កំរងរូបភាពព័ត៌មានភូមិភាគកំពង់ចាម

គង្វាល​ថ្មី​នៃ​ព្រះសហគមន៍ភូមិភាគ​កំពង់ចាម

សំឡេង​ចម្រៀង​តម្កើង​ព្រះជាម្ចាស់​បាន​បន្លឺ​ឡើង​រងំ​នៅ​ចំហៀង​ឆាក​មួយ​ដ៏​ធំ​ដែល​មាន​ក្រាល​កម្រាល​ព្រំពណ៌​ក្រហម​ឆ្អៅ មាន​សរសេរ​ឃ្លា​នៅ​លើ​ជញ្ជាំង​ថា “សូម​អញ្ជើញ​មក​តាម​ខ្ញុំ” ដោយ​មាន​ក្បួន​ដង្ហែ​នៃ​របាំក្ងោក បន្ទាប់​មក​មាន​ឈើ​ឆ្កាង​នាំ​មុខ​ក្រុម​បូជាចារ្យ​ជិត​៥០​អង្គ លោក​អភិបាល លោក​អគ្គរាជ​ទូត និង​លោក​កាឌី​ណាល់ តម្រង់​មក​កាន់​ឆាក​ដែល​ជា​អាសនៈ​ប្រារព្ធ​ពិធី។

គ្រីស្តបរិស័ទ​ប្រមាណជា​​ជាង​១០០០​នាក់​នាំគ្នា​ក្រោក​ឈរ​ដើម្បី​ទទួល​ក្បួន ព្រម​ទាំង​ច្រៀង​ចម្រៀង​ថ្វាយ​ព្រះជាម្ចាស់​ផង  ក្នុង​កម្មវិធី​តាំង​តំណែង​លោក​ប៊្រុយណូ កូសម៍​ជា​អភិបាល​ព្រះសហគមន៍​ភូមិភាគ​កំពង់​ចាម នា​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ព្រះសហគមន៍​កំពង់​ចាម​ក្រុង។

ក្រោយ​ពី​សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ ទទួល​យក​ពាក្យ​ស្នើ​សុំ​លាលែង​ពី​មុខងារ​របស់​លោក​អន់តូនីសាមី ស៊ូសៃរាជ្យ ជា​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​កំពង់ចាម ដែល​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៩។ ក្រសួង​ប្រកាសដំណឹងល្អ​ បាន​ជ្រើស​តាំង​លោក​បូជាចារ្យ ប្រ៊ុយណូ កូសម៍ ជា​អភិបាល (Apostolic Administrator “vacant sede and ad nutum Sanctae Sedis”) ព្រះសហគមន៍​ភូមិភាគ​កំពង់ចាម  បន្ត​ពី​លោក​អភិបាល​អន់តូនី​ដែល​ចុះ​ផ្សាយ​កាល​ពីថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ​២០១៩ ដោយ​លោកកាឌីណាល់ ហ្វីឡូនៀ។

ក្នុងពិធី​ប្រគល់​មុខ​ងារ​នេះ លោក​អគ្គរាជទូត​ ប៉ូល ឆាង អ៊ីណាំ​បាន​អញ្ជើញ​លោក​ប៊្រុយណូ កូសម៍​បង្ហាញ​ខ្លួន និង​អះអាង​នូវ​សេចក្តីជំនឿ​របស់​លោក ព្រម​ទាំង​ពាក្យ​​សន្យា​​គោរព​និង​មើល​ថែរ​រក្សា​ហ្វូង​ចៀម​របស់​ព្រះយេស៊ូ​ដោយមានការ​គាំ​ទ្រ​ពី​​សន្ត​អាសនៈ។

បន្ទាប់​មក​​ លោកអគ្គរាជទូត​បាន​ប្រគល់​ជូន​លោក​អភិបាល​ថ្មី​នូវ​ខ្សែក​ឈើ​ឆ្កាង​ ដែល​មានន័យ​រំលឹក​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះយេស៊ូ​​ដែល​បូជា​ជីវិត​ ជា​គង្វាល​ដ៏​ល្អ​ប្រកប​ដោយ​គុណធម៌​ មេត្តាករុណា​និ​ប្រណីសន្តោស។ ចិញ្ចៀន ជា​និមិត្តរូប​នៃ​ចិត្ត​ភក្តី ដើម្បី​រក្សា​ទុក​ជំនឿ​របស់​ព្រះសហគមន៍​ដែល​ជា​ព្រះមហេសី​របស់​ព្រះគ្រីស្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។ និង​មួក គឺ​ការ​បំភ្លឺ​ដោយ​ព្រះវិញ្ញាណ និង​មាន​ជោគ​ជ័យ​ត្រចះ​ត្រចង់​នៅ​ថ្ងៃដែល​ព្រះគង្វាល​ដ៏​ប្រពៃ​យាង​មក។

លោកអភិបាល​ប៊្រុយណូ កូសម៍ មាន​ប្រសាសន៍​ថា «បេសកកម្មមួយ​ថ្មី និងធ្ងន់​ដែរ»។ លោក​បាន​បញ្ជាក់​ថា កិច្ច​ការ​ងារ​ពីមុន​គឺ​លោក​បម្រើ​ត្រឹម​ព្រះសហគមន៍ ប៉ុន្តែ​ពេលនេះ គឺ​មាន​រហូត​ដល់​ភូមិភាគ​មួយ ដែលមាន​ព្រះសហគមន៍ច្រើន ទាំង​បូជាចារ្យ បងស្រី និង​មានទំនាក់ទំនង​ជាមួយប្រទេស​ឡាវផងដែរ «អីចឹង សូម​អធិដ្ឋានសម្រាប់​​ខ្ញុំដែរ»។​

លោក​​អភិបាលប៊្រុយណូ ​ក៏ត្រូវ​បាន​ជ្រើស​តាំង​ជា​អនុប្រធាន​នៃ​​សភា​លោក​អភិបាល​​ឡាវ-កម្ពុជាដែលមាន​លោកកាឌីណាល់​ម៉ារី លីង ជាប្រធាន ក្នុង​អណត្តិ៥ឆ្នាំផងដែរ។

លោក​អភិបាល​បន្ត​ថា ក្នុង​មុខ​ងារ​ថ្មី​នេះ លោក​នឹង​ជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទ​ ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់ឲ្យ​កាន់តែ​ប្រសើ​រឡើង​ថែម​ទៀត។ «អីចឹង​ អានេះ​តាម​ខ្ញុំ​ ​ត្រូវ​រិះ​គិត​បន្ថែម​ទៀត។ យើង​ធ្វើ​សាក្សី​របស់​ព្រះយេស៊ូ​តាម​របៀប​ណា? មិន​ត្រឹម​តែ​អភិបូជា​ថ្ងៃអាទិត្យ​ចប់​ប៉ុណ្ណោះទេ» លោកអភិបា​ល​បន្ថែម។

បងស្រី​សួន ប៊ុនថារីន ដូនជីនៃក្រុម​ស្រឡាញ់​ឈើ​ឆ្កាង​ព្រះយេស៊ូ​​មាន​ប្រសាសន៍​ថា «គាត់​(លោកប៊្រុយណូ)២៥​ឆ្នាំ​រស់នៅ​ស្រុក​ខ្មែរ ​ដូច​ជា​ជន​ជាតិ​ខ្មែរ​ម្នាក់»។ បងស្រី​បន្ថែម​ថា លោកអភិបាល​ហាក់​ដូចជា​​បារម្ភ​ច្រើន​ ព្រោះ​គាត់​​អត់​ទាន់​ស្គាល់​កន្លែ​ងនេះ ភូមិភាគ​នេះច្បាស់នៅ​ឡើយ។ តែ​ទោះ​បី​ជា​យ៉ាងណា បងស្រី បន្តថា ក្នុង​នាម​ជា​ «បងស្រី​ភូមិភាគ​កំពង់ចាម ដូច្នេះ​ យើង​ធ្វើ​ការ​សហការជាមួយ​លោកអភិបាល​ភូមិភាគ និង​បូជាចារ្យនៅ​ភូមិភាគនេះ ហើយ​យើង​គាំទ្រ​លោកអភិបាល​គ្រប់​ជំហាន ចង់​ពង្រីកព្រះសហគមន៍ អ្វីៗ​ផ្សេងៗ គម្រោងការ​របស់​ព្រះជាម្ចាស់ ដូច្នេះ​យើង​ចូលរួមជាមួយ​លោកអភិបាល​យ៉ាង​កក់​ក្តៅ​បំផុត»។

លោក​ប្រាក់​ ប៊ុនហុង ជានិស្សិត​ទេវវិទ្យាល័យ​ សន្តយ៉ូហាន ម៉ារី​វីយ៉ាណែរ​ ដែល​មកពី​ព្រះសហគមន៍​ប៊ូស្រា មាន​ប្រសាសន៍​ថា «ខ្ញុំនឹង​ចូលរួម​អធិដ្ឋាន​សម្រាប់​មុខ​ងារ​របស់​គាត់នេះ ដើម្បី​ឲ្យ​ភូមិភាគ​កំពង់ចាម​រីក​ចម្រើន​ទៅ​មុខ​។ សូម​ព្រះជាម្ចាស់​បន្ថែម​កម្លាំង​កាយ​ចិត្ត​សម្រាប់​គាត់ មាន​កម្លាំង​ដើម្បីណែនាំ​ព្រះសហគមន៍​ភូមិភាគកំពង់ចាម និង​កន្លែង​ផ្សេងៗដែរ»។ 

លោក​ថុន រិទ្ធី មកពី​ព្រះសហគមន៍​ក្តុលលើ កំពុងឈ្វេង​យល់​អំពី ជីវិត​ជា​បូជាចារ្យ នៅ​ក្នុងទេវវិទ្យាល័យ​មាន​ប្រសាសន៍​សំណូម​ពរ​ដល់​លោកអភិបាល​ថ្មី​ «ដើរ​ឲ្យ​ខ្លាំង​ ដើម្បី​ឲ្យ​ព្រះសហគមន៍​កំពង់ចាម រីក​ចម្រើន​កាន់​តែ​ខ្លាំង​ ហើយ​ឲ្យ​មាន​សកម្មភាព​យ៉ាង​ច្រើន​នៅ​ក្នុង​ព្រះសហគមន៍​កំពង់ចាម​យើង​នេះ។ សូម​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ គង់​សណ្ឋិត​លើ​លោកអភិបាល​ថ្មី​ ដែល​គាត់​ជា​អ្ន​កទទួល​ខុស​ត្រូវ ជា​អ្នក​បំពេញ​ភារកិច្ច​សំខាន់​ក្នុង​ព្រះសហគមន៍កំពង់ចាម»។

លោក​បូជាចារ្យ ប៊្រុយណូ កូសម៍​ប្រសូត នៅ​ថ្ងៃ​ទី ៣ ខែ​ធ្នូ ឆ្នាំ​១៩៦២ នៅ​ប្រទេស​បារំាង។ លោក​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​បូជាចារ្យ នៅ​ថ្ងៃ​ទី​ ៣ ខែ​កក្កដា ឆ្នាំ ១៩៩៤  ក្នុងក្រុម​សាសនទូត​នាទីក្រុង​ប៉ារីស (MEP)។ 

លោក​សិក្សា​នៅ​ទេវ​វិទ្យាល័យ ( French Pontifical Seminary ) នៃ​ទីក្រុង​រ៉ូម ហើយក្នុង​ឆ្នាំ​១៩៨៩-១៩៩៥ ​លោក​រៀន​​ទេវវិទ្យា (Dogmatic Theology) ពី​សាកលវិទ្យាល័យ the Pontifical Gregorian university នៅក្រុង​រ៉ូម ​ប្រទេស​អ៊ីតាលី។

លោក​បូជាចារ្យ ប្រ៊ុយណូ ត្រូវ​បាន​ចាត់​ឲ្យ​មក​បំពេញ​បេសកកម្ម​បម្រើ​នៅ​ប្រទេស​កម្ពុជា ក្នុង​​ឆ្នាំ​១៩៩៥។ រយៈពេល​បី​ឆ្នាំ​ លោក​សិក្សា​ភាសា​ខ្មែរ នៅ​ភ្នំពេញ និង នៅ​ស្វាយ​ស៊ី​សូផុន (ខេត្ត​បន្ទាយ​មានជ័យ)។ ពី​ឆ្នាំ ១៩៩៨ – ២០១០ លោក​ជា​សាស្ត្រាចារ្យ និង​ជា​នាយក​ទេវវិទ្យាល័យ សន្ត យ៉ូហានម៉ារីវីយ៉ាណែ នៅ​ភ្នំពេញ។

ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០០៧ លោក​ក៏​បាន​បំពេញ​មុខងារ ជា​តំណាង​ពេញ​សិទ្ធិ​របស់​លោក​អភិបាល ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ។ ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ​២០១៥ លោក​ជា​បូជាចារ្យ​ទទួល​ខុសត្រូវ​នៅ​ព្រះវិហារ​សន្ត​យ៉ូសែប ផ្សារតូច​ភ្នំពេញ ព្រម​ទាំង​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​នៃ​ព្រះសហគមន៍ភូមិភាគ​ភ្នំពេញ។

ក្នុង​ឆ្នាំ​២០១៥ – ២០១៦ លោក​បាន​ចូល​រួម​ទទួល​បទពិសោធ​នៅ​អារាម បព្វជិត បេណេឌីកតាំង​នៅមៃលីស ​ប្រទេស​បារំាង។ ចាប់​តាំង​ពី​ឆ្នាំ​២០១៦-២០១៩ លោក​ជាសមាជិក​ទីប្រឹក្សា​នៃ​ក្រុម​សាសនទូត​ក្រៅប្រទេស​នា​ក្រុង​ប៉ារីស ជាពិសេស​លោក​​ទទួល​ខុស​ត្រូវ​លើ​ការ​សិក្សា​របស់​និស្សិត​ទេវវិទ្យាល័យ៕

This slideshow requires JavaScript.