ព័ត៌មាន

ខួប២៥ឆ្នាំ​នៃបេសកកម្មជាបងប្រុស​ក្នុង​ក្រុមគ្រួសារមេត្តាករុណា

[:kh]

ភ្នំពេញ៖ បងប្រុស​ពីររូប​នៃក្រុមគ្រួសារ​​មេត្តាករុណា គឺ បងប្រុស ហាម៉ាន់ Br. Herman Soreng MC និង បងប្រុស យ៉ូទី Br.JyotiNinj MCបាន​ប្រកាស​ពាក្យសច្ចារបស់ខ្លួន​សារជាថ្មី ក្នុង​ឱកាស​ខួប​២៥ឆ្នាំ​នៅក្នុង​បេសកកម្មជាបងប្រុស​នៃក្រុមគ្រួសារ​បងប្រុសមេត្តាករុណា នៅ​គ្រឺះស្ថាន​បងប្រុស​មេត្តាករុណា ក្នុង​សង្កាត់ពងទឹក ខណ្ឌសង្កោ រាជធានៅភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ឧសភា ២០១៨កន្លងទៅនេះ ដោយ​មាន​លោក​ អូលីវីយេ ជ្មីតអីស្ល៊ែរ ជាអធិបតី និងមាន​តំណាងគ្រីស្ត​បរិស័ទចូលរួម​ផងដែរ។

បងប្រុស​ទាំងពីរ​បាន​ឡើង​អុជទៀន​ចំនួន​២៥ដើម ដែល​តំណាង​ឲ្យរយៈពេល​នៃ​​បេសកកម្មរបស់​បងប្រុស​ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​អភិបូជា​ លើកតម្កើងសិរីរី​រុងរឿង​ និងអរព្រះគុណ​ព្រះជាម្ចាស់។

ឆ្លៀតក្នុងឱកាសនេះ​ លោក​អភិបាល អូលីវីយេ បាន​មានប្រសាសន៍​ផ្តាំផ្ញើនៅក្នុងធម្មទេសនា​នៃពិធីបុណ្យ​អភិបូជា សម្រាប់​ខួប​២៥​ឆ្នាំ​នេះ​ថា អ្នកមានក្តី អ្នកក្រក្តីតែងតែចង់បានក្តីសុខ តែខុសគ្នាត្រង់មធ្យោបាយដែលជ្រើសរើសក្នុងជីវិត។ លោកបន្តថា ថ្ងៃនេះយើងឃើញថាបងប្រុសមានផ្លូវមួយដែលនាំឲ្យជីវិតមានក្តីសុខ

លោកអូលីវីយេ ក៏បានលើកអំពីគំរូនៃជីវិតរបស់ព្រះសហគមន៍ដើមដំបូង ដែលគ្រីស្តបរិស័ទសម័យដើម គេប្រមូលគ្រប់ទ្រព្យសម្បត្តិដែលគេមាន មដាក់ជាសម្បត្តិរួមដើម្បីចែករំលែកឲ្យអ្នកដែលខ្វះខាតអាចចិញ្ចឹមជីវិតបាន។

លោកអភិបាលបន្ថែមទៀតថា ថ្ងៃនេះយើងមានគំរូពិសេសសម្រាប់យើងគឺបងប្រុសបានស្ម័គ្រចិត្តធ្វើជាបព្វជិត ដោយមានគោលបំណងតែមួយ ដើម្បីស្វែងរកសុភមង្គល គឺព្រះជាម្ចាស់។លោកថា ជីវិតរបស់យើងមិនអាចមានសុភមង្គលត្រឹមតែទ្រព្យសម្បត្តិលោកីយ៍តែប៉ុណ្ណោះ តែមានសុភមង្គលនៅពេលដែលយើងបានរកឃើញអត្ថន័យនៃជីវិត គឺលែងមានចិត្តអាត្មានិយមដែលនាំឲ្យអ្នកដទៃមានសុភមង្គល។ លោកអូលីវីយេ បញ្ជាក់ថា សេចក្តីស្រឡាញ់ជាផ្លូវដើម្បីនាំឲ្យមនុស្សមានសុភមង្គលនិងរកឃើញព្រះជាម្ចាស់។

ក្រុមគ្រួសារបងប្រុសមេត្តករុណា គឺជាបព្វជិតកាតូលិក បានបង្កើតឡើងក្នុងឆ្នាំ ១៩៦៣ ដោយអ្នកម្តាយ តេរេសា នៃក្រុងកាល់គូថា បន្ទាប់ពីអ្នកម្តាយបានបង្កើតក្រុមដូនជីន មេត្តាករុណា ក្នុងឆ្នាំ ១៩៥០​។ ក្រុមគ្រួសារបងប្រុស រស់តាមផ្លូវវិញ្ញាណនៃអ្នកម្តាយតេរេសានៃក្រុងកាល់គូថា ប្រទេសឥណ្ឌ។  សមាជិកទាំងអស់ប្រកាសពាក្យសច្ចាដោយប្រកាន់យកជិវិត៖ រស់ជាអ្នកក្រីក្រ កាន់ព្រហ្មចារីធម៌ ការស្តាប់បង្គាប់ និង បម្រើអស់ពីដួងចិត្ត និងឥតគិតថ្លៃ ចំពោះអ្នកក្រីក្របំផុត។

បងប្រុស​ យ៉ូទី (ពន្លឺ) បាន​ឲ្យ​ដឹង​តាមរយៈ​បទសម្ភាសអំពីបទពិសោធន៍នៃ​អំណរសប្បាយ​​​​ដែល​បាន ​សច្ចាជាបងប្រុស​នៅក្នុង​ក្រុមគ្រួសារ​មេត្តាករុណារយៈពេល​២៥ឆ្នាំ​នេះគឺ​ការជួយ​អ្នកក្រីក្ររស់នៅជាមួយអ្នកក្រីក្រដែល​ជាអំណរសប្បាយជាងគេនៅក្នុងជីវិត។​

បងប្រុស​ ហាម៉ាន់ និងបងប្រុស យ៉ទី បានថ្វាយពាក្យសច្ចា​ក្នុង​ក្រុម​គ្រួសារ​មេត្តា​ករុណា​ នៅ​ឆ្នាំ​១៩៩៣ នៅប្រទេសឥណ្ឌា ដែល​មាន​បេក្ខជន​ចំនួន៥នាក់ ក៏ប៉ុន្តែ​បច្ចុប្បន្ននៅសល់តែ​បងប្រុស​ចំនួន២រូបនេះដែល​នៅបន្ត​ថ្វាយពាក្យ​សច្ចាក្នុងជីវិតជាបព្វជិត។​

ឆ្នាំ១៩៨៩ បងប្រុស​ទាំងពីរបាន​ចូល​នៅក្នុង​ក្រុមគ្រួសារ​មេត្តាករុណា​តាម​ជីវិត​ផ្លូវវិញ្ញាណ​របស់​អ្នកម្តាយ​តេរេសា (សន្តី តេរេសា​ នៅ​កាល់គូថា) ប្រទេសឥណ្ឌា។

ក្រុម​បងប្រុស​មេត្តាករុណា បាន​ចូលមក​ក្នុង​ប្រទេស​កម្ពុជា​រយៈ១២​ឆ្នាំមកហើយ ដើម្បី​បម្រើព្រះសហគមន៍ បម្រើ​អ្នកក្រីក្រ នៅប្រទេសកម្ពុជា។ ចំណែកបងប្រុស​ទាំងពីររូបខាងលើ​វិញ នេះ​ជាឆ្នាំ​ទី៧ ដែល​ពួកគាត់​បាន​មកបំពេញបេសកកម្ម​នៅប្រទេសកម្ពុជា​ដោយ​បងប្រុស​បាន​ចូលរួម​សកម្មភាព​ជាច្រើន​នៅក្នុងសង្គម ដូចជាជួយ​អ្នកក្រីក្រ​​ឲ្យមានអំណរសប្បាយសួរសុខទុក្ខលើក​​ទឹកចិត្តអ្នកអស់សង្ឃឹម និងចែកអំណោយដល់អ្នកក្រីក្រ សួរសុខទុក្ខថែទាំអ្នក​ជំងឺនិងចែកថ្នាំដល់អ្នកជំងឺ ជួយឲ្យកុមារកំព្រាទទួលបានការសិក្សា ជាពិសេសទៅសួរសុខទុក្ខជនជាប់ឃុំឃាំងជារៀងរាល់​​ពីរសប្តាហ៍ម្តង ដើម្បីបង្ហាញពីវត្តមានរបស់ព្រះយេស៊ូ និងវត្តមានរបស់​ព្រះជាម្ចាស់​ដល់បងប្អូនឯទៀត ព្រោះព្រះជាម្ចាស់ជា សេចក្តីស្រឡាញ់​។

[:]

Leave a Reply

Your email address will not be published.