​រុង​រឿង​នៃ​វប្បធម៌​ជាតិ​យើង។  

កញ្ញា​ស្រីកែវ​បន្ត​ថា ការរួម​សាមគ្គី​គ្នា និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​សំខាន់​ណាស់​សម្រាប់​ជីវិត​រស់​នៅ​​របស់​កម្មករ ព្រោះ​ថា នៅ​កន្លែង​ធ្វើការ​បើ​កម្មករ​ចេះ​រួម​សាមគ្គី​គ្នា សហការ​គ្នា ជួយ​គ្នា​ដូច​បង​ប្អូន កិច្ច​ការ​អ្វី​ក៏​ងាយ​នឹង​ទទួល​ជោគ​ជ័យ​ដែរ។ ស្រីកែវ៖ «យើង​មាន​ល្បែង​កំសាន្ត​រិះ​គិត ដើម្បី​ឲ្យ​គេ​បាន​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត អំពី​សាមគ្គី​ភាព និង​ការសហការ​ក្នុង​កិច្ចការ​ជា​ក្រុម»។ ក្នុង​នោះ​ការស្នាក់​នៅ​គឺ​ គ្រប់​គ្នា​ត្រូវ​គេង​ក្នុង​តង់​ម្នាក់​មួយ ជួយ​គ្នា​រៀប​ចំ​តង់ និង​កិច្ចការ​ផ្សេង​ទៀត។

យុវជន រ៉ា អាយុ​២១ ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​ គាត់​សប្បាយ​រីក​រាយ ដោយ​បាន​ដើរ​កម្សាន្ត​ជុំ​គ្នា ទៅ​កន្លែង​កម្សាន្ត​ដ៏​ល្បី​នៅ​កម្ពុជា ដែល​ផ្ដល់​អារម្មណ៍​ថ្មី ផ្ដល់​ទាំង​ចំណេះ​ដឹង និង​បាន​ទាំង​កម្សាន្ត​ដែរ។ រ៉ា៖ «នេះជា​លើក​ទី​មួយ​ដែល​បាន​មក​សៀមរាប​នេះ​ ខ្ញុំ​សប្បាយ​ចិត្ត ជាពិសេស​បាន​ឃើញ​អង្គរ​វត្ត​ជា​អ្វី​ដែល​ចង់​ឃើញ​យូរ​ណាស់​ហើយ ខ្ញុំ​រំភើប​ចិត្ត​ណាស់ ពេល​ដែល​ឃើញ​ប្រាសាទ​ជាច្រីន​នោះ»។  

ចំណែក សេងសារិត អាយុ ២៧ឆ្នាំ ធ្វើ​ការ​ក្រុម​ហ៊ុន​ផ្នែក​អគ្គិសនី មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង មាន​ចំណាប់​អារម្មណ៍​ថា ក្នុង​កម្មវិធី​បោះជំរំ​នេះ ពិត​ជា​សប្បាយ​រីករាយ ដោយ​បាន​ជួប​ជុំ​មិត្ត​ភក្តិ​ទាំង​ថ្មី​និង​ចាស់ មាន​ទទួល​ចំណេះ​ដឹង​ថ្មី​ដែរ។ ក្នុង​កម្មវិធី យុវ​កម្មករ​យើង​ចេះ​ជួយ​គ្នា សហការ​គ្នា​ដោយ​រៀប​តង់​ជាមួយ​គ្នា​និង​កិច្ចការ​ផ្សេង​ទៀត​ក្នុង​កម្មវិធី។

ជា​មួយ​គ្នា​នេះ​យុវនារី ហួន អ៊ីម៉ា អាយុ ២០ឆ្នាំ ជា​កម្មការិនី មក​ពី​ខេត្ត​កំពង់ស្ពឺ បាន​និយាយ​ថា៖ «ខ្ញុំ​សូម​អរគុណ​ដល់​គណៈកម្មការ​ពលករ ដែល​បាន​ជួយ​ឲ្យ​យើង​បាន​ស្គាល់​វប្បធម៌​ជាតិ​យើង និង​កម្មករ​ទាំង​អស់​ចេះ​សាមគ្គី​គ្នា មិន​រើស​អើង ចេះ​ចែក​រំលែក​គ្នា»។

គណៈកម្មការ​ពលករ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៧ ក្នុង​បេសកកម្ម​រួម​ដំណើរ​ជាមួយ​កម្មករ ជួយ​គេ​ឲ្យ​យល់​ពី​សិទ្ធិ​ការងារ អំពី​បំណិន​ជីវិត ការថែរទាំ​សុខភាព ជួយ​គេ​ឲ្យ​ចេះ​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង​ជាដើម។

ការបោះ​ជំរំ​សម្រាប់​យុវកម្មករ​នេះ បាន​ប្រព្រឹត្ត​ទៅ​ជា​លើក​ទី​២ ដែល​លើក​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ។ នេះ​បើ​តាម​ការបញ្ជាក់​របស់ កញ្ញា​ម៉ៅ​ ស្រីកែវ។ ស្រី​កែវ​បន្ត​ថា ក្រៅ​ពី​កម្មវិធី​បោះជំរំ​រួម​គ្នា​របស់​កម្មករ គណៈកម្មការ​ពលករ​ភូមិភាគ​ភ្នំពេញ​ក៏​មាន​កម្មវិធី​ផ្សេង​ទៀត​ជាមួយ​កម្មករ​ផងដែរ​ដូច​ជា៖ មណ្ឌល​យុវពលករ ដែល​មាន​បន្ទប់​ជួល​សម្រាប់​កម្មករ​ក្នុង​តម្លៃ​សមរម្យ, មហោស្រព​សិល្បៈ​ពលករ​រួមគ្នា, ជួប​ជុំ​កម្មករ​កម្មការិនី, កម្ម​វិធី​បង្រៀន​អនក្ខរកម្ម​ដល់​កម្មករ​កម្មការិនី, ជំនួប​ទិវា​ពលកម្ម​អន្តរ​ជាតិ ​១ ឧសភា, កម្មវិធី​អធិដ្ឋាន​រួមគ្នា, សង្ខេប​ព័ត៌មាន, មាន​បណ្ណាល័យ​សម្រាប់​កម្មករ​កម្មការិនី និង​កូនៗ​របស់​គេ​អាន​សៀវភៅ, ផ្សព្វផ្សាយ​ឯកសារ​សុខភាព​កម្មករ​ជា​ដើម៕

ដោយ​លី សុវណ្ណា