ព័ត៌មាន

ខួប៥ឆ្នាំនៃមណ្ឌលយុវពលករភូមិភាគភ្នំពេញ

[:kh]

ភ្នំពេញ៖ ការិយាល័យគណៈកម្មការពលករ នៃ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរៀបចំខួប៥ឆ្នាំនៃការបង្កើតឲ្យមានមណ្ឌលយុវពលករ ដើម្បីជួលកន្លែងស្នាក់នៅដល់យុវជនយុវនារីដែលមកធ្វើការនៅភ្នំពេញ និងជាកន្លែងសម្រាប់កម្មករ កម្មការិនីមកជួបជុំពិភាក្សាលើប្រធានបទនានារៀងរាល់ខែ។ កម្មវិធីខួប៥ឆ្នាំនេះបានធ្វើឡើងមណ្ឌលយុវពលករក្នុងសង្កាត់ទួលពង្រ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ដោយមានកម្មករ កម្មការិនីដែលតែងតែមកជួបជុំនៅទីនេះ រួមជាមួយអតីតយុវកម្មករចូលរួមផងដែរ កាលពីថ្ងៃទី២៦ សីហា ២០១៨នេះ។

កម្មវិធីនេះបានបង្ហាញដល់អ្នកចូលរួមទាំងអស់អំពីប្រវត្តិ និងរូបថតអនុស្សាវរីយ៍រយៈពេលប្រាំឆ្នាំកន្លងមក ព្រមទាំងរិះគិតជាក្រុមអំពីបន្ទប់ជួលដែលមានលក្ខណៈស្តង់ដានាពេលអនាគតតាមក្តីស្រមៃរៀងៗខ្លួន ដើម្បីកែលម្អរបន្ទប់ជួលនៃមណ្ឌលយុវពលករផងដែរ។

លោកបូជាចារ្យដែលផ្តួចផ្តើមគំនិតឲ្យមានមណ្ឌលយុវពលករ ព្យែរ៍ ឡូរ៉ង់ (សិលា) មានប្រសាសន៍ថា មូលហេតដែលបើកឲ្យមានមណ្ឌលនេះគឺដើម្បីឲ្យមនុស្សមួយចំនួនមានកន្លែងរស់នៅប្រសើរជាង ដោយចេះរស់នៅជាមួយអ្នកដដទៃបន្តិចម្តងៗ។ លោកបន្តថា មណ្ឌលនេះមិនមែនជាផ្ទះដ៏អស្ចារ្យទេ តែសំខានជាងនេះគឺចេះរស់នៅជាមួយអ្នកដទៃដោយមានទំនាក់ទំនងជាមិត្តភាព។

លោកបូជាចារ្យ បញ្ជាក់ទៀតថា ទស្សនវិស័យដើម្បីបង្កើតឲ្យមានមណ្ឌលនេះគឺ ឃើញអ្នកទាំងអស់គ្នាជាមនុស្សដ៏មានតម្លៃ ហើយព្រះយេស៊ូដែលពួកយើងជឿទុកចិត្ត ព្រះអង្គក៏ស្រឡាញ់មនុស្សទាំងឡាយដែរ ហើយនៅទីនេះខ្ញុំចាប់អារម្មណ៍ថាមានយុវកម្មករខ្លះៗអាចរស់នៅដោយខ្លួនឯងបាន ក៏ប៉ុន្តែបន្ទប់ដែលពួកគាត់រស់នៅមិនសូវមានអនាម័យនោះទេ។ លោកបន្ថែមថា ឥលូវនេះមណ្ឌលនេះគឺសម្រាប់ជួលឲ្យអ្នកទាំងអស់គ្នា មិនមែនគិតថាអ្នកទាំងអស់គ្នាមកពីណា ក្រឬមាននោះទេ តែសម្រាប់ទាំងអស់គ្នា និងសូមប្រើមណ្ឌលនេះដោយមានអំណរសប្បាយ ចេះទទួលខុសត្រូវ និងមានមិត្តភាពរវាងគ្នានិងគ្នា។ លោកក៏មានសំណូមពរសម្រាប់ពេលអនាគតថា សូមបង្កើតសកម្មភាពខ្លះៗដែលអ្នកទាំងអស់គ្នាចង់ធ្វើ ដើម្បីឲ្យម្នាក់ៗរកឃើញកន្លែងដែលខ្លួនចង់នៅក្នុងជីវិត ព្រោះអ្នកទាំងអស់គ្នាជាម្ចាស់កម្ពុជា។

រីឯ លោក យ៉ាន ដឺហ្វុង ជាអ្នកសម្របសម្រួលនៅក្នុងមណ្ឌលយុវពលករក៏ដូចជាគណៈកម្មការពលករនៃព្រះសហគមន៍ភូមិភាគភ្នំពេញ បានមានប្រសាសន៍ថា ព្រះសហគមន៍អាចមានមោទកភាពនឹងមណ្ឌលយុវពលករនេះ ដោយសារជាមណ្ឌលសម្រាប់យុវពលករជាគំរូ ដែលខុសពីផ្ទះជួល ដោយមិនមែនជួលដម្បីចំណេញលុយទេ តែដើម្បីសម្រួលលើបន្ទុកចំណាយរបស់ពលករដែលមិនមែនជាកូនជ្រូកសន្សំលុយសម្រាប់ម្ចាស់ផ្ទះជួល។ លោកបន្តថា នៅទីនេះយើងជួយឲ្យពួកគាត់មានកន្លែងស្នាក់នៅសមរម្យ ដែលមានទាំងកម្មវិធីកំសាន្ត កីឡាផងដែរ។ លោកថា សម្រាប់អ្នកដែលមកជួលនៅទីនេះមានបទបញ្ជាផ្ទៃក្នុងដែលជាវិន័យច្បាស់លាស់ ដើម្បីជួយដោះស្រាយបញ្ហាខ្លះដោយចេះទទួលខុសត្រូវក្នុងការងារសម្អាតប្រចាំថ្ងៃ។

          កញ្ញា ឈួន សុភាព មកពីខេត្តកំពត បានមកស្នាក់នៅមណ្ឌលយុវពលករ ដើម្បីធ្វើការនៅក្រុមហ៊ុន កូមិនខ្មែរ ខាងផ្នែកសម្រង់តម្លៃ បាននិយាយថា ក្រោយពីមិត្តម្ានក់បានប្រាប់អំពីមណ្ឌលក៏បានដាក់ពាក្យមកស្នាក់នៅទីនេះពីរឆ្នាំមកហើយ។ យុវនារី២៣ឆ្នាំបានបន្តថា ការរស់នៅទីនេះបានផ្តល់នូវភាពកក់ក្តៅ ដោយយើងរស់នៅជាក្រុមដូចបងប្អូនគ្នាទោះបីយើងមកពីខេត្តផ្សេងគ្នា មកពីគ្រួសារផ្សេងៗគ្នា តែយើងមកទីនេះដោយមានញាំអាហារ និងមានពលកម្មរួមគ្នាហាក់បីដូចជាបងប្អូនគ្នា។ សុភាព ថា ការរស់នៅជុំគ្នានេះជួយឲ្យយល់ដឹងពីអ្នកដទៃ បានរៀនចេះយកចិត្តគេដាក់ក្នុងចិត្តយើងដើម្បីឈ្វេងយល់ពីអ្នកដទៃបានច្រើនជាងមុន។

          មណ្ឌលយុវពលករ មានបន្ទប់សម្រាប់ជួលចំនួន៦បន្ទប់ មានផ្ទះបាយរួមហើយយុវពលករដែលចូលមកជួលកន្លែងស្នាក់នៅទីនេះ តម្រូវឲ្យមានការដាក់ពាក្យជាមុន (រីឯកម្មកររោងចក្រមានអាទិភាព) មានទឹកចិត្តចង់រស់នៅជាក្រុមដើម្បីបង្កើតបរិយាកាសមិត្តភាព និងសន្តិភាព។ ចំពោះថ្លៃចំណាយអ្នកជួលត្រូវបង់ថ្លៃបន្ទប់ចំនួនបួនម៉ឺនរៀលក្នុងមួយនាក់ ក៏ប៉ុន្តែបើសរុបទាំងថ្លៃអ៊ីនធឺណែត និងទឹកភ្លើង ត្រូវចំណាយប្រហែលជាមួយនាក់ប្រាំម៉ឺនរៀលប៉ុណ្ណោះ។

តាមប្រសាសន៍របស់លោកយ៉ានបញ្ជាក់ថា បច្ចុប្បន្នមណ្ឌលនេះមានអ្នកជួលសរុប១១នាក់ ហើយអាចទទួលបន្ថែមចំនួន៤នាក់ទៀតផងដែរ។

[:]

Leave a Reply

Your email address will not be published.